វីរនារី Miesha Tate អតីតម្ចាស់ខ្សែក្រវាត់ UFC women’s bantamweight Champion និងបច្ចុប្បន្នជាអនុប្រធាន ONE Championship រួមដំណើរជាមួយម្ចាស់ខ្សែក្រវាត់ ONE Heavyweight World Champion កីឡាករ Brandon Vera ឬ រហស្សនាមថា “The Truth” បានចំណាយពេលធ្វើទស្សនកិច្ចមូលដ្ឋានកងទ័ពអាមេរិក នៅមូលដ្ឋានទ័ពអាកាស Andersen ឬ Andersen Air Force Base នាកោះហ្គាម (Guam)។

ទស្សនកិច្ចនេះបានកើតឡើងបន្ទាប់ពីមានការសម្របសម្រួលពីអង្គភាព United Service Organizations (USO) ដែលអនុញ្ញាតឲ្យអនុប្រធាន ONE និងតារាឆ្នើមចូលរួមក្នុងសកម្មភាពជាច្រើននៅទីនោះជាមួយសមាជិករបស់ USO និង ទាហាន។

ទាំង Tate និង Vera ត្រូវបានគេទទួលស្គាល់ថាជាទូតសុច្ឆន្ទៈក្នុងពិភពកីឡាគុនចម្រុះ និង តែងតែចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗ។ «ដំណើរទស្សនកិច្ចនេះពិតជាពិសេសណាស់។ យើងស្រលាញ់ការធ្វើសកម្មភាពរួមគ្នាជាមួយកងទ័ព។ វាពិតវាពិតល្អមែនទែនពេលបានឃើញមុខពួកគេទោះបីមិនបានស្នាក់នៅយូរ។ ហើយពួកគេបានលះបង់អ្វីគ្រប់យ៉ាងក្នុងជីវិត។ ខ្ញុំបានទៅមើលនាវាមុជទឹកដែលធ្វើឲ្យខ្ញុំរំភើប។ ខ្ញុំពិតជាសម្ដែងការគោរពដល់ពួកគេ។ ពួកគេបានស្នាក់នៅទីនោះដើម្បីការពារប្រទេសជាតិ។ វាពិតជារឿងអស្ចារ្យ»។ Tate បានថ្លែងបែបនេះ។

អ្នកទាំងពីរខាងលើបានធ្វើដំណើរទៅមូលដ្ឋានទ័ពអាកាស និង មូលដ្ឋានទ័ពជើងទឹកនៅ Andersen ហើយក៏បានជួបទាហាននិងបុគ្គលិកជាច្រើន បានថតរូបជុំគ្នា ញុំាអាហាររួមគ្នា និង ទៅលេងឆ្នេរសមុទ្រជុំគ្នាទៀតផង។

Tate គូសបញ្ជាក់ថា ៖«វាជាលើកទី១របស់ខ្ញុំនៅកោះហ្គាម។ ដូច្នេះវាជាបទពិសោធន៍ថ្មី។ ខ្ញុំស្រលាញ់ទស្សនកិច្ចនេះ។ ខ្ញុំចង់ត្រលប់ទៅវិញម្ដងទៀត។ ខ្ញុំស្រលាញ់ការជួបកងទ័ពនិងបង្ហាញការគោរពដល់ពួកគេអស់ពីបេះដូង។ សូមអរគុណគ្រប់យ៉ាងសម្រាប់ការទទួលរាក់ទាក់។ នោះជាថ្ងៃដ៏មានន័យបំផុត។ ពួកគេមានឆន្ទៈលះបង់គ្រប់យ៉ាងដើម្បីប្រទេសជាតិនិង រស់នៅដោយពេញចិត្តនៅទីនោះ»។

ចំណែក Vera បានរំលឹកអំពីរឿងពីអតីតកាលថា រូបគេបានរស់នៅកោះហ្គាមរយៈពេល៤ឆ្នាំ ហើយ មូលដ្ឋានកងទ័ពអាមេរិកនេះ គឺដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួន។
ម្ចាស់ខ្សែក្រវាត់កម្រិតពិភពលោក Vera បានសង្កត់ធ្ងន់ ៖«ខ្ញុំមិនចង់និយាយអ្វីច្រើនទេ តែខ្ញុំបានរស់នៅទីនេះ៤ឆ្នាំ។ បើសិនអ្នកដឹងរឿងនេះ អ្នកច្បាស់ជាយំមិនខានព្រោះវាជាក្ដីស្រលាញ់ និងគ្រួសារ និង ទំនាក់ទំនង រួមទាំងការជួយគ្នាទៀតផង»។

Vera ក៏ធ្លាប់បម្រើកងទ័ពអាកាសអាមេរិកពីឆ្នាំ ១៩៩៧ ដល់ ១៩៩៩ ផងដែរ។ បន្ទាប់មក បុរសវ័យ៤២ឆ្នាំរូបនេះក៏បានចូលរួមក្រុមកីឡាចំបាប់មួយ និង ហ្វឹកហាត់នៅ មជ្ឈមណ្ឌលអូឡាំពិករបស់អាមេរិកនារដ្ឋ Colorado។ ប៉ុន្មានឆ្នាំក្រោយមក រូបគេបង្ហាញខ្លួនក្នុងពិភពគុនចម្រុះ និងកសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺដល់សព្វថ្ងៃ។

គួរដឹងថានាពេលបច្ចុប្បន្ននេះ Vera កូនកាត់អាមេរិក-ហ្វីលីពីនគឺជាម្ចាស់ខ្សែក្រវាត់ ONE Heavyweight World Title និង គ្រងខ្សែក្រវាត់មួយនេះបានយូរជាងគេសម្រាប់ស្ថាប័ន ONE Championship។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនាការប្រកួតក្នុងកម្មវិធី ONE: HEART OF HEROS នៅសុក្រទី ២០ ខែ មីនា ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៥:៣០ ល្ងាចតទៅនៅ ប្រទេសវៀតណាម ដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី