ពេលម្ចាស់ខ្សែពីរខ្សែប្រចាំសង្វៀន ONE Championship កីឡាករ Aung La N Sang ឬ រហស្សនាមថា “The Burmese Python” ដើរចូលមកសង្វៀន Thuwunna Indoor Stadium ឯក្រុងយ៉ុំាងហ្គោន ប្រទេសមីយ៉ាន់ម៉ា គេបានរំលឹកអំពីសកម្មភាពមួយដែលមិនអាចបំភ្លេចបានពេលអមដោយបទពីរោះរន្ថើនមុនឡើងប្រកួត។
នេះជាវីដេអូបង្ហាញសកម្មភាពមកកាន់សង្វៀនដ៏កក្រើក៖

គ្រានោះភ្លើងប្រែមកជាខ្មៅ ដែលធ្វើឲ្យអ្នកគាំទ្រកាន់តែពុះកញ្ជ្រោល និងហ៊ោកញ្ជ្រៀវ។ បន្ទាប់មកសំឡេងស្គរបន្លឺឡើងរួមទាំងការបាញ់ភ្លើងក្រហមភ្លឹបភ្លែត មានកាំជ្រួចបែកផ្កាភ្លើង និងចេញបទចម្រៀងរ៉ក់មួយឈ្មោះថា «Amae Like Akah» ច្រៀងដោយ Lay Phyu និងបំផុសឲ្យមានការគាំទ្រកាន់តែកងរំពងថែមទៀត។
វីរបុរសមីយ៉ាន់ម៉ារូបនេះចេញមកអមដោយខ្សែក្រវាត់ ONE World Title នៅជាប់ស្មារបស់ខ្លួនដោយមិត្តរួមជាតិដែលមើលទៅទឹកមុខពោរពេញដោយភាពក្លាហាន។ ជាមួយគ្នានោះ មានអ្នកគាំទ្ររាប់លាននាក់បានកំពុងទស្សនាជុំវិញពិភពលោកក្រៅពីចំនួនដ៏ច្រើនលើសលប់នៅឯសង្វៀន។ ម្ចាស់ខ្សែក្រវាត់រូបនេះមានអារម្មណ៍ថាអស្ចារ្យបំផុតជាពិសេសការគាំទ្រខ្លាំងក្លានៅប្រទេសកំណើត។

អ្នកលេងគុនចម្រុះវ័យ៣៤ ឆ្នាំរូបនេះបានរៀបរាប់ថា ៖«Lay Phyu គឺជាតារាចម្រៀងរ៉ក់ល្បីឈ្មោះម្នាក់នៅមីយ៉ាន់ម៉ា។ គាត់ល្បីតាំងពីខ្ញុំនៅក្មេងនៅឡើយ មុនពេលធំធាត់នៅទីនោះ។ ចម្រៀងនេះល្បីណាស់អំឡុងពេលបុណ្យអុំទូក។ ពេលបុណ្យអុំទូកម្ដងៗបទនេះល្បីមែនទែន និងធ្វើឲ្យប្រជាជនមីយ៉ាន់ម៉ារំភើបចិត្តទៀតផង»។ កាលនោះមិត្តរួមជាតិនិងជាកីឡាករជាច្រើនបានចូលរួមទស្សនាជើងខ្លាំង Aung La N Sang ដោយផ្ទាល់ដើម្បីលើកទឹកចិត្តរូបគេក្នុងនាមជាគូឯក។ ការដែល “The Burmese Python” ជ្រើសរើសបទចម្រៀងរបស់ជនរួមជាតិនេះព្រោះវាអាចជួយផ្នែកស្មារតីប្រុងប្រយ័ត្ននិងរំភើបពេលប្រកួតនៅប្រទេសកំណើត។

«ពេលខ្ញុំប្រកួតនៅមីយ៉ាន់ម៉ា ខ្ញុំត្រូវរើសបទនេះជំនួសឲ្យបទអង់គ្លេស។ វាពិតជាធ្វើឲ្យអ្នកចូលទស្សនាកាន់តែពុះកញ្ជ្រោលថែមទៀត។ វាជាបទចម្រៀងដែលធ្វើឲ្យអ្នកគាំទ្រក្នុងស្រុកហើបគូថពីកៅអី។ តាំងពីពេលនោះមក ខ្ញុំតែងតែប្រើបទនេះរហូត។ វាមានន័យស្រដៀងព្រានព្រៃដើរបាញ់សត្វក្នុងព្រៃអីចឹង ហើយវាស្រដៀងនឹងអ្វីដែលយើងចង់ឈ្នះអីចឹងដូចគ្នា»។ ម្ចាស់ខ្សែក្រវាត់ ONE Middleweight និង Light Heavyweight World Champion ពិពណ៌នាយ៉ាងដូច្នេះ។

ស៊ុបពើស្ដាររបស់មីយ៉ាន់ម៉ារូបនេះបង្ហាញខ្លួនយ៉ាងល្អដែលធ្វើឲ្យអ្នកគាំទ្រពេញចិត្តពេញថ្លើម និង មិនទាន់ចាញ់សោះនៅឯស្រុកកំណើត។ Aung La N Sang ទទួលជ័យជម្នះ៧ដងក្នុងចំណោម៧លើក(មិនចាញ់)នៅសង្វៀន Thuwunna Indoor Stadium ឯប្រទេសមីយ៉ាន់ម៉ា ហើយរូបគេបានថ្លែងថាមិត្តរួមជាតិក៏ផ្នែកមួយនៃជ័យជម្នះទាំងនេះដែរ។
ម្ចាស់ខ្សែក្រវាត់ពីរគូសបញ្ជាក់ ៖«វាពិតជាមានកម្លាំងមហាសាលពីក្រុមហ្វូងមនុស្សជាច្រើន។ ពេលលើកទឹកចិត្តបែបនេះ យើងមិនភ័យបារម្ភច្រើន ឬ មិនចាញ់ច្រាប។

យើងគ្រាន់តែដាក់ចិត្តចំពោះអ្វីដែលត្រូវធ្វើ។ ខ្ញុំមានកម្លាំងចិត្តពេលមនុស្សលើកទឹកចិត្តច្រើនបែបនេះ។ វាធ្វើឲ្យខ្ញុំប្រយ័ត្ន និង មានទំនុកចិត្តពេលដើរចេញមកមុនឡើងសង្វៀន»។ កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្តបន្ទាប់របស់ស្ថាប័ន ONE Championship មានការផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី