ONE Championship បានរៀបចំព្រឹត្តិការណ៍ដំបូងរបស់ខ្លួនដែលមិនមានអ្នកគាំទ្រចូលរួមទស្សនា កាលថ្ងៃទី ២៨ ខែកុម្ភៈ កន្លងទៅក្រោយផ្ទុះមេរោគ Covid-19 ដោយមានគូខ្លាំងៗចំនួន១១គូ។ ការរៀបចំនេះត្រូវបានគេដាក់ឈ្មោះថា ONE: KING OF THE JUNGLE ដែលធ្វើឡើងនៅសង្វៀន Singapore Indoor Stadium នៃប្រទេសសិង្ហបុរី។ សកម្មភាពប្រកួតនេះមានរឿងជាច្រើនដែលមិនអាចបំភ្លេចបាន។ ក្នុងកម្មវិធីនោះមានគូដណ្ដើមខ្សែក្រវាត់ ONE Super Series World Championship ដែលស្ដែងឲ្យម្ចាស់ខ្សែក្រវាត់ថ្មីចំនួនពីររូប។ នេះជាតារាជើងខ្លាំងចំនួន៥គូដែលទទួលការចាប់អារម្មណ៍ខ្លាំងបំផុត។

#1 Todd ធ្វើឲ្យ Stamp ខកចិត្តខ្លាំងក្នុងការប្រកួតគូឯក

Janet Todd ឬ គេស្គាល់ថា “JT” បានក្លាយជាម្ចាស់ខ្សែក្រវាត់ថ្មី ONE Atomweight Kickboxing World Champion ក្រោយឈ្នះពិន្ទុលើម្ចាស់ខ្សែក្រវាត់ Stamp Fairtex។ ស៊ុបពើស្ដាររបស់ថៃតែងតែប្រើកម្លាំងកាយចិត្តដើម្បីដណ្ដើមជ័យជម្នះ និង ខិតខំយ៉ាងខ្លាំងដើម្បីការពារខ្សែក្រវាត់។ យ៉ាងណាក្ដី ជំនួបលើកទី២ ទល់នឹង Todd ធ្វើឲ្យកីឡាការិនីកូនកាត់ជប៉ុនអាមេរិកទទួលបានពិន្ទុគ្រប់គ្រាន់ដើម្បីឈ្នះម្ចាស់ខ្សែក្រវាត់ដោយពិន្ទុមិនឯកច្ឆន្ទ។ Todd ធ្វើបានល្អ និង មានល្បឿនប្រសើរឡើងពេលសងសឹកទល់នឹង Stamp សាជាថ្មីនេះ។ កីឡាការិនីអាមេរិកបានដាក់ផែនការដ៏ល្អជាពិសេសការម៉ាត់ និងការទាត់ខ្ពស់ៗចូលគោលដៅចំៗ។ Stamp មានកម្លាំងល្អ អមដោយការចេញក្បាច់ដៃជើងព្រមគ្នា។ បែបណាក្ដី ចៅក្រមពីររូបបានផ្ដល់ពិន្ទុឲ្យ JT ឈ្នះខ្សែក្រវាត់លំដាប់ពិភពលោកលើកដំបូង និងបញ្ចប់ការគ្រងខ្សែក្រវាត់ Kickboxing របស់ Stamp។

#2 Sam-A បង្ហាញក្បាច់ល្អឯក

Sam-A Gaiyanghadao បានបង្កើតប្រវត្តិសាស្ត្រថ្មីនៅសង្វៀន ONE Championship ដោយឈ្នះខ្សែក្រវាត់ទី២។ កីឡាករវ័យ៣៦ ឆ្នាំ Sam-A ទទួលបានការចាប់អារម្មណ៍បំផុតពេលផ្ដួលកីឡាករវ័យ២០ ឆ្នាំមកពីអូស្ត្រាលី Rocky Ogdenហើយគ្រងខ្សែក្រវាត់ ONE Strawweight Muay Thai World Title ពេលកម្មវិធីសម្ពោធដាក់ឲ្យប្រជែងលើកដំបូង។ យុវជនវ័យក្មេងមកពីអូស្ត្រាលី មិនមានភាពភ័យខ្លាចនោះឡើយទោះប៉ះជើងខ្លាំងសំបូរបទពិសោធន៍ និង មិនញញើតចំពោះកណ្ដាប់ដៃរហ័សនិងការទាត់ចេញរបស់ Sam-A ផងដែរ។ ល្បឿន និង ជំនាញពិតជាខុសគ្នា។ យ៉ាងណាក្ដី ចៅក្រមទាំងបី ផ្ដល់ពិន្ទុដល់ Sam-A ឈ្នះការប្រកួតនេះក្រោយការប្រកួតស្វិតស្វាញ៥ទឹកពេញ។ បើថ្លែងអំពីបទពិសោធន៍វិញ វីរបុរសរបស់ថៃមានកំណត់ត្រាប្រកួតរហូតដល់ជាង ៤០០ លើកក្នុងពិភពក្បាច់គុនមួយថៃ និងច្រើនជាងគូប្រកួតវ័យក្មេងរហូតដល់ជាង ១០ដងឯណោះ។ Ogden ចូលចិត្តវាយចេញដៃឆ្វេងប៉ុន្តែកីឡាករមកពីបូរីរ៉ាំ ចូលចិត្តប្រើដៃឆ្វេង និងទាត់ជើងក្រោមញឹកញាប់។ ប៉ុន្តែការចេញស្នៀតចំគោលដៅ គឺ បានលើ Sam-A និង ឈ្នះពិន្ទុជាឯកច្ឆន្ទ។ ឥឡូវនេះ Sam-A គ្រងខ្សែក្រវាត់ដល់ពីរ គឺ ONE Strawweight Muay Thai និង Kickboxing World Champion.

#3 Eto បញ្ចប់ Khan ត្រឹម៩៩វិនាទីសឹងមិនគួរឲ្យជឿ

Kimihiro Eto បង្កើតកំណត់ត្រាមួយគួរឲ្យភ្ញាក់ផ្អើលពោលប្រើពេលត្រឹម ៩៩ វិនាទីប៉ុណ្ណោះដើម្បីបញ្ចប់វីរបុរសសិង្ហបុរី Amir Khan ឲ្យចុះចាញ់។ អ្នកជំនាញចាប់មកពីជប៉ុនបានចូលចាប់វាយបកផ្ដួលភ្លាមៗ ប៉ុន្តែអតីតដៃគូឡាំគ្នាកន្លងទៅប្រើវិធីការពារបានល្អ និង ធ្វើឲ្យរូបគេខ្ទាតទៅខ្សែរេញ។ Eto បានបង្វែរខ្លួនត្រលប់វាយបកយ៉ាងលឿនដោយផ្ទប់កីឡាករសិង្ហបុរីទៅនឹងសង្វៀន ហើយស្វែងរកក្បាច់ពិសេសដើម្បីផ្ដាច់គូប្រជែងតែម្ដង។ Khan បានប្រើក្បាច់ការពារ និងគេចខ្លួន ប៉ុន្តែបែរចូលពីក្រោយខ្នង ដែលនាំឲ្យកីឡាករមកពីតូក្យូគាបពីលើ។ Eto បានគាបកក្រោមចង្កាពីលើយ៉ាងមានប្រសិទ្ធភាព និង នាំឲ្យកីឡាករមកពី Evolve មិនអាចរើរួចរហូតដល់អាជ្ញាកណ្ដាលបញ្ឈប់តែម្ដង។

#4 Akiyama ប្រើកណ្ដាប់ដៃថ្ពក់ដ៏អស្ចារ្យ

កីឡាករជើងចាស់គុនចម្រុះកូនកាត់កូរ៉េ-ជប៉ុនវ័យ៤៤ឆ្នាំ Yoshihiro Akiyama ឬ រហស្សនាម “Sexy Yama” បានប្រើកម្លាំងរបស់ខ្លួនផ្ដួល Sherif Mohamed ឬ “The Shark” ឲ្យសន្លប់នៅទឹកទី១មិនដល់៣នាទីស្រួលបួលនោះទេ។ ស្នូរជួងចាប់ផ្ដើម Mohamed បានរុញច្រាននិងម៉ាត់ឆ្វេងស្ដាំឲ្យ Akiyama ខ្ទាតទៅខ្សែរេញ។ យ៉ាងណាក្ដី Akiyama បានប្រើភាពវៃឆ្លាតដើម្បីបង្កើតចលនារើបម្រាស់ ហើយគេចចេញពីការម៉ាត់ច្រើនដៃរបស់ Mohamed។ មុនពេលបញ្ចប់ទឹកទី១ Akiyama បានប្រើបច្ចេកទេសវាយថ្ពក់ដៃស្ដាំលើ Mohamed ឲ្យដួលក្រោយបញ្ឆោតគូប្រកួតឲ្យចូល និង ហក់ទៅម៉ាត់ថែមទៀតមុនពេលអាជ្ញាកណ្ដាលចូលឃាត់។ មួយដៃដំបូងគឺជាកម្លាំងមហាសាលមិននឹកស្មានដែលធ្វើឲ្យកីឡាករអេហ្សីប វង្វេងសឹងមិនបាច់ថែមក៏បាន។ ទីបំផុត កីឡាករជើងចាស់មកពីជប៉ុនឈ្នះនៅសង្វៀន ONE លើកដំបូងបន្ទាប់ឡើងសង្វៀនអន្តរជាតិមួយបានពីរលើក(ចាញ់១ឈ្នះ១)។

#5 Teo ផ្ដួលដៃគូនៅទឹកទី៣

Tiffany Teo ឬ គេស្គាល់ថា “No Chill” បានប្រឹងយ៉ាងខ្លាំងទល់នឹងកីឡាការិនីជំនាញចំបាប់ជប៉ុន Ayaka Miura រហូតដល់ទឹកទី៣តាមរយៈការផ្ដួលឲ្យសន្លប់ និងទទួលបានកៅអីដើម្បីដណ្ដើមខ្សែក្រវាត់ ONE Women’s Strawweight World Championship នាពេលខាងមុខ។ កីឡាការិនីមកពី Team Highlight Reel បានខំគេចពីការឃ្លេក្បាច់ដៃ និងក្បាច់ចាប់នៅទឹកទី១។

ហើយបន្ទាប់មកទៀត No Chill មានថាមពលកាន់តែខ្លាំងឡើងនៅក្នុងពីរទឹកចុងក្រោយ។ កីឡាការិនីសិង្ហបុរីអាចទប់ពីការប៉ងផ្ដួលរបស់ Miura និងប្រើកណ្ដាប់ដៃព្រមទាំងទាត់សំដៅក្បាលគូប្រជែងទៀតផង។ ហើយក៏អាចទប់គូបដិបក្ខកុំឲ្យចូលផ្ដេសផ្ដាសដែរ។ រហូតដល់ទឹកចុងក្រោយ នៅពេលកីឡាការិនីមកពីតូក្យូ ចង់ចូលចាប់ Teo ក៏បានការពារយ៉ាងស្រួល។ នៅពេល Miura ចូលចាប់ជើងមួយ ស្រាប់តែកីឡាការិនីសិង្ហបុរីនៅពីលើ និង ប្រើកណ្ដាប់ដៃធ្ងន់ៗជាច្រើនដៃបូកទាំងកែងទៅកាន់ដងខ្លួនផង។ ទីបំផុតអាជ្ញាកណ្ដាលចូលបញ្ឈប់ការប្រកួតមុនពេលទឹកចុងក្រោយនៅសល់ត្រឹម ១៥ វិនាទី។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនាការប្រកួតក្នុងកម្មវិធី ONE: HEART OF HEROS នៅសុក្រទី ២០ ខែ មីនា ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៥:៣០ ល្ងាចតទៅនៅ ប្រទេសវៀតណាម ដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី