វីរបុរស Sam-A Gaiyanghadao បានបង្កើតប្រវត្តិសាស្ត្រថ្មីកាលថ្ងៃសុក្រទី ២៨ កុម្ភៈ ពេលគ្រងខ្សែក្រវាត់ទី២ ONE Strawweight Muay Thai World Champion ដែលគេដាក់សម្ពោធឲ្យដណ្ដើមលើកដំបូង។ កីឡាករជើងចាស់ថៃរូបនេះបង្ហាញក្បាច់ដ៏អស្ចារ្យពេលយកឈ្នះ Rocky Ogden។

វីរបុរសរបស់ថៃពិតជាល្អខ្លាំងណាស់ដោយអាចបំបាក់យុវជនពេញកម្លាំងមកពីអូស្ត្រាលីក្នុងនាមជាគូឯករងនៅក្នុងកម្មវិធី ONE: KING OF THE JUNGLE នាសង្វៀន Singapore Indoor Stadium នៅប្រទេសសិង្ហបុរី។

Ogden ចាប់ផ្ដើមការប្រកួតដោយភាពគឃ្លើន ប៉ុន្តែ Sam-A បានតបតវិញដោយការប្រើកែងយ៉ាងធ្ងន់ៗ។ ជាមួយគ្នានោះ Sam-A ក៏បានទាត់លឿនៗចំដងខ្លួនទៀតផងពេលគូប្រជែងចូលមកចម្ងាយជិត។ យុវជនអូស្ត្រាលីធ្វើបានល្អនៅទឹកទី២ ពេលរូបគេវ៉ៃចេញកម្លាំងដៃខ្លាំងៗ ប៉ុន្តែ Sam-A ក៏មិនរាថយដែរ។ កីឡាករខ្មែរសុរិន្ទមកពីក្លិប Evolve ដែលមានមូលដ្ឋាននៅសិង្ហបុរីតែងតែទាត់ជើងពេលគូបដិបក្ខចូលមកក្បែរ។ Sam-A បានបញ្ចេញក្បាច់បន្តបន្ទាប់ដោយការចាប់អុក ក៏ដូចជាការទាត់ខ្ពស់ៗទៅកាន់ក្បាលរបស់ Ogden ផងដែរ។

Sam-A នៅតែបន្តវាយបកវិញបានល្អពេលយុវជនវ័យក្មេងហ៊ានឈានជើងដើរចូលសំដៅមករកខ្លួន។ មុនពេលបញ្ចប់ទឹកទី២ Sam-A អាចវ៉ៃចេញទាំងព្រមពោលដៃផងជើងផងរួមទាំងការទាត់ជើងក្រោយ វ៉ៃកែង និង អុកជង្គង់បានល្អ។

បុរសមកពីបុរីរ៉ាំ កាន់តែកើនកម្ដៅនៅទឹកទី៣ដោយឈរវ៉ៃនៅកណ្ដាលរេញតែម្ដង និងទាត់ចេញរន្ទះជើងលើកីឡាករមកពីក្លិប Boonchu Gym យ៉ាងសន្ធឹកសន្ទាប់។ នៅទឹកបន្ទាប់ Ogden លែងសូវហ៊ានខ្លាំងដូចលើកមុន ប៉ុន្តែបែរជាតបតមួយៗវិញ បូករួមទាំងការចាប់ និងការទាត់ចំដងខ្លួន ហើយក៏បម្លាស់ទីរកចំណុចសំខាន់ដាក់កីឡាករថៃដែរ។

នៅទឹកចុងក្រោយ Ogden បានដឹងថាត្រូវតែសម្រុកដើម្បីយកឈ្នះ និងបានស្វែងរកការវ៉ៃចេញកណ្ដាប់ដៃស្ដាំ។ ប៉ុន្តែការប៉ុនប៉ងនោះត្រូវបាន Sam-A វាយឆ្មក់ចូលមុខ និង ងាករកចន្លោះប្រហោងស៊កចំគោលដៃបានល្អទៅវិញ។ បន្ទាប់ការប្រកួត៥ទឹកដ៏រំភើប ចៅក្រមមិនអល់អែកសម្រាប់ការដាក់ពិន្ទុឲ្យ Sam-A នោះឡើយ។ Sam-A ឈ្នះ Ogden ដោយពិន្ទុជាឯកច្ឆន្ទ និងឈ្នះខ្សែក្រវាត់ ONE Strawweight Muay Thai World Champion បន្ថែមពីលើខ្សែក្រវាត់ ONE Strawweight Kickboxing World Championship ដែលកំពុងកាន់ក្នុងដៃស្រាប់។ ដូច្នេះ Sam-A ក្លាយជាកីឡាករប្រវត្តិសាស្ត្រល្អបំផុតរបស់ ONE Championship ដែលអាចកាន់ខ្សែក្រវាត់ពីរក្នុងប្រភេទទម្ងន់ផ្សេងគ្នា។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនាការប្រកួតក្នុងកម្មវិធី ONE: HEART OF HEROS នៅសុក្រទី ២០ ខែ មីនា ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៥:៣០ ល្ងាចតទៅនៅ ប្រទេសវៀតណាម ដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី