ប្រធានក្លិប Barcelona លោក Josep Maria Bartomeu ដែលរជ្ជកាលដឹកនាំរបស់លោកបានជួបភាពរកាំរកូសជាច្រើនដោយសារតែការប្រេះស្រាំទំនាក់ទំនងជាមួយនឹងកីឡាករនៅរដូវកាលនេះ ចង់កែទម្រង់ផ្នែកចាត់ការទូទៅរបស់ក្លិប ពីព្រោះលោកមិនជឿជាក់លើប្រធានផ្នែកនានា។ នេះបើយោងទៅតាមអនុប្រធានក្លិបលោក Emili Rousaud។

លោក Rousaud ដែលត្រូវបានរំពឹងទុកថា នឹងចូលជំនួសកន្លែងរបស់លោក Bartomeu ជាប្រធាននោះ បានប្រាប់វិទ្យុ Cadena Ser កាលពីថ្ងៃពុធថា៖ «លោក Bartomeu បានទូរស័ព្ទមកខ្ញុំ និងបានប្រាប់ខ្ញុំថា គាត់ចង់ផ្លាស់ប្តូរថ្នាក់ដឹកនាំ ពីព្រោះលោកមានការសង្ស័យទៅលើប្រធានផ្នែកជាច្រើន ក្នុងនោះរាប់បញ្ចូលទាំងខ្ញុំដែរ»។

លោកបានបន្ថែមទៀតថា៖ «គាត់បានប្រាប់ខ្ញុំថា រឿងរ៉ាវជាច្រើន ត្រូវបានបែកធ្លាយទៅកាន់ក្រុមបណ្តាញសារព័ត៌មាន ដែលធ្វើឲ្យកីឡាករខកចិត្ត ហើយគាត់បានគិតថា ខ្ញុំបានស្ថិតក្នុងដំណាក់កាលដ៏សំខាន់ក្នុងការស្វែងរកវិធីសាស្ត្រក្នុងការដោះស្រាយលើបញ្ហានោះ»។

ទំនាក់ទំនងរវាងកីឡាករ និងថ្នាក់ដឹកនាំរបស់ក្លិប Barcelona បានស្ថិតក្នុងស្ថានភាពប្រេះស្រាំអស់រយៈពេលជាច្រើនខែមកហើយ ស្របពេលដែល Lionel Messi បានរិះគន់ជាសាធារណៈទៅកាន់រដ្ឋលេខាធិការបច្ចេកទេសលោក Eric Abidal កាលពីខែកុម្ភៈ ក្នុងជម្លោះមួយក្នុងចំណោមជម្លោះដ៏ចម្រូងចម្រាស់ជាច្រើនទៀត។

Messi បានធ្វើការរិះគន់មួយផ្សេងទៀតទៅកាន់ថ្នាក់ដឹកនាំរបស់ក្លិប Barca កាលពីសប្តាហ៍មុន នៅពេលដែលប្រកាសថា ក្រុមកីឡាករ នឹងកាត់ប្រាក់ខែ៧០% អំឡុងពេលនៃវិបត្តិវីរុសកូរ៉ូណា៕

ប្រភពព័ត៌មាន៖ Channel News Asia