កំពូលអ្នកប្រយុទ្ធក្នុងទ្រុងកីឡាករ Khabib Nurmagomedov បាននិយាយថា គាត់មិនញញើតចំពោះការប្រកួតជាមួយស្ដេចប្រដាល់របស់សហរដ្ឋអាមេរិកកីឡាករ Floyd Mayweather នោះទេ ដោយបានដាក់លក្ខខណ្ឌ ថាគាត់ចង់វាយជាមួយ ​Floyd ចំនួន១២ទឹក ក្នុងនោះ១១ទឹកគឺវាយប្រដាល់សកល ចំណែកឯ១ទឹកចុងក្រោយគឺវាយលក្ខណៈ MMA។

Floyd វ័យ៤៣ឆ្នាំ ធ្លាប់ផ្ដួលជើងខ្លាំងប្រចាំស្ថាប័ន ​UFC ម្នាក់រួចទៅហើយគឺកីឡាករ Conor McGregor ដែលជាការប្រកួតលក្ខណៈប្រដាល់សកល កាលពីខែមិថុនា ឆ្នាំ២០១៧។ ហើយកាលពីខែមុន អ្នកប្រដាល់សញ្ជាតិអាមេរិកបានបោះសម្ដីថា ចង់ប្រកួតជាមួយនឹង ​McGregor ម្ដងទៀត រួមជាមួយនឹងជើងខ្លាំង Khabib ក្នុងថ្ងៃតែមួយតែម្ដង។

ឆ្លើយតបទៅនឹងពាក្យសម្ដីរបស់ Floyd អ្នកប្រដាល់ MMA កីឡាករ Khabib បាននិយាយក្នុងកម្មវិធី TMZ Sports យ៉ាងដូច្នេះថា៖

Floyd ធ្វើបែបនេះ គ្រាន់តែចង់បានការទាក់ទាញនៅលើប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ។ បើតាមដឹងគាត់ដូចជាមានអាយុ ៤៨-៤៩ ឆ្នាំទៅហើយ ណាមួយវ័យរបស់គាត់សឹងតែធ្វើជាឪពុករបស់ខ្ញុំបាន ដូច្នេះវាពិតជាពិបានស្រមៃណាស់នៅពេលខ្ញុំដាល់មុខរបស់គាត់។

កីឡាករ Khabib បន្ថែមទៀតថា៖​ ប្រសិនបើគាត់ចង់ប្រកួត ឲ្យគាត់មក ​UFC មក។ កន្លែងនេះទើបជាកន្លែងវាយគ្នាពិតប្រាកដ ព្រោះខ្ញុំមិនមែនជាកីឡាករប្រដាល់សកល ហើយក៏មិនមែនជាអ្នកបោកចំបាប់ដែរ ខ្ញុំគឺជាអ្នកប្រយុទ្ធ MMA។ ដូច្នេះប្រសិនបើគាត់ចាប់អារម្មណ៍ ពួកយើងអាចធ្វើកាប្រកួតបាន ដោយវាយសកល១១ទឹក និង១ទឹកទៀត វាយ MMA ហើយបើគាត់យលព្រមលក្ខណ្ឌ​នេះ ខ្ញុំនឹងធ្វើការប្រកួត៕