វីរបុរស Sam-A Gaiyanghadao បានបង្កើតកំណត់ត្រាថ្មីពេលឈ្នះខ្សែក្រវាត់ ONE Strawweight Muay Thai World Title កាលថ្ងៃទី ២៨ ខែ កុម្ភៈ កន្លងទៅនៅក្នុងកម្មវិធី ONE: KING OF THE JUNGLE នាប្រទេសសិង្ហបុរី។ Rocky Ogden មិនសូវចេញអាវុធបានច្រើនទេពេលតតាំងនឹងម្ចាស់ក្បាច់មួយថៃហើយតារាថៃរូបនេះក៏បានបង្ហាញក្បាច់ដ៏ទាក់ទាញទាំងការការពារ និង ការវាយបកវិញក្នុងនាមជាគូឯករងក្នុងកម្មវិធី។ នេះជាលើកទី៣ដែល Sam-A បានឈ្នះខ្សែក្រវាត់នៅ ONE Championship ប៉ុន្តែរបូតទៅវិញមួយ។ Sam-A បានក្លាយជាកីឡាករទី១ក្នុងប្រវត្តិសាស្ត្រដោយឈ្នះខ្សែក្រវាត់ World Champion ក្នុងពីរស្ថាប័នផ្សេងគ្នាបន្ទាប់ពីឈ្នះខ្សែក្រវាត់ ONE Strawweight Kickboxing World Title កាលខែធ្នូ។

«ខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់ដែលឈ្នះខ្សែក្រវាត់ Muay Thai World Title។ វាជាកីឡារបស់ជាតិ។ ជ័យជម្នះនេះធ្វើឲ្យខ្ញុំបង្កើតភាពល្បីល្បាញនៅប្រទេសថៃ និងខ្លួនខ្ញុំផ្ទាល់»។ Sam-A បានថ្លែងបែបនេះ។

បុរសវ័យ៣៦ឆ្នាំរូបនេះធ្វើបានយ៉ាងល្អដែលបង្ហាញឲ្យគ្រប់គ្នាថារូបគេពិតជាមានបទពិសោធន៍បន្ទាប់ពីប្រឡូកក្នុងអាជីពនេះជាង ២០ ឆ្នាំ។ Sam-A បញ្ជាក់ ៖«ខ្ញុំមានអារម្មណ៍ល្អប្រសើរក្នុងការប្រកួតនេះ។ ខ្ញុំនៅតែអាចវ៉ៃបានល្អរយៈពេល ៥ ទឹក។ ខ្ញុំដាក់ផែនការបានល្អ និងខ្ញុំអាចចេញដៃផងជើងផង។ ខ្ញុំស្ទាបស្ទង់បន្តិចនៅទឹកទី១ហើយខ្ញុំវ៉ៃមិនប្រញាប់ឡើយ»។

វិធីសាស្ត្ររបស់ Sam-A គឺការពារនិងវាយបកបានធ្វើឲ្យអ្នកគាំទ្រជក់ចិត្តមែនទែន។ កូនសិស្សមកពី Evolve បានចេញដៃជើងចំគោលដៅបានល្អនិងលឿនទៀតផង។

«នៅទឹកទី២ ខ្ញុំព្យាយាមបម្លាស់ទី។ ខ្ញុំព្យាយាមរកចន្លោះប្រហោង និង ធ្វើសកម្មភាពជាច្រើន។ ហើយទឹកទី២ខ្ញុំមានទំនុកចិត្តខ្លាំង ដែលអាចផ្ដួលបាន។ ខ្ញុំម៉ាត់ខ្លាំងៗ និងទាត់ផង។ ខ្ញុំធ្វើចលនាលឿន ហើយគូប្រជែងមិនអាចទប់ខ្ញុំជាប់ឡើយ។ ខ្ញុំអាចចេញគ្រប់ក្បាច់។ ខ្ញុំអាចចេញជង្គង់ ម៉ាត់ ឬ ទាត់។ ខ្ញុំមានអារម្មណ៍គ្រប់គ្រងការប្រកួតបានល្អ»។ Sam-A កកាយរឿងឈ្នះបែបនេះ។
ទោះបី Ogden ឡើងកម្ដៅនិងដើរចូលរហូត ប៉ុន្តែអ្នកស្រុកបុរីរ៉ាំ នៅតែធ្វើបានល្អដដែល។

Sam-A បន្ថែមថា៖«ពេលខ្ញុំឃើញរូបគេផ្អែកខ្សែរេញ គឺ ខ្ញុំចេញក្បាច់កែង។ ខ្ញុំបានគិតថាអាចបញ្ចប់គេបាន តែបានត្រឹមឈ្នះពិន្ទុទៅវិញ។ បន្ទាប់មកខ្ញុំគិតថា ខ្ញុំមិនអាចផ្ដួលគេឲ្យសន្លប់បានទេ។ គេមានកម្លាំងពេញ គេនៅក្មេងនិងមានឆន្ទៈខ្ពស់ដើម្បីឈ្នះ។ ខ្ញុំមិនអាចបញ្ឈប់រូបគេ ដូច្នេះមានតែវ៉ៃដើម្បីឈ្នះពិន្ទុប៉ុណ្ណោះ»។

Sam-A មិនចង់ឲ្យ Ogden ដកដង្ហើមនោះឡើយក្នុងការប្រកួតនេះ ប៉ុន្តែមិនអាចយកឈ្នះដោយសន្លប់បាន។ Sam-A ចង្អុលបង្ហាញថា៖«ខ្ញុំព្យាយាមបំភ័យ Ogden ដើម្បីកុំឲ្យគេចូល។ ខ្ញុំមិនចង់ផ្ដល់ឱកាសឲ្យគេវាយបកមកខ្ញុំទេ។ អ្នកមិនវាយបែបនេះទេព្រោះជាមួយថៃ។ អ្នកត្រូវប្រើមធ្យោបាយឲ្យអស់ ហើយខ្ញុំក៏ចង់តេស្តកម្លាំងដែរ ថាខ្ញុំអាចស៊ូបានកម្រិតណា»។

«ខ្ញុំគិតថាល្អជាងការប្រកួតលើកមុន។ ខ្ញុំនៅតែហាត់ខ្លាំងទោះក្របានប្រកួតក៏ដោយ។ ខ្ញុំមានមោទនភាពចំពោះខ្លួនឯងដែលអាចធ្វើបាន ទោះប្រកួតមិនមានអ្នកគាំទ្រក៏ដោយ។ វាចម្លែកបន្តិចពេលអត់អ្នកគាំទ្រ។ បើមានអ្នកគាំទ្រ ខ្ញុំច្បាស់ជាប្រកួតល្អជាងនេះ»។

យ៉ាងណាក្ដី Sam-A បានប្រាកដក្នុងចិត្តថា រូបគេពិតជាឈ្នះទល់នឹងគូប្រជែងវ័យក្មេងក្រោយចប់ ៥ ទឹកដ៏ស្វិតស្វាញ។ Ogden ដែលមានវ័យត្រឹម ២០ ឆ្នាំត្រូវបាន Sam-A រំពឹងថារូបគេនឹងបង្កើតរឿងអស្ចារ្យក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ វីរបុរសថៃរំលឹកថា៖«Rocky ពិតជាល្អមែនទែន។ គេនឹងមានអនាគតល្អនៅថ្ងៃមុខ។ រាងកាយរបស់ Rocky គឺសក្ដិសមជាកីឡាករពិតៗរួមទាំងការធ្វើការងារខ្លាំងក្លាទៀតផង គេលះបង់ខ្ពស់ និងមានការតាំងចិត្តខ្ពស់»។ Sam-A ប្រកួតបាន៣ដងក្នុងរយៈពេលជាង៤ខែ ហើយ គេគ្រោងការពារខ្សែក្រវាត់ក្នុងរយៈពេលដែលនៅសេសសល់សម្រាប់ឆ្នាំ២០២០នេះ។

«ខ្ញុំមានតួនាទីរបស់ខ្ញុំ។ ខ្ញុំដឹងការងាររបស់ខ្ញុំមិនថា kickboxing ឬ Muay Thai។ ក្នុងនាមជាជើងឯក ខ្ញុំត្រូវតែហ្វឹកហាត់ឲ្យខ្លាំង។ Kickboxing មានបញ្ហាតិចតួចខ្ញុំនៅតែខំធ្វើការ។ ប៉ុន្តែវាមិនអីទេ។ ខ្ញុំត្រូវតែធ្វើដំណើរទៅមុខទៀត។ ប៉ុន្តែបទពិសោធន៍មួយថៃបានជួយខ្ញុំយ៉ាងច្រើន»។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនាការប្រកួតក្នុងកម្មវិធី ONE: HEART OF HEROS នៅសុក្រទី ២០ ខែ មីនា ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៥:៣០ ល្ងាចតទៅនៅ ប្រទេសវៀតណាម ដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី