Rodtang Jitmuangnon ឬ គេស្គាល់ថា “The Iron Man” ដែលជាម្ចាស់ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion បានបង្ហើបអំពីភាពប្រាកដប្រជាមួយ។ កីឡាករវ័យ២២ឆ្នាំមកពីបាងកករូបនេះចង់ឈ្នះខ្សែក្រវាត់ផ្សេងទៀតក្រៅពីការប្រកួតមួយថៃ និង ចង់ការពារខ្សែក្រវាត់ របស់ខ្លួនឲ្យខាងតែបានផងដែរពេលជួបអ្នកលេងជើងថ្មី។

Rodtang កំពុងចំណាយពេលវេលាជាមួយកំណាន់ចិត្តម្ចាស់ខ្សែក្រវាត់ ONE Atomweight Muay Thai World Champion កីឡាការិនី Stamp Fairtex និងគ្រួសារខាងស្រីឯខេត្ត Rayong ក្នុងអំឡុងពេលការរីករាលដាលមេរោគឆ្លង COVID-19។ Rodtang មិនទាន់ស្គាល់ពាក្យថាចាញ់នោះទេ បន្ទាប់ពីចូលរួមប្រកួតក្នុងកម្មវិធី ONE Super Series តាំងពីខែ កញ្ញា ឆ្នាំ ២០១៨។ កីឡាកររហស្សនាម “The Iron Man” បានទទួលជ័យជម្នះ ៧លើកនៅលើសង្វៀន ONE Championship ដែលការប្រកួតចុងក្រោយបានផ្ដួលគូប្រជែងចាស់ Jonathan “The General” Haggerty ឲ្យសន្លប់ក្នុងជំនួបសងសឹកកាលខែមករា កន្លងទៅ។

ប៉ុន្តែមុនពេលរូបគេ ឡើងការពារខ្សែក្រវាត់ម្ដងទៀត “The Iron Man” មានបំណងប្ដូរទៅប្រកួតដណ្ដើមខ្សែក្រវាត់ថ្មីមួយទៀត គឺ ONE Flyweight Kickboxing World Champion ដោយត្រូវដណ្ដើមពី Ilias Ennahachi ឬ គេស្គាល់ថា “Tweety”។ តារារបស់ថៃរូបនេះចង់ដើរតាមគន្លងរបស់មិត្តស្រីដែលឈ្នះខ្សែក្រវាត់ World Champion រហូតដល់ពីរនាពេលកន្លងទៅពីសង្វៀន The Home Of Martial Arts (ONE)។ ដើម្បីឈ្នះខ្សែក្រវាត់បាន ទាល់តែ Rodtang អាចយកឈ្នះម្ចាស់ខ្សែក្រវាត់កូនកាត់ម៉ារ៉ុក-ហូឡង់ ខាងលើ។

ម្ចាស់ខ្សែក្រវាត់លំដាប់ពិភពលោកសញ្ជាតិថៃបានរៀបរាប់ថា៖«គោលដៅដែលផ្ដួល Haggerty ក្នុងជំនួបសងសឹកនោះ គឺដើម្បីប្រជែងខ្សែក្រវាត់ជាមួយ Ennahachi ក្នុងកម្មវិធី kickboxing នាពេលបន្ទាប់។ ខ្ញុំពិតជាចង់បានខ្សែក្រវាត់ណាស់។ ខ្ញុំស្រលាញ់ខ្សែក្រវាត់ក្នុងពីរប្រភេទកីឡាផ្សេងគ្នា។ រឿងនេះដូច Stamp បានធ្វើកន្លងទៅអីចឹង»។
Rodtang កំពុងសម្លឹងឱកាសមាសដើម្បីស្វែងរកខ្សែក្រវាត់ ហើយរូបគេក៏បានដឹងគោលដៅរួចជាស្រេចទៅហើយដែរ។ កាលពីបីសប្ដាហ៍មុន Nguyen Tran Duy Nhat ឬ គេហៅថា “No.1” មានបំណងដណ្ដើមខ្សែក្រវាត់ ONE Flyweight Muay Thai World Championship ពី “The Iron Man” នៅពេលដែលការប្រកួតឆ្នាំ២០២០ នេះចាប់ផ្ដើមឡើងវិញ។

កីឡាករវៀតណាម Duy Nhat បានធ្វើឲ្យគេចាប់អារម្មណ៍ច្រើននៅក្នុងកម្មវិធី ONE Super Series។ កីឡាករវ័យ៣១ឆ្នាំរូបនេះបានផ្ដួល Azwan Che Wil ឲ្យសន្លប់នៅសល់ត្រឹមប៉ុន្មានវិនាទីប៉ុណ្ណោះមុនចប់ការប្រកួតកាលខែ កញ្ញា។ ហើយរូបគេក៏ផ្ដួល កីឡាករជប៉ុន Yuta Watanabe ដោយក្បាច់ទាត់ចំក្បាលកាលខែ វិច្ឆិកា ឆ្នាំមុន។
បែបណាក្ដី កីឡាករមកពីបាងកកបានឮសំណូមពររបស់កីឡាករវៀតណាម ហើយ Rodtang រង់ចាំទទួល ១០០% ពេលសង្វៀនដំណើរការវិញ និង លៃលកពេលជួប Duy Nhat នៅថ្ងៃណាមួយ។ កីឡាករមកពីក្លិប Jitmuangnon Gym បានបញ្ជាក់ដូច្នេះ៖«ខ្ញុំគិតថារូបគេជាកីឡាករល្អម្នាក់។ យើងនឹងជួបគ្នានៅថ្ងៃណាមួយ បើសិនយើងស្ថិតក្នុងគីឡូដូចគ្នា»។

វាមិនបញ្ហានោះទេដែល Duy Nhat ចង់ប្រជែងយកខ្សែក្រវាត់ពី “The Iron Man” បើសិនជាកីឡាករវៀតណាមរូបនេះដល់កម្រិតកំពូល។ Rodtang តែងតែចង់ប៉ះនរណាក៏បាន ហើយគូប្រជែងក៏លំបាកនឹងឆក់យកខ្សែក្រវាត់ ONE Flyweight Muay Thai World Title ពីរូបគេបានដែរ។ កីឡាកររហស្សនាមជាភាសាខ្មែរ «មនុស្សដែក» បានសង្កត់ធ្ងន់ដូច្នេះ ៖«បើខ្ញុំនៅតែជាជើងឯក ខ្ញុំមានឆន្ទៈជួបនរណាក៏បានបើចង់ដណ្ដើមខ្សែក្រវាត់។ ពួកគេត្រូវតែឆ្លងកាត់ខ្ញុំ។ ខ្ញុំមិនមែនប្រគល់ឲ្យស្រួលៗនោះទេ»។

ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុកONEChampionship៕

អត្ថបទ៖ ស៊ីធី