នៅពេលហក់ចូលចូលប្រកួតដំបូងក្នុងព្រឹត្តិការណ៍របស់ ONE Championship នៅក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី Jihin Radzuan ឬ ឈ្មោះហៅក្រៅ “Shadow Cat” បានបង្ហាញភាពក្ដុកក្ដួលស្ទើរស្រក់ទឹកភ្នែកនាគ្រានោះ។ កាលនោះ Jihin ទើបមានអាយុ១៩ឆ្នាំនិងបានបង្ហើបថាវាដូចជាក្ដីស្រមៃដ៏ធំមួយដែលប្រកួតនៅមុខទស្សនិកជនរាប់ពាន់នាក់ពេលឡើងប្រកួតក្នុងកម្មវិធី ONE: VISIONS OF VICTORY កាលខែមីនា ឆ្នាំ ២០១៨។ វារឹតតែជិតស្រក់ទឹកភ្នែកមិនអាចបំភ្លេចបានចំពោះអ្វីដែល Jihin ចងចាំសម្ដីគ្រូបង្វឹកនៅពីក្រោយពេលប្រាប់ឲ្យប្រើបច្ចេកទេសប្រកួតល្អបំផុតក្នុងជីវិតរបស់ខ្លួន។

«ខ្ញុំស្ទើរតែស្រក់ទឹកភ្នែកនាពេលនោះ។ ប៉ុន្តែខ្ញុំបានគិតចំពោះអ្វីដែលគ្រូខ្ញុំគាត់ប្រាប់ (លោកគ្រូ Melvin Yeoh អតីតកីឡាកររបស់ ONE) ។ គាត់បានប្រាប់ខ្ញុំនៅក្រោយឆាកថា ធ្វើអ្វីដែលចង់ធ្វើ គឺត្រូវធ្វើវា ប៉ុន្តែកុំយំ»។ Jihin បានថ្លែងរំលឹកបែបនេះ។

“Shadow Cat” ជាកីឡាការិនីម្នាក់លេចធ្លោប្រចាំប្រទេស និងមានបទពិសោធន៍គួរសម ហើយដាក់ក្ដីសង្ឃឹមយ៉ាងមុតមាំរួមទាំងស្មារតីរឹងប៉ឹងលើសង្វៀនកម្រិតពិភពលោកមួយនេះ។ “Shadow Cat” បានតាំងចិត្តខ្ពស់នៅមុខអ្នកគាំទ្ររាប់ពាន់នាក់។ កីឡាការិនីម៉ាឡេស៊ីរៀបរាប់បន្ត៖«វាជាសង្វៀនដ៏ធំ ជាទីលានប្រកួតធំ ហើយខ្ញុំអន្ទះអន្ទែងបនិ្តចពេលឡើងសង្វៀននេះ។ ខ្ញុំអាចគ្រប់គ្រងខ្លួនឯងបាន។ ខ្ញុំមានមោទនភាពក្នុងនាមជាជនជាតិម៉ាឡេស៊ី និងប្រកួតតំណាងឲ្យម៉ាឡេស៊ី។ ខ្ញុំជាកីឡាការិនីទី៣របស់ម៉ាឡេស៊ីដែលប្រកួតនៅ ONE Championship។ ខ្ញុំមានមោទនភាពណាស់»។

រូបគេប្រកួតដំបូងនៅសង្វៀន ONE ប៉ះ កីឡាការិនីឥណ្ឌា Puja “The Cyclone” Tomar ដែលមានបទពិសោធន៍ក្នុងក្បាច់គុនចម្រុះច្រើនជាងខ្លួនព្រោះកីឡាការិនីឥណ្ឌាមានជំនាញវូស៊ូ និង ឈ្នះជើងឯកច្រើនដងទៀតផង។ Jihin នៅតែមានទំនុកចិត្ត និងអនុវត្តន៍ផែនការបានល្អទោះ Tomar មានពិសោធន៍ច្រើនជាងក្ដី។ Jihin សង្កត់ធ្ងន់ ៖«ខ្ញុំនិងគ្រូរបស់ខ្ញុំ បានរៀបចំផែនការប្រយុទ្ធដោយក្បាច់ជើង ប៉ុន្តែបញ្ចប់ទៅដោយមិនបានតាមផែនការ។ ព្រោះអ្នករាល់គ្នាបានដឹងហើយថា Tomar ពូកែទាត់ ហើយខ្ញុំព្យាយាមគេច។ ដូច្នេះខ្ញុំប្ដូរទៅផ្ដួលលើក្ដាររេញវិញ និង ព្យាយាមប្រើក្បាច់បញ្ចប់ដោយគាបដៃ។ ម្ចាស់ថ្លៃអើយ! គេខ្លាំងណាស់»។

ទោះជាលំបាកបន្តិច ប៉ុន្តែ Jihin បានអរគុណដល់អ្នកឲ្យទឹកមកពីក្លិប Ultimate MMA Academy។ កីឡាការិនីរូបនេះផ្ដោតលើផែនការ និង សម្របខ្លួនបានល្អនាទឹកទី២។ Jihin បន្ថែមបែបនេះ ៖«គាត់ប្រាប់ខ្ញុំឲ្យប្ដូរក្បាច់ទៅប្រកួតជំហរដេកវិញនៅទឹកទី២។ ពេលចូលអន្ទាក់ហើយខ្ញុំបានគាបដៃជារាងត្រីកោណ។ ខ្ញុំត្រូវតែបញ្ចប់បែបនេះ។ ហើយខ្ញុំមិនចង់ប្រកួតទឹកទី៣ទេ។ ទីបំផុត Tomar ទះដៃសុំចុះចាញ់»។
គ្រានោះពេល Tomar សុំចុះចាញ់ អ្នកគាំទ្រនៅសង្វៀន Axiata Arena ក៏ផ្ទុះការហ៊ោកញ្ជ្រៀវឡើង។ ពេលប្រកាសថាឈ្នះលើការប្រកួតភ្លាម Jihin ស្ទើរស្រក់ទឹកភ្នែកដោយសារតែរំភើបពេកក្នុងប្រកួតដំបូង។
នៅពេលឡើងប្រកួតជាបន្តបន្ទាប់ Jihin មានការគិតផ្លាស់ប្ដូរខ្លះ និងខិតខំហ្វឹកហាត់ធ្វើឲ្យខ្លួនឯងប្រសើរឡើងពីមួយថ្ងៃទៅមួយថៃ។

កីឡាការិនីវ័យ២១ឆ្នាំដែលកំពុងទទួលបានការគាំទ្រក្នុងស្រុកនិងអន្តរជាតិគូសបញ្ជាក់ទៀថា៖«ខ្ញុំមិនទាន់ពេញចំពោះការប្រកួតរបស់ខ្ញុំនោះទេ។ ខ្ញុំគួរតែធ្វើបានល្អជាងហ្នឹង។ ប៉ុន្តែខ្ញុំនឹងបំពេញចន្លោះប្រហោងក្នុងការប្រកួតលើកក្រោយ»។ កុំភ្លេចទស្សនា កម្មវិធីប្រកួត បន្តបន្ទាប់របស់ស្ថាប័ន ONE Championshipរយៈ Facebook,Twitter, YouTube, និង ONE Super App៕

អត្ថបទ៖ ស៊ីធី