Xiong Jing Nan ឬ គេស្គាល់ថា “The Panda” ចង់ជួបដៃគូប្រជែងខ្សែក្រវាត់ ONE Women’s Strawweight World Title ជាថ្មីម្ដងទៀតដើម្បីការពារខ្សែក្រវាត់របស់ខ្លួន។ “The Panda” សង្ឃឹមថារូបគេនៅតែបង្កើតបានការប្រកួតដ៏ទាក់ទាញ។


វីរនារីរបស់ចិនដែលបច្ចុប្បន្នបានផ្លាស់ប្ដូរទៅហ្វឹកហាត់នៅ សិង្ហបុរីឯក្លិប Evolve ហើយត្រូវដាក់គោលដៅការពារខ្សែក្រវាត់ម្ដងទៀតទល់នឹង Tiffany “No Chill” Teo បន្ទាប់ពីការពារខ្សែក្រវាត់ World Title បានសម្រេចពេលផ្ដួល Ayaka “Zombie” Miura ឲ្យសន្លប់នៅក្នុងកម្មវិធី ONE: KING OF THE JUNGLE កាលខែ កុម្ភៈ កន្លងទៅ។ ការជួបគ្នាជាថ្មីជាលើកទី២ត្រូវបានលើកពេលដោយសារតែមេរោគរាតត្បាត COVID-19 ខណៈដែលរដ្ឋាភិបាលសិង្ហបុរីបន្តរឹតត្បិត និងបិទប្រទេសអំឡុងពេលដ៏លំបាកនេះ។ យ៉ាងណាក្ដី Xiong នៅតែគិតវិជ្ជមានចំពោះការប្រកួត។

ម្ចាស់ខ្សែក្រវាត់ខាងលើពន្យល់ថា ៖«ខ្ញុំមើលឃើញថា មានក្រុមគ្រូបង្វឹក និង កីឡាករកីឡាការិនីខ្លាំងៗនៅក្លិប។ ខ្ញុំចង់មកទីនេះ ព្រោះខ្ញុំចង់ហក់ទៅចំណុចកាន់តែខ្ពស់។ ខ្ញុំបានមកសិង្ហបុរីជាច្រើនដងដើម្បីមើលស្ថានភាព។ ហើយខែ ធ្នូ កន្លងទៅ ខ្ញុំក៏សម្រេចមកចូលរួមក្លិប Evolve តែម្ដងព្រោះខ្ញុំចង់អភិវឌ្ឍសមត្ថភាព»។

កីឡាការិនីវ័យ៣២ឆ្នាំ រៀបរាប់ទៀតថា ៖«ខ្ញុំស្រលាញ់សិង្ហបុរីតាំងពីដើមមក។ ខ្ញុំស្រលាញ់អាកាសធាតុ និង ទីក្រុង។ ខ្ញុំពេញចិត្តនឹងការហ្វឹកហាត់ជាមួយដៃគូរបស់ខ្ញុំ។ ខ្ញុំស្រលាញ់ក្លិបថ្មីរបស់ខ្ញុំ និង ស្រលាញ់ការនិយាយលេងសើច ខណៈកំពុងហ្វឹកហាត់»។

ពេលនេះក្លិប Evolve ត្រូវផ្អាកបណ្ដោះអាសន្នដោយសារតែការបិទប្រទេស។ “The Panda” នៅតែទន្ទឹងរង់ចាំការដកបម្រាម ដើម្បីឲ្យរូបគេឆាប់បានហ្វឹកហាត់ និង ត្រៀមប្រកួតជាថ្មី។ កីឡាការិនីចិនគូសបញ្ជាក់ទៀតថា ៖«COVID-19 បានផ្ដល់ផលប៉ះពាល់ដល់ការហ្វឹកហាត់របស់ខ្ញុំច្រើនណាស់។ ឥឡូវនេះខ្ញុំអាចហ្វឹកហាត់តិចតួច ឬ ការហាត់ប្រាណខ្លះប៉ុណ្ណោះ។ ខ្ញុំហាត់តែម្នាក់ឯងអត់មានគ្រូ និង អត់មានសម្ភារហ្វឹកហាត់សោះ។ ពេលនេះខ្ញុំគួរតែផ្ដោតលើការប្រកួតក្នុងជំហរដេកបានល្អ។ ទោះយ៉ាងណា ពេល ក្លិបចាប់ផ្ដើមបើក ខ្ញុំនៅតែខ្លាំងជាងមុន»។

Xiong បានផ្ដួល Teo ឲ្យសន្លប់នៅទឹកទី៤ ដើម្បីគ្រងខ្សែក្រវាត់ ONE Women’s Strawweight World Championship កាលខែមករា ឆ្នាំ ២០១៨។ យ៉ាងណាក្ដី ម្ចាស់ខ្សែក្រវាត់ទម្ងន់ Strawweight រូបនេះចង់ផ្ដួលគូសត្រូវចាស់ឲ្យសន្លប់ម្ដងទៀតពេលជួបគ្នាជាថ្មី។ ក្នុងការប្រកួតចុងក្រោយ គូប្រជែងបានយកឈ្នះ Miura, កីឡាការិនីមកពី Team Highlight Reel បានយកឈ្នះ Michelle Nicolini ដែលជាកីឡាការិនីជើងឯក Brazilian Jiu-Jitsu World Champion ៨សម័យ នៅក្នុងកម្មវិធី ONE: HEART OF THE LION។

ជ័យជម្នះជាបន្តបន្ទាប់បានធ្វើឲ្យកីឡាការិនីវ័យ ៣០ ឆ្នាំប្រកួតប្រជែងខ្ពស់ដើម្បីទៅដណ្ដើមខ្សែក្រវាត់ក្នុងទម្ងន់ strawweight ជាពិសេសជាគូប្រជែងស្វិតស្វាញរបស់ Xiong ។ វីរនារីមកពីចិន បានសារភាពថា ៖«Teo រីកចម្រើនណាស់។ ខ្ញុំសប្បាយចិត្តចំពោះរូបគេ ហើយទន្ទឹងរង់ចាំជួបគ្នាជាថ្មី។ គេមានកម្លាំងស្មារតីខ្លាំង និង អភិវឌ្ឍខ្លួនបានលឿន។ គេកាន់តែមានទំនុកចិត្ត ហើយ ក្បាច់របស់គេក៏ល្អគួរកត់សម្គាល់ដែរ»។

“The Panda” ជឿជាក់យ៉ាងមុតមាំថា ការប្រឈមមុខដាក់គ្នាជាថ្មីកាន់តែល្អមើលមិនខាន។ ប៉ុន្តែ អ្វីដែល Xiong ចង់ផ្ដល់ឲ្យអ្នកគាំទ្រនោះគឺ ផ្ដួល Teo ឲ្យសន្លប់នៅលើសង្វៀនឲ្យខាងតែបាន។ Xiong បានសង្កត់ធ្ងន់ថា ៖«វាជាការប្រកួតដ៏មានតម្លៃ ។ តាំងពីការប្រកួតដណ្ដើមខ្សែក្រវាត់ ONE World Title ទល់នឹង Teo កាលពីពីរឆ្នាំមុន យើងទាំងពីររីកចម្រើនខ្លាំងណាស់ និងផ្លាស់ប្ដូរដូចគ្នា។ ខ្ញុំមិនអាចប្រាប់អ្នកឲ្យគ្រប់សព្វអំពីការប្រកួតគុនចម្រុះនោះទេ។ ប៉ុន្តែអ្នកនឹងឃើញការផ្លាស់ប្ដូរពេលយើងជួបគ្នាម្ដងទៀត។ មានរឿងអីក៏ដោយ ខ្ញុំចង់វ៉ៃគេឲ្យសន្លប់តដៃលែងរួចតែម្ដង»។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្តបន្ទាប់របស់ស្ថាប័ន ONE Championship មានការផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី