លោក Chatri Sityodtong ជាប្រធាន និង ជានាយកប្រតិបត្តិរបស់ ONE Championship បានបង្ហាញមុខទីប្រឹក្សាយោបល់ទី១ដ៏មានឥទ្ធិពលបំផុតសម្រាប់កម្មវិធី The Apprentice: ONE Championship Edition គឺ Niharika Singh។ Niharika Singh ដែលជាប្រធានផ្នែកផលិតផលឌីជីថលរបស់ ONE Championship គឺជាមនុស្សសំខាន់ម្នាក់ដែលជួយជ្រោមជ្រែងបង្កើតឲ្យមានកម្មវិធីខាងលើនេះឡើងសម្បូរដោយម្ចាស់ខ្សែក្រវាត់ល្បីៗលំដាប់ពិភពលោកជួបប្រកួតគ្នាមិនធ្លាប់មាន។

កម្មវិធី The Apprentice: ONE Championship Edition ត្រូវបានបង្កើតនិងប្រកាសជាផ្លូវការនៅថ្ងៃទី ២០ ខែ កុម្ភៈ កន្លងទៅនេះដោយប្រធាន និងនាយកប្រតិបត្តិ Chatri Sityodtong។ ប្រធាននិងនាយកប្រតិបត្តិរូបនេះបានថ្លែងឲ្យដឹងថា៖«Niharika គឺជាមនុស្សល្អ មានគោលដៅច្បាស់លាស់ មានក្ដីស្រលាញ់ពិតប្រាកដ មានថាមពលខ្លាំងក្លាដើម្បីធ្វើការងារនេះ គេអស្ចារ្យណាស់ និង មានភាពឆ្លាតវៃ។ Niharika តែងតែផ្ដល់យោបល់ល្អហើយមិនមានក្ដីព្រួយបារម្ភចំពោះគំនិត ឬយោបល់របស់គេឡើយ»។

កម្មវិធីថ្មី «The Apprentice» នឹងមានកីឡាករកីឡាករ១៦ រូបខ្លាំងៗជុំវិញពិភពលោកដើម្បីប្រកួតប្រជែងទាំងផ្នែកការងារជំនួញ និង នៅលើរេញ ហើយអ្នកឈ្នះនឹងទទួលបាន ២៥ ម៉ឺនដុល្លារអាមេរិករួមទាំងការផ្ដល់ការងាររយៈពេល១ឆ្នាំក្រោមការគ្រប់គ្រងរបស់លោក Chatri Sityodtong នៅឯស្នាក់ការក្រុមហ៊ុន ONE Championship ឯប្រទេសសិង្ហបុរី។

ទន្ទឹមគ្នានោះទីប្រឹក្សាដំបូង Niharika បានលើកឡើងចំពោះការងាររបស់ខ្លួនបែបនេះ៖«ក្នុងនាមជាអ្នកប្រឹក្សាយោបល់ ខ្ញុំជាភ្នែកជាច្រមុះរបស់គាត់ ខ្ញុំដឹងអ្វីដែលខ្ញុំត្រូវធ្វើ ខ្ញុំដឹងអ្វីដែលគាត់ចង់បាននិងត្រូវការ ខ្ញុំដឹងអំពីការចង់ជួលបុគ្គលិករបស់គាត់ ខ្ញុំផ្ដល់ការកែតម្រូវនិងមតិស្ថាបនាដល់គាត់ ហើយខ្ញុំក៏ស្ថិតក្នុងកែវភ្នែករបស់គាត់។ ខ្ញុំធ្វើការយ៉ាងហ្មត់ចត់និងស្និទ្ធស្នាលជាមួយ Chatri។ បើសិននរណាចង់ជួប ឬ ធ្វើការជាមួយ Chatri នោះត្រូវឆ្លងកាត់ជាមួយខ្ញុំជាមុនសិន»។

Niharika ត្រូវបានគេចាត់ទុកថាធ្វើការបានល្អបំផុតសម្រាប់មុខតំណែងនេះ ព្រោះរូបគេបានចំណាយពេលយ៉ាងច្រើនជាមួយថ្នាក់ដឹកនាំកំពូល ហើយស៊ើបអង្កេតយ៉ាងដិតដល់ពីមហាសេដ្ឋីជាច្រើននិងបានសម្រេចចិត្តលើមុខជំនួញដ៏លំបាកៗជារៀងរាល់ថ្ងៃ។ គួរដឹងថា Niharika បានចាប់ផ្ដើមអាជីពជាអ្នកប្រឹក្សាយោបល់នៅក្រុមហ៊ុន McKinsey & Company មុនពេលប្ដូរទៅធ្វើការនៅសណ្ឋាគារ Treebo និងចាប់ផ្ដើមការងារជំនួញនៅឥណ្ឌា។ ហើយការងារចុងក្រោយរបស់គេត្រលប់មកកាន់សិង្ហបុរីវិញ។

«The Apprentice: ONE Championship Edition» នឹងត្រូវផលិតដោយក្រុមការងាររបស់ ONE Championship, ស្ទីឌយោ របស់ ONE,និង គ្រប់គ្រងទាំងការផ្សាយទៅទ្វីបអាមេរិក និង អាស៊ី។ កម្មវិធីនេះ នឹងត្រូវផ្សាយតាមកញ្ចក់ទូរទស្សន៍ល្បីៗជាច្រើន និង ទូរទស្សន៍ឌីជីថលទូទាំងពិភពលោក។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្តបន្ទាប់របស់ស្ថាប័ន ONE Championship មានការផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី