Petchmorakot Petchyindee Academy បានត្រលប់មកបង្ហាញខ្លួនល្អឡើងវិញពេលឈ្នះខ្សែក្រវាត់ ក្នុងកម្មវិធី ONE: WARRIOR’S CODE ដែលគេសម្ពោធដាក់ឲ្យប្រជែងកាលដើមខែ កុម្ភៈនៅក្រុងហ្សាកាតាប្រទេសឥណ្ឌូណេស៊ី។ កីឡាករវ័យ២៥ឆ្នាំមកពីបាងកករូបនេះបានក្លាយជាម្ចាស់ខ្សែក្រវាត់ ONE Featherweight Muay Thai World Champion បន្ទាប់ពីបញ្ចេញថ្វីដៃនិងជើងបានយ៉ាងល្អទល់នឹងមិត្តរួមជាតិ Pongsiri PK.Saenchaimuaythaigym នៅសង្វៀន Istora Senayan។ Petchmorakot បានដាក់ការគាបសង្កត់យ៉ាងខ្លាំងក្លាលើគូប្រជែង និង ឈ្នះដោយពិន្ទុជាឯកច្ឆន្ទក្នុងរយៈពេល៥ទឹកពេញ។

Petchmorakot បានសារភាពថាខ្លួនបានរៀនសូត្រជាច្រើនតាមវីរបុរសថៃពីររូបគឺ Sam-A Gaiyanghadao និង Nong-O Gaiyanghadao។ Petchmorakot បានថ្លែងបែបនេះ៖«ពេលខ្ញុំមានអាយុ ១៥ ឆ្នាំ ខ្ញុំប្រកួតនៅបាងកក តែមិនទាន់ចូលក្លិប Petchyindee Academy នោះទេ ហើយពីមុនក៏ខ្ញុំមិនដែលទៅបាងកកម្នាក់ឯងដែរព្រោះខ្ញុំបារម្ភ និងមានភាពភ័យខ្លាច។ ខ្ញុំនឹកផ្ទះ និង យំទៀតផងនៅពេលខ្លះ។ ខ្ញុំធ្លាប់បោះបង់ការប្រកួតជាច្រើន។ ប៉ុន្តែពេលទៅ Petchyindee Academy ខ្ញុំបានផ្លាស់ប្ដូរវា។ ខ្ញុំបានហ្វឹកហាត់ជាមួយ SAM-A និង NONG-O ប្រហែលជា៥ឆ្នាំ»។

ម្ចាស់ខ្សែក្រវាត់ ONE Featherweight Muay Thai World Champion បានគូសបញ្ជាក់ទៀត៖«ពួកយើងរស់នៅបន្ទប់ជាមួយគ្នា យើងញុំាអាហាររួមគ្នា។ វាពិតជាសប្បាយចិត្តពេលស្ថិតនៅបរិយាកាសជុំវិញខ្លួន។ ប៉ុន្តែយើងទាំងអស់គ្នា គឺម៉ឺងម៉ាត់ណាស់ពេលហាត់ជុំគ្នា។ ពួកគាត់ម្នាក់ៗសុទ្ធតែជំនាញចាប់ហើយអុកជង្គង់។ ដូច្នេះខ្ញុំក៏បានរៀនច្រើន»។

ទន្ទឹមគ្នានោះដែរ វីរបុរស NONG-O ក៏បានថ្លែងចំពោះ Petchmorakot បែបនេះ៖«គេ [ Petchmorakot] ជាកីឡាករដ៏អស្ចារ្យ និង មានអត្តចរិតល្អ។ ពេលយើងហាត់ជុំគ្នានៅ Petchyindee ខ្ញុំបានឃើញការតាំងចិត្តរបស់គេ។ គេធ្វើការងារខ្លាំង និងរីកចម្រើនគួរកត់សម្គាល់។ គេនៅតែធ្វើបានល្អលើវិថីអាជីពនេះទោះខ្ញុំបានចាកចេញពីក្លិបក៏ដោយ។ ហើយខ្ញុំក៏សប្បាយចិត្តក្រៃលែងពេលឃើញរូបគេឈានជើងចូលប្រកួតឲ្យ ONE Championship។ គេអភិវឌ្ឍខ្លួនបានល្អណាស់។ ខ្ញុំគាំទ្ររូបជារៀងរហូត»។

«ខ្ញុំពិតជារំភើបដែលមានឱកាសហាត់ជាមួយ Nong-O។ គាត់ជួយខ្ញុំលើបច្ចេកទេសជាពិសេសក្បាច់ជើងរបស់ខ្ញុំ វិធីវ៉ៃចេញដ៏ល្អ , ពេលណាត្រូវវាយជង្គង់ និងពេលណាត្រូវម៉ាត់ជាដើម។ ហើយគាត់មានវិន័យណាស់។ ពេលគាត់ហាត់ គឺ គាត់ហាត់ខ្លាំងមិនលេងសើចទេ។ ពេលសម្រាក គឺ សម្រាក។ គាត់គឺជានិមិត្តរូបរបស់ខ្ញុំ»។ Petchmorakot សង្កត់ធ្ងន់ដូច្នេះ។

បន្ទាប់ពីឈ្នះខ្សែក្រវាត់ Petchmorakot បានរំលឹកថា៖«ពេលឈ្នះខ្សែក្រវាត់គឺជាលើកដំបូងដែលប្រកួតក្រៅប្រទេស។ វាជាការប្រកួតមួយថៃដ៏ជក់ចិត្ត និងបានបង្ហាញឲ្យពិភពលោកបានដឹង។ វាពិតជាមានន័យណាស់ទោះចាញ់ ឬ ឈ្នះ។ យ៉ាងណាក្ដី នេះជាខ្សែក្រវាត់សម្រាប់ប្រជាជនថៃ»។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនាការប្រកួតក្នុងកម្មវិធី ONE: HEART OF HEROS នៅសុក្រទី ២០ ខែ មីនា ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៥:៣០ ល្ងាចតទៅនៅ ប្រទេសវៀតណាម ដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី