Josh Tonna ឬ គេស្គាល់ឈ្មោះក្រៅថា “Timebomb” សម្ដែងការគោរពយ៉ាងជ្រាលជ្រៅដល់ម្ចាស់ខ្សែក្រវាត់ ONE Strawweight Muay Thai World Champion កីឡាករ Sam-A Gaiyanghadao។ កីឡាករមកពីក្រុង Canberra ដែលស្ថិតក្នុងលំដាប់កំពូលម្នាក់នៃទម្ងន់ Strawweight បានសរសើរដល់ម្ចាស់ខ្សែក្រវាត់ពីរ Sam-A Gaiyanghadao ព្រោះវីរបុរសថៃរូបនេះធ្វើបានល្អខ្លាំងណាស់លើសង្វៀន។
ទោះជាមានការលើកសរសើរ ប៉ុន្តែ Tonna ជឿជាក់ថា រូបគេមានទំនុកចិត្តធ្វើឲ្យ Sam-A ខកចិត្តពេលប្រកួតដណ្ដើមយកខ្សែក្រវាត់។ បុរសវ័យ៣១ ឆ្នាំមកពីអូស្ត្រាលី បានថ្លែងបែបនេះ៖«Sam-A គឺជាកីឡាករដ៏អស្ចារ្យម្នាក់។ គាត់ប្រកួតបានល្អ និងប្រើភាពវ័យឆ្លាតបានល្អរៀងរាល់ការប្រកួត។ មើលទៅគាត់អាចសម្របខ្លួនពេលជួបគូប្រជែង ហើយគាត់វ៉ៃម្ដងៗល្អមើលណាស់។ គាត់ជាកំពូលអ្នកលេងមួយថៃ»។
កីឡាករដដែលរៀបរាប់ថា ៖«យ៉ាងណា រូបគាត់ជាបុរសម្នាក់ក៏ធ្លាប់ចាញ់ដែរ។ យើងបានមើលបរាជ័យរបស់គាត់។ ខ្ញុំគោរពគាត់គ្រប់បែបយ៉ាង និង ការតស៊ូរបស់គាត់រហូតដល់ពេលនេះ។ អ្នកមិនអាចប្រកែកបានទេ។ ប៉ុន្តែខ្ញុំ គឺជាគូប្រជែងដ៏ខ្លាំងក្លាជាមួយគាត់ មុនពេលបន្តជួបអ្នកផ្សេង។ ខ្ញុំជាដៃគូដ៏តឹងតែងសម្រាប់គាត់នៅលើសង្វៀន»។
កាលខែ កុម្ភៈ កីឡាករអូស្ត្រាលី យកឈ្នះ កីឡាករចក្រភពអង់គ្លេស Andy “The Punisher” Howson នៅក្នុងកម្មវិធី ONE: WARRIOR’S CODE នាក្រុងហ្សាកាតាប្រទេសឥណ្ឌូណេស៊ី។ ពេល Howson ប្រកួតក្នុងទម្ងន់ strawweight ដោយប៉ះម្ចាស់ជើងឯក Muay Thai World Champion ៥សម័យកាល ប៉ុន្តែ “Timebomb” មិនបង្ហាញភាពភ័យខ្លាចឡើយនៅឯសង្វៀន Istora Senayan។
វាជាការប្រកួតដ៏ល្អ ហើយយកឈ្នះ Howson ត្រឹមទឹកទី២ប៉ុណ្ណោះដោយសារកណ្ដាប់ដៃស្ដាំ និង និង អុកជង្គង់ចំក្បាលបន្ថែមឲ្យសន្លប់ឈឹង។ Tonna បានយកឈ្នះតារាជើងចាស់ និងអាចឈានទៅដណ្ដើមខ្សែក្រវាត់នៅថ្ងៃណាមួយ។ Tonna បានរំលឹកថា៖«ខ្ញុំមានអារម្មណ៍ថាអាចឈានទៅដណ្ដើមខ្សែក្រវាត់ក្រោយជ័យជម្នះចុងក្រោយរបស់ខ្ញុំ។ ខ្ញុំមិនមានការសង្ស័យអ្វីទេ។ ខ្ញុំជឿជាក់លើសមត្ថភាពរបស់ខ្ញុំ និងខ្លួនឯង ហើយខ្ញុំចង់បង្ហាញអំពីស្មារតីសម្រាប់ជនជាតិអូស្ត្រាលី»។
Sam-A ជាវីរបុរសនៃក្បាច់គុនមួយថៃ។ គេប្រកួតបានជាង ៤០០ ដងក្នុងអាជីព ហើយត្រូវបានគេចាត់ទុកថាជាកីឡាករមានជំនាញទាត់យ៉ាងលឿនបំផុតផងដែរ។ កីឡាករជើងចាស់មកពីក្លិប Evolve បានធ្វើឲ្យរង្គើនៅកម្មវិធី ONE Super Series នៅពេលគេផ្ដួល Sergio “Samurai” Wielzen ដើម្បីគ្រងខ្សែក្រវាត់ ONE Flyweight Muay Thai World Championship។ ពេល Sam-A របូតខ្សែក្រវាត់ទៅ Jonathan “The General” Haggerty កាលខែឧសភា ឆ្នាំ ២០១៩ រូបគេក៏រំកិលមកប្រកួត ទម្ងន់ Strawweight វិញ។
ក្នុងប្រកួតដំបូងពេលប្ដូរទម្ងន់ Sam-A បានផ្ដួលកីឡាករបារាំង Daren Rolland ឲ្យសន្លប់ក្នុងការប្រកួតមួយថៃកាលខែតុលា ឆ្នាំមុន ហើយបន្ទាប់មកប្ដូរទៅប្រកួត Kickboxing និងយកឈ្នះកីឡាករចិន “Golden Boy” Wang Junguang ដោយពិន្ទុជាឯកច្ឆន្ទដើម្បីគ្រងខ្សែក្រវាត់ ONE Strawweight Kickboxing World Title កាលខែធ្នូឆ្នាំមុន។ ក្រោយមក កីឡាករថៃឈ្នះ Rocky Ogden ដើម្បីគ្រងខ្សែក្រវាត់ទី២ ONE Strawweight Muay Thai World Championship។
Tonna បានទទួលស្គាល់ថា Sam-A គឺជាតារាជើងចាស់សម្បូរដោយល្បិច។ កីឡាករអូស្ត្រាលីគូសបញ្ជាក់ថា ៖«ខ្ញុំមានអារម្មណ៍ Daren, Wang, និង Rocky សុទ្ធតែល្អ ប៉ុន្តែមិនអាចធ្វើឲ្យ Sam-A ចុះចាញ់បាន ឬ ត្រូវចំណុចខ្សោយ។ ពួកគេអស្ចារ្យ តែមិនមែនជាយប់របស់គេ»។
នាពេលនេះ “Timebomb” គ្មានអ្វីត្រូវគិតច្រើន ប៉ុន្តែត្រៀមខ្លួនដើម្បីឆក់យកខ្សែក្រវាត់បើសិនមានឱកាសជួបគ្នា។ យ៉ាងណាក្ដី មេរោគ COVID-19 ធ្វើឲ្យកីឡាករពិបាកហ្វឹកហាត់ និងរក្សាកម្លាំងដោយសារតែក្លិបត្រូវបានបិទបណ្ដោះអាសន្ន។ ប៉ុន្តែកីឡាករអូស្ត្រាលីនៅតែខំប្រឹងរក្សាកម្លាំងដើម្បីដណ្ដើមយកខ្សែក្រវាត់ពេលការប្រកួតមកវិញ។
វាគ្មានអ្វីត្រូវធានាទេ ប៉ុន្តែ Tonna មានការតាំងចិត្តខ្ពស់។ Tonna បង្ហើបការតាំងចិត្តបែបនេះ៖«ខ្ញុំសូមប្រាប់អ្នករឿងមួយ ខ្ញុំបានហ្វឹកហាត់ដើម្បីត្រៀមការប្រកួតយូរមកហើយជាមួយ Sam-A។ ការប្រកួតនឹងមកដល់នៅថ្ងៃណាមួយ ហើយខ្ញុំអាចឈ្នះបាន ដូចដែលខ្ញុំបានយកឈ្នះ Andy Howson អីចឹង។ ខ្ញុំត្រូវការការប្រកួតព្រោះខ្ញុំបានត្រៀមយូរហើយ។ ខ្ញុំបន់ឲ្យការពិតមកដល់»។
ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុកONEChampionship។
អត្ថបទ៖ ស៊ីធី