លោក Jitinat Asdamongkol ប្រធាន ONE Championship ប្រចាំនៅប្រទេសថៃ រួមជាមួយកីឡាករល្បីៗនៅប្រទេសនេះបានផ្ដល់អាហារដល់គ្រួសារមួយចំនួននៅតំបន់ Wat Pai Ngern ដែលស្ថិតនៅរាជធានីបាងកកនាពេលថ្មីៗនេះ។
អមជាមួយអ្នកតំណាងក្លិប PK.Saenchaimuaythaigym មានកីឡាករដូចជា Shannon “OneShin” Wiratchai, Petchboonchu FA Group និង Pongsiri PK.Saenchaimuaythaigym ដែលបានរួមចំណែកផ្ដួចផ្ដើមកម្មវិធី ONE Care ដើម្បីចូលរួមជួយមនុស្សទីទាល់អំឡុងពេលមានវិបត្តិ COVID-19។ អ្នកភូមិមកពីម្ដុំវត្ត Phai Ngern និងតំបន់ក្បែរនោះចំនួន ៨០០ គ្រួសារទទួលបានបានអាហារ, សម្ភារប្រើប្រាស់ក្នុងផ្ទះ និង ប្រាក់ឧបត្ថម្ភមួយចំនួន។
នាឱកាសនោះលោក Jitinat បានថ្លែងឲ្យដឹងថា ៖«ONE Championship សម្ដែងភាពរីករាយដែលបានចាប់ដៃជាមួយដៃគូសហការដើម្បីជួយដល់សង្គមក្នុងគ្រប់ទម្រង់។ យើងកំពុងព្យាយាមជួសជុលរឿងរ៉ាវអវិជ្ជមាន ដែលបានកើតឡើងក្នុងពិភពប្រដាល់ក្នុងប្រទេសរបស់យើង។ វាបានជះឥទ្ធិពលដល់ការហ្វឹកហាត់ និងការប្រកួតនានាពេលថ្មីៗនេះដោយសារតែ COVID-19»។
អ្នកតំណាងមកពីក្លិប PK.Saenchaimuaythaigym មានលោក “Sor Ann” Amphon និង “Khun Game” Thoedsak ហើយលោកទាំងពីរសុទ្ធតែបង្ហាញមោទកភាពក្នុងការរួមចំណែកជួយដល់អ្នកនៅក្នុងតំបន់ដូចគ្នា។ លោក Thoedsak បាននិយាយថា ៖«សហគមន៍ Wat Pai Ngern គឺជាតំបន់សំខាន់មួយ។ ដូចទៅនឹងតំបន់ក្បែរវត្តិ Phai Ngern , ក្លិប PK.Saenchaimuaythaigym ក៏ជាកន្លែងប្រជុំដោយមនុស្សជាច្រើនក្នុងតំបន់នេះ។ ពេលខ្លះ មនុស្សមកជួបគ្នានិងជជែកទៅកាន់ក្រុមកីឡាករប្រដាល់ក្នុងអំឡុងពេលហ្វឹកហាត់ជាដើម។ ពួកគេស្រលាញ់កីឡាករប្រដាល់ និង អ្នកខ្លះបានបញ្ជូនកូនទៅហាត់ប្រដាល់ទៀតផងនៅទីនោះ»។ លោក Thoedsak បញ្ជាក់ទៀតថា៖«បើក្លិបដឹងថាពួកគេជួបបញ្ហា នោះយើងបានត្រៀមរួចហើយដើម្បីជួយជ្រោមជ្រែងក្នុងន័យបង្កើតទំនាក់ទំនងល្អ»។
ចំណែក Wiratchai ដែលជាអ្នកត្រួសត្រាយផ្លូវម្នាក់ក្នុងពិភពកីឡាគុនចម្រុះនៅប្រទេសថៃនិងជាកីឡាករប្រកួតនៅ ONE Championship ទម្ងន់ featherweight សម្ដែងភាពរីករាយដោយបានចូលរួមក្នុងកិច្ចការសង្គមនេះនាភូមិកំណើតរបស់ខ្លួន។ Wiratchai លាតត្រដាងថា៖«នេះជាសហគមន៍ទីកំណើតរបស់ខ្ញុំ។ គ្រាមួយនោះក៏ខ្ញុំធ្លាប់បួសជាសង្ឃលើកដំបូងនៅវត្តក្បែរនោះដែរ»។
មន្ត្រីអ្នកមុខអ្នកការអមដំណើរក៏ប្រគល់ម៉ាស់ និង ជែលលាងដៃ ហើយថែមទាំងវាស់កម្ដៅទៀតផងមុននឹងទទួលចំណីអាហារ និងសម្ភារដើម្បីការពារការរីករាលដាលនៃមេរោគនេះកូរ៉ូណា។ កម្មវិធីនេះបានប្រព្រឹត្តទៅរលូន និងជោគជ័យ ហើយនៅមានកម្មវិធីបន្តបន្ទាប់ទៀតទៅថ្ងៃមុខ។
ONE Championship នឹងបន្តធ្វើរឿងជាច្រើនទៀតដើម្បីជួយអ្នកងាយរងគ្រោះនាគ្រាដ៏លំបាកនេះដែលជាការរួមចំណែកជួយដល់កីឡាមួយថៃ និង ជួយដល់សង្គមជាតិ។
លោក Jitinat បានពិពណ៌នាថា ៖«នេះជំហានដំបូងនៃគម្រោង។ នៅមានការផ្ដួចផ្ដើមជាច្រើនទៀតដែលបច្ចុប្បន្ន ONE កំពុងធ្វើការជាមួយដៃគូ ក្នុងគោលបំណងជួយដល់វិស័យកីឡាប្រយុទ្ធឲ្យត្រលប់មកប្រក្រតីឡើងវិញនិងពង្រីកផ្នែកពាក់ព័ន្ធថែមទាំងជួយជ្រោមជ្រែងដល់សេដ្ឋកិច្ចជាតិ»។
ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុកONEChampionship។
អត្ថបទ៖ ស៊ីធី