ដោយសារតែផ្ទុះមេរោគកូវីដ១៩ជុំវិញពិភពលោក ប្រធាននិងជានាយកប្រតិបត្តិ ONE Championship លោក Chatri Sityodtong បានប្រកាសអំពីការពន្យារពេលកម្មវិធី ONE: HEART OF HEROES នៅក្រុងហូជីមិញនៅប្រទេសវៀតណាម។

ដើម្បីថែទាំសុខភាពចំពោះកីឡាករកីឡាការិនី បុគ្គលិក និង អ្នកគាំទ្រ រួមទាំងប្រជាជនវៀតណាមផង ការប្រកួតដែលគ្រោងរៀបចំលើកទី២នៅសង្វៀន Phu Tho Indoor Stadium ត្រូវបានលើកពេលពីថ្ងៃសុក្រទី ២០ មីនា ទៅថ្ងៃសុក្រទី ២៦ ខែ មិថុនា វិញ។ លោក Sityodtong បានបញ្ចេញឲ្យដឹងកាលចុងសប្ដាហ៍កន្លងទៅ បន្ទាប់ពីបានពិភាក្សាជាមួយអាជ្ញាធរប្រទេសវៀតណាម។

លោក Sityodtong បានសង្កត់ធ្ងន់បែបនេះ៖«ក្រោយពិភាក្សាគ្រប់មធ្យោបាយជាមួយអាជ្ញាធរវៀតណាម ក្រុមការងាររបស់ខ្ញុំបានសម្រេចពន្យារពេលកម្មវិធី ONE: Heart of Heroes ដែលគ្រោងរៀបចំនៅថ្ងៃទី ២០ មីនានេះ ប្ដូរទៅថ្ងៃទី ២៦ ខែមិថុនាវិញដោយសារតែការរីករាលដាលនៃមេរោគកូរ៉ូណា។ យើងត្រូវគិតអំពីអ្នកគាំទ្ររបស់យើង កីឡាកររបស់យើង ដៃគូសហការរបស់យើងជាអាទិភាពសំខាន់បំផុតរបស់ ONE Championship។ ចំណុចវិជ្ជមានមួយ ខ្ញុំនឹងប្រកាសអំពីរឿងដ៏ភ្ញាក់ផ្អើលមួយនៅថ្ងៃទី១៣ ខែមីនា ខាងមុខ។ សូមរង់ចាំតាមដានទាំងអស់គ្នា»។

ព្រឹត្តិការណ៍នេះមានគូឯក Alaverdi Ramazanov ឬ គេស្គាល់ “Babyface Killer” ត្រូវឡើងដណ្ដើមខ្សែក្រវាត់ ONE Bantamweight Kickboxing World Title ពី Nong-O Gaiyanghadao។ ចំណែក Viktoria Lipianska ត្រូវតតាំងគ្នាទល់នឹង Iman “Pretty Killer” Barlow ដើម្បីដណ្ដើមខ្សែក្រវាត់ ONE Strawweight Muay Thai World Title។ គូប្រកួតផ្សេងទៀតនឹងត្រូវប្រកាសបន្តបន្ទាប់។

នៅក្នុងកម្មវិធីខាងលើនេះដែរជើងខ្លាំង សុខ ធី ដែលគ្រោងប៉ះកីឡាករម្ចាស់មេដាយប្រាក់ស៊ីហ្គេម៣សម័យវៀតណាម Nguyen Tran Duy Nham នៅថ្ងៃទី ២០ ខែ មីនា ខាងមុខនេះក៏ត្រូវខកខានសិនដែរពោលរង់ចាំសិនដែរ។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនាការប្រកួតក្នុងកម្មវិធី ONE INFINITY 1 នៅសុក្រទី ១០ ខែ មេសា ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅពីក្រុងហ្សាកាតាប្រទេសឥណ្ឌូណេស៊ី ដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី