ONE Championship សហការជាមួយក្លិបប្រដាល់ Evolve MMA ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បង្ហាត់ក្បាច់គុនអនឡាញដែលមានផ្សាយផ្ទាល់លើកម្មវិធីកម្មវិធីលើទូរសព្ទ ONE Super App។ ការបើកបង្ហាត់អនឡាញនេះដោយសារតែស្ថានភាពនៃមេរោគឆ្លង COVID-19 ផង និងដើម្បីចូលរួមពង្រឹងសមត្ថភាពកីឡាករកីឡាការិនីម្នាក់ៗក្នុងស្ថានភាពដ៏លំបាកនេះ។

ទោះជាមានវិធីជាច្រើនដើម្បីបន្តសកម្មភាពហ្វឹកហាត់អំឡុងពេលនៃការបិទប្រទេសក៏ដោយ ក្លិប Evolve ដែលសម្បូរដោយគ្រូបង្វឹកលំដាប់កំពូលៗជុំវិញពិភពលោកបានចូលរួមជួយដល់កីឡាករកីឡាការិនីរាប់ពាន់នាក់ ព្រោះបានផ្ដល់ការបង្ហាត់បង្ហាញតាមអនឡាញមានឈ្មោះថា «Evolve At Home»។

ការបង្ហាត់នេះធ្វើឡើង៣ពេលក្នុងមួយថ្ងៃនៅថ្ងៃធម្មតា និង ៤ពេលក្នុងមួយថ្ងៃនាថ្ងៃចុងសប្ដាហ៍។ ដូច្នេះចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ គេអាចចូលទៅកាន់ ONE Super App សម្រាប់ការបង្ហាត់ប្រដាល់នៅម៉ោង ១២ ថ្ងៃត្រង់ម៉ោងនៅសិង្ហបុរី (ម៉ោង ១១ព្រឹកនៅខ្មែរ), ការហាត់ក្បាច់មួយថៃចាប់ពីម៉ោង ៦:៣០ ល្ងាចនៅសិង្ហបុរី (ម៉ោង៥:៣០ នៅខ្មែរ) និង ជឺជិតស៊ូម៉ោង ៧:៣០ ល្ងាចនៅសិង្ហបុរី (៦:៣០ នៅខ្មែរ)។

អ្នកទស្សនា ឬ អ្នកចង់រៀនក៏អាចតាមដាននៅថ្ងៃសៅរ៍ និង អាទិត្យដូចគ្នា ដូចជា ក្បាច់ចាប់(Grappling) នៅម៉ោង ៩:០០ ព្រឹកនៅសិង្ហបុរី (ម៉ោង ៨ព្រឹកនៅខ្មែរ), ការហាត់ប្រដាល់ម៉ោង ១០:០០ ព្រឹកនៅសិង្ហបុរី (ម៉ោង ៩ព្រឹកនៅខ្មែរ) , មួយថៃនៅម៉ោង ១១:០០ព្រឹក (ម៉ោង១០ព្រឹកនៅខ្មែរ) និង ជឺជិតស៊ូនៅម៉ោង ១២:០០ ថ្ងៃត្រង់នៅសិង្ហបុរី (ម៉ោង ១១ ព្រឹកខ្មែរ)។

ការបង្ហាត់តាមអនឡាញរបស់ក្លិប Evolve មានគ្រូល្បីៗលំដាប់ពិភពលោកដូចជា Siyar “The Great” Bahadurzada,អតីតកំពូលកីឡាករប្រដាល់ Drian Francisco, ម្ចាស់ខ្សែក្រវាត់ BJJ World Champion លោក Jucimar Eller, និង អតីតម្ចាស់ខ្សែក្រវាត់ ONE Strawweight World Champion និងជាម្ចាស់ខ្សែក្រវាត់ Muay Thai World Champion ច្រើនសម័យកាល លោក Dejdamrong Sor Amnuaysirichoke។

ការបង្ហាត់នេះ គឺជួយឲ្យកីឡាករកីឡាការិនីអាចរក្សាកម្លាំងរបស់ខ្លួនឲ្យល្អ និង បង្កើនសមត្ថភាព ខណៈដែលក្លិបប្រដាល់នានាត្រូវបានបិទទ្វារដោយសារតែមេរោគ Covid-19។
Evolve គឺជាក្លិបបណ្ដុះបានកីឡាករកីឡាការិនីល្អៗលំដាប់ពិភពលោក ហើយក្លិបមានមូលដ្ឋាននៅសិង្ហបុរីមួយនេះមានកីឡាករមួយថៃ, kickboxing, និង តារាគុនចម្រុះជាច្រើនប្រកួតនៅសង្វៀន លំដាប់ពិភពលោក ONE Championship។ នាពេលបច្ចុប្បន្ននេះមិនមានកន្លែងណាដែលល្អប្រសើរជាងការហាត់តាមអនឡាញនោះឡើយ។ ខណៈពេលដែលកីឡាករកីឡាការិនីត្រូវដាក់ដោយឡែកកម្មវិធីបង្ហាត់ក្បាច់គុនតាមអនឡាញនេះអាចជួយបានទាំងការរក្សាកម្លាំង និង សមត្ថភាព។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្តបន្ទាប់របស់ស្ថាប័ន ONE Championship មានការផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕
អត្ថបទ៖ ស៊ីធី