វីរបុរសជំនាញជឺជិតស៊ូបានចុះកុងត្រាប្រកួតឲ្យសង្វៀនលំដាប់អន្តរជាតិ ONE Championship កាលថ្ងៃអាទិត្យទី ១៧ ឧសភា ២០២០ ក្នុងការប្រកួតគុនចម្រុះ។ ការចុះកុងត្រាយកអ្នកជំនាញគុនចម្រុះមកពីអាមេរិក Tom DeBlass ដែលមានវ័យ ៣៨ ឆ្នាំត្រូវបានប្រធាន និងជានាយកប្រតិបត្តិរបស់ ONE Championship ប្រកាសលើ Facebook ផ្លូវការរបស់ខ្លួន។

DeBlass គឺជាគ្រូបង្វឹករបស់ Garry “The Lion Killer” Tonon ដែលប្រកួតក្នុងទម្ងន់ featherweight និងធ្វើឲ្យកូនសិស្សប្រកួតបានល្អអង្រួនពិភពលោកមិនណយទេ។ DeBlass ជាម្ចាស់ខ្សែក្រវាត់ BJJ World Champion ច្រើនសម័យកាលក្នុងពិភពក្បាច់គុនចម្រុះបន្ទាប់ពីបង្ហាញខ្លួនកាលខែ មិថុនា ឆ្នាំ ២០១០។ ក្នុងចំណោមជ័យជម្នះ ៩ លើក និងចាញ់ ២ លើក DeBlass ឈ្នះ ៤ដងដោយផ្ដួលគូប្រកួតឲ្យសន្លប់ និង ២លើកធ្វើឲ្យគូប្រកួតចុះចាញ់។ ក្នុងអំឡុងពេល៣ឆ្នាំកន្លះ គេឈ្នះខ្សែក្រវាត់ Ring Of Combat Heavyweight និង Light Heavyweight Titles។ ពេលផ្ដួល Jason Lambert ឲ្យសន្លប់កាលខែវិច្ឆិកា ឆ្នាំ ២០១៣ DeBlass បានសម្រេចចិត្តចូលនិវត្តន៍ដោយផ្ដោតលើការបង្ហាត់ក្បាច់គុនជឺជិតស៊ូវិញ។

DeBlass បានធ្វើដំណើរមកអាស៊ីដើម្បីឲ្យទឹកកីឡាករ Tonon នៅសង្វៀន ONE Championship ហើយបន្ទាប់មករូបគេក៏ពេញចិត្តនឹងព្រឹត្តិការណ៍របស់ ONE។ «ខ្ញុំចងចាំលើកដំបូង ពេលខ្ញុំមកឲ្យទឹក Garry Lee Tonon លោក Chatri Sityodtong ប្រធាន និងនាយកប្រតិបត្តិរបស់ ONE បានដើរមកកាន់ខ្ញុំដូចស្គាល់គ្នាជាយូរមកហើយ។ ខ្ញុំបានកោតសរសើរគាត់ ស្រលាញ់បុគ្គលិក និងអ្នកគាំទ្រ។ ខ្ញុំបានទស្សនាព្រឹត្តិការណ៍ បានមើលកីឡាករ សម្ដែងការគោរពដល់ពួកគេ និង ធ្វើឲ្យខ្ញុំស្រលាញ់ MMA ជាថ្មី។ ខ្ញុំស្រលាញ់ការប្រកួត និងគ្មានស្ថាប័នណាដូច ONE ទេ»។ DeBlass បានរៀបរាប់លើហ្វេសប៊ុកបែបនេះ។

កីឡាករគុនចម្រុះដដែលនេះបានគូសបញ្ជាក់ដូច្នេះ ៖«ខ្ញុំត្រលប់មកវិញ និង អាចផ្ដួលនរណាក៏បានឬ ក៏អាចឈ្នះ។ ខ្ញុំចង់លើកទឹកចិត្តដល់អ្នករាល់គ្នា និងរំលឹកថា ជីវិតគឺជាការប្រកួត។ ទោះវាមិនងាយស្រួល ប៉ុន្តែយើងត្រូវធ្វើអ្វីដែលយើងចង់ធ្វើ។ ខ្ញុំសន្យាថាធ្វើឲ្យល្អបំផុតទោះអាយុ ៣៨ ឆ្នាំ។ នេះជាកិច្ចការរបស់ខ្ញុំដែលខ្ញុំបានទទួល។ ឥឡូវនេះដល់ពេលដែលខ្ញុំត្រលប់មកដោយភាពរឹងមាំ។ សូមអរគុណចំពោះការគាំទ្រ និង អរគុណ Chatri សម្រាប់ការផ្ដល់ឱកាស»។

ជាមួយគ្នានោះ ប្រធាន និងនាយកប្រតិបត្តិរបស់ ONE Championship លោក Chatri Sityodtong បានឲ្យដឹងថា ៖«សូមស្វាគមន៍វីរបុរសជឺជិតស៊ូ Tom DeBlass ដែលមានកំណត់ត្រាឈ្នះ ៩ លើកនិងចាញ់ ២ លើកមកកាន់ ONE Championship។ គេគឺជាមនុស្សដែលមានសែស្រឡាយជាជើងឯកពិតប្រាកដ និងចូលមកប្រកួតគុនចម្រុះក្នុងទម្ងន់ heavyweight និង អាចប្រកួតក្នុងទម្ងន់ light heavyweight ផងដែរ។ ដោយមានជំនាញបញ្ចប់គូប្រកួតបានល្អ Tom ក៏មានសក្ដានុពលក្នុងពីរប្រភេទទម្ងន់ផងដែរ និងឈានទៅដណ្ដើមខ្សែក្រវាត់ពិភពលោក។ គេនឹងចូលរួមប្រកួតប្រជែងខ្ពស់។ គេប្រាប់ខ្ញុំថា ពិភពលោកនឹងឃើញភាពអស្ចារ្យរបស់ខ្លួនក្នុងប្រវត្តិសាស្ត្រ»។

នាយកប្រតិបត្តិដដែលបានពិពណ៌នាថា ៖«Tom មិនត្រឹមតែអ្នកជំនាញក្បាច់ចាប់ ប៉ុន្តែជាគំរូល្អប្រកបដោយឆន្ទៈដើម្បីដណ្ដើមខ្សែក្រវាត់ទៀតផង។ គេមិនទាន់ដឹងមានអ្វីកើតឡើងប៉ុន្តែ Tom និងខ្ញុំ គឺជា មិត្តតាមហ្វេសប៊ុក Facebook។ យើងមានការចែករំលែកផ្នត់គំនិតស្រដៀងគ្នា និង មានសេចក្ដីគោរព និងការកោតសរសើរទៅវិញទៅមក។ បើអ្នកមិនតាមដាន Tom តាមបណ្ដាញសង្គម ខ្ញុំអាចផ្ដល់អនុសាសន៍ឲ្យបងប្អូន Follow គាត់។ Tom ចែករំលែកគំនិតល្អៗ និង ការកម្សាន្តជាច្រើន។ ជីវិតពិតរបស់គេគឺជាការលើកទឹកចិត្តដ៏ល្អ»។

ការបង្ហាញខ្លួនដំបូងរបស់ DeBlass លើកដំបូងមិនទាន់បានបង្ហើបនោះទេ ប៉ុន្តែ គេនឹងបង្ហាញខ្លួនក្នុងទម្ងន់ heavyweight និងអាច light heavyweight ផងដែរក្នុងពេលសមស្រប។ Tom នឹងក្លាយជាដៃគូប្រកួតដ៏មានសក្ដានុពលតតាំងនឹងម្ចាស់ខ្សែក្រវាត់ ONE Heavyweight World Champion កីឡាករ Brandon “The Truth” Vera និងម្ចាស់ខ្សែក្រវាត់ ONE World Champion ចំនួនពីរកីឡាករ Aung La “The Burmese Python” N Sang។

ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុក ONEChampionship ៕

អត្ថបទ៖ ស៊ីធី