ONE Championship™ (ONE) ដែលជាស្ថាប័នរៀបចំព្រឹត្តិការណ៍កីឡាធំបំផុតក្នុងប្រវត្តិសាស្ត្រទ្វីបអាស៊ីបានប្រកាសថា Ankiti Bose សហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Zilingo នឹងចូលរួមជាមួយលោក Chatri Sityodtong ប្រធាន និងនាយកប្រតិបត្តិរបស់ ONE Championship ដើម្បីធ្វើជាអ្នកវាយតម្លៃនៅកម្មវិធី The Apprentice: ONE Championship Edition ក្នុងចំណោមនាយកប្រតិបត្តិ១២រូបផ្សេងទៀត។

Bose នឹងចូលរួមជាមតិវាយតម្លៃលើកីឡាករខ្លាំងៗ ១៦ រូប ដែលចូលមកប្រកួតប្រជែងទាំងផ្នែកកាយសម្បទា និង មុខជំនួញ។ កម្មវិធីខាងលើនេះត្រូវបានលោក Sityodtong ពិពណ៌នាថាជាកម្មវិធីដ៏លំបាកមួយ និងស្វែងរកជើងខ្លាំងមិនត្រឹមតែការប្រកួតលើសង្វៀននោះទេ ប៉ុន្តែ ស្វែងរកអ្នកខ្លាំងលើការងារជំនួញផងដែរ។

លោក Chatri Sityodtong ជាប្រធាន និងជានាយកប្រតិបត្តិ របស់ ONE Championship បានរៀបរាប់ឲ្យដឹងបែបនេះ ៖«ខ្ញុំមានកិត្តិយសសូមប្រកាសថា Ankiti Bose ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Zilingo ត្រូវបានចាត់ចូលជាក្រុមអ្នកវាយតម្លៃក្នុងចំណោមនាយកប្រតិបត្តិ ១២ រូបផ្សេងទៀតនៅក្នុងកម្មវិធី The Apprentice: ONE Championship Edition។ Ankiti គឺជាមនុស្សម្នាក់ដែលលើកទឹកចិត្តខ្លាំងក្លាដល់ស្ត្រីក្មេងៗជាច្រើននិងដើម្បីឲ្យពួកគេសម្រេចក្ដីសុបិនរបស់ខ្លួន។ គាត់ក៏មានមុខជំនួញដ៏រឹងមាំ ហើយវាគ្មានអ្វីត្រូវសង្ស័យនោះឡើយក្នុងការជ្រើសរើសគាត់មកវាយតម្លៃបេក្ខភាពទាំង ១៦ នាក់។ ខ្ញុំពិតជារីករាយដែល Ankiti មកចូលរួមធ្វើការងារនេះជាមួយពួកយើង»។

គួរដឹងថានៅឆ្នាំ២០១៥ Bose ដែលមានវ័យត្រឹម ២៣ ឆ្នាំបានបង្កើតក្រុមហ៊ុន Zilingo នេះឡើង។ ក្រោមការដឹកនាំរបស់ Bose ក្រុមហ៊ុន Zilingo បានរីកចម្រើនកើនគួរឲ្យកត់សម្គាល់រហូតមានទឹកប្រាក់ ៣០០លានដុល្លារអាមេរិក (៣០០,០០០,០០០ ដុល្លារអាមេរិក) និង បង្កើតបានជាក្រុមហ៊ុនជំនួញធំបំផុតមួយ (B2B) នៅតំបន់អាស៊ី។ Bose បានចាប់ផ្ដើមអាជីពជាអ្នកប្រឹក្សាយោបល់ផ្នែកគ្រប់គ្រង (Management Consultant) នៅក្រុមហ៊ុន McKinsey & Company មុនចូលចូលបម្រើការនៅ Sequoia Capital។ បទពិសោធន៍ទាំងនេះ ធ្វើឲ្យ Bose កាន់តែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីវាយតម្លៃដល់សហគ្រិនជំនន់ក្រោយ។

បន្ទាប់ពីត្រូវបានជ្រើសរើស Ankiti Bose ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Zilingo បានថ្លែងថា ៖«ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានចូលរួមវាយតម្លៃជាមួយ Chatri ក្នុងកម្មវិធីនេះ។ វាជាបទពិសោធន៍ដ៏អស្ចារ្យមួយសម្រាប់អ្នកប្រកួតប្រជែង និង ទន្ទឹងរង់ចាំស្វែងរកអ្នកដែលមានភាពឈ្លាសវៃដ៏ល្អឯកក្នុងពិភពជំនួញពីសំណាក់បេក្ខភាពប្រកួតប្រជែង»។

កម្មវិធី «The Apprentice: ONE Championship Edition» នឹងអញ្ជើញបេក្ខភាពជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ១៦ រូបជុំវិញពិភពលោកមកប្រកួតប្រជែងទាំងផ្នែកកាយសម្បទា និង មុខជំនួញ។ ចំណែកអ្នកឈ្នះនឹងទទួលបានប្រាក់រង្វាន់ ២៥ ម៉ឺនដុល្លារអាមេរិក និង ទទួលបានការងារធ្វើរយៈពេលមួយឆ្នាំក្រោមការគ្រប់គ្រងរបស់លោក Sityodtong ដែលមានទីស្នាក់ការធំនៅប្រទេសសិង្ហបុរី។
ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុកONEChampionship>

អត្ថបទ៖ ស៊ីធី