Pieter Buist ឬ គេស្គាល់ថា “The Archangel” មិនទាន់ស្គាល់រសជាតិចាញ់ទាល់តែសោះតាំងពីរូបគេចូលប្រឡូកលើសង្វៀន ONE Championship ដែលប្រកួតក្នុងប្រទេសទម្ងន់ lightweight កាលឆ្នាំមុន។ ឥឡូវនេះរូបគេរឹតតែចង់ឡើងប្រកួតប៉ះដៃគូកម្រិតខ្ពស់ៗថែមទៀត។ ជើងខ្លាំងមកពីហូឡង់រូបនេះប៉ងជួបកីឡាករកំពូលដើម្បីធ្វើឲ្យរូបគេបង្កើនសមត្ថភាព ក្រោយពីឈ្នះបីលើកនៅសង្វៀនធំបំផុតក្នុងប្រវត្តិសាស្ត្រអាស៊ី។

ក្នុងការប្រកួតដំបូង “The Archangel” បានផ្ដួល Kota “Kong” Shimoishi ឲ្យសន្លប់នៅក្នុងកម្មវិធី ONE: WARRIORS OF LIGHT កាលខែឧសភា ឆ្នាំ ២០១៩។ បន្ទាប់មកទៀត រូបគេបានយកឈ្នះ Antonio “Spartan” Caruso និងវីរបុរសហ្វីលីពីន Eduard “Landslide” Folayang រៀងគ្នាកាលខែតុលា ឆ្នាំ ២០១៩ និង ខែមករា ឆ្នាំ ២០២០។

អ្នកលេងគុនចម្រុះសញ្ជាតិហូឡង់ មកពីក្រុង Breda កត់ចំណាំថា ៖«Christian Lee គឺជាជើងឯក World Champion នាពេលនេះ។ ដូច្នេះគោលដៅចម្បងរបស់ខ្ញុំគឺរូបគេ។ ខ្ញុំពិតជាមិនខ្វល់ថានរណាទេ មិនខ្វល់ពេលណា ឬ កន្លែងណានោះទេ…ឲ្យតែមានពេលសមស្របខ្ញុំច្បាស់ជាចង់ប្រកួតមិនខាន»។
កីឡាករដដែលបញ្ជាក់ថា ៖«ការប្រកួតលើកទី២ ខ្ញុំប្រើពេល៣សប្ដាហ៍ដើម្បីម៉ិកគូប្រកួត ហើយការប្រកួតចុងក្រោយ ខ្ញុំប្រើពេល ២សប្ដាហ៍ដើម្បីពិនិត្យមើលគូប្រជែងពេលជួបអតីតម្ចាស់ខ្សែក្រវាត់ World Champion និងជាជើងខ្លាំងម្នាក់របស់ហ្វីលីពីន»។

ដោយសារជ័យជម្នះ៨ លើកជាប់គ្នារួមទាំងការឈ្នះនៅសង្វៀន The Home Of Martial Arts(ONE) ផង Buist កំពុងតែស្វែងរកចំណុចខ្លាំងបំផុតក្នុងទម្ងន់ lightweight ។ រូបគេជឿជាក់ថានឹងអាចផ្ដួលកីឡាករកំពូលៗជាច្រើនទៀតក្នុងទម្ងន់នេះ។
«ខ្ញុំគិតថាទម្ងន់របស់ខ្ញុំប្រកួតនេះ មានគូប្រជែងខ្លាំងៗជាច្រើនក្នុងបញ្ជី។ ហើយអ្នកដែលខ្ញុំត្រូវយកឈ្នះបន្ត គឺ យកឈ្នះ Shinya Aoki, ‘Dagi’ Saygid Guseyn Arslanaliev, Eddie Alvarez, និង កីឡាករផ្សេងទៀត»។

គូប្រជែងផ្សេងទៀតដែល “The Archangel” មិនអាចបំភ្លេចចោលគឺ “Super” Sage Northcutt ដែលតារាមកពីអាមេរិករូបនេះនឹងត្រលប់មកវិញនាឆ្នាំ២០២០នេះ។ Northcutt បានទម្លាក់ខ្លួនមកប្រកួតទម្ងន់ Lightweight ក្រោយប្រកួតក្នុងទម្ងន់ welterweight កាលឆ្នាំមុន។ វាគឺជាសង្វៀនដ៏ក្ដៅគគុកមួយ បើបុរសមកពី Texas ប៉ះជើងខ្លាំងមកពីហូឡង់មែននោះ។

កីឡាករវ័យ ៣២ ឆ្នាំរំលឹកថា ៖«មនុស្សជាច្រើនបានចុចឈ្មោះរបស់គេ [Northcutt]។ គេល្អ ល្បីឈ្មោះ។ ការប្រកួតនេះច្បាស់ចាប់អារម្មណ៍ខ្លាំង និង មានគេមើលច្រើនមិនខាន»។ Buist ជឿថាគូប្រជែងខ្លាំងនឹងជួយឲ្យរូបគេឆ្ពោះទៅរកខ្សែក្រវាត់។ កីឡាករមកពី Breda ធ្វើបានល្អក្នុងការប្រកួតកន្លងមកក្នុងនោះឈ្នះ ១៧ ដង និង ស្មើ ៤ ដងក្នុងអាជីពនៃការប្រកួតកីឡាគុនចម្រុះ។ គេមានជំនាញប្រយុទ្ធល្អ, ខ្លាំងខាងឃ្លេបញ្ចប់គូប្រកួត និង អាចសម្របខ្លួនបានល្អទៅនឹងការប្រកួតនៅលើសង្វៀន។
Buist សង្កត់ធ្ងន់ថា ៖«ពួកគេមានដៃពីរ ជើងពីរ និង ក្បាលមួយដូចគ្នា។ ហើយពួកគេមិនមែនជាព្រះយេស៊ូនោះទេ។ ដូច្នេះខ្ញុំអាចយកឈ្នះពួកគេបាន។ ក្នុងការប្រកួត ៣ទឹក ខ្ញុំនឹងរកវិធីផ្ដួលគេបាន។ ទោះជា ៥ ទឹកក៏អាចទៅរួចដូចគ្នា»។

ទោះជាបែបណាក្ដីតារាជើងខ្លាំងមកពីហូឡង់ចាត់ទុក Lee ជាដៃគូកំពូលដែលចង់ជួបបំផុតរបស់ខ្លួន។ កីឡាករមកពីក្លិប Combat Brothers គិតតែម្យ៉ាង គឺ ចង់បានឱកាសដណ្ដើមខ្សែក្រវាត់ ONE Lightweight World Champion។ នៅពេល “The Archangel” ទទួលបានឱកាស រូបគេធានាយកខ្សែក្រវាត់ឲ្យខាងតែបាននិងចាកចេញពីសង្វៀនដោយភាពរីករាយអមដោយខ្សែក្រវាត់។

“The Archangel” បង្ហាញការតាំងចិត្តទៀតថា ៖«ខ្ញុំចង់បានជើងឯក។ ខ្ញុំចង់គ្រងខ្សែក្រវាត់។ ខ្ញុំមានអារម្មណ៍ថាខ្ញុំអាចធ្វើបាន។ វ័យខុសគ្នា តែខ្ញុំមានប្រៀបលើអាយុ។ យ៉ាងណាយើងជាកីឡាករប្រកួតបានល្អបំផុតដូចគ្នា។ តែខ្ញុំមានប្រៀបលើជំនាញជាច្រើន។ សូមជឿខ្ញុំចុះ។ យ៉ាងណា Lee គឺជាជើងឯកពិតប្រាកដ ហើយខ្ញុំក៏មិនមើលងាយគេដែរ។ ប៉ុន្តែរឿងធំ គឺ ត្រូវយកឈ្នះរូបគេឲ្យបាន»។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្តបន្ទាប់របស់ស្ថាប័ន ONE Championship មានការផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី