Sam-A Gaiyanghadao ដែលកំពុងកាន់ខ្សែក្រវាត់ ONE World Champion រហូតដល់ពីរខ្សែត្រូវបានគេដាក់ក្រសែភ្នែកមិនស្ទើរទេក្នុងការឡើងមកការពារខ្សែក្រវាត់របស់ខ្លួននាថ្ងៃមុខ។ Sam-A គឺជាកីឡាករចំណាត់ថ្នាក់កំពូលពីកម្មវិធី ONE Super Series Muay Thai និង kickboxing ក្នុងទម្ងន់ strawweight បន្ទាប់ពី ONE Championship ចេញចំណាត់ថ្នាក់ផ្លូវការលើកដំបូងនាពេលថ្មីៗនេះ។

វីរបុរស Sam-A ដែលគ្រងខ្សែក្រវាត់ ONE Strawweight Kickboxing World Title កាលខែ ធ្នូ ឆ្នាំមុន និង ឈ្នះខ្សែក្រវាត់ ONE Strawweight Muay Thai World Title កាលខែ កុម្ភៈ នាដើមឆ្នាំនេះ ត្រូវបានគេទទួលស្គាល់ជាស្ដេចប្រដាល់ម្នាក់ក្នុងប្រភេទទម្ងន់ខាងលើ។ នាពេលបច្ចុប្បន្ននេះកីឡាករថៃដែលហ្វឹកហាត់នៅសិង្ហបុរី មិនទាន់ដាក់គោលដៅឡើងការពារខ្សែក្រវាត់ជាមួយកីឡាកររូបណានោះទេ ប៉ុន្តែ Josh Tonna ឬ គេស្គាល់ថា “Timebomb” ត្រូវបានគេជឿថាជាកីឡាករសក្ដិសមឡើងមកដណ្ដើមខ្សែក្រវាត់មុនគេពេលសង្វៀនដំណើរការឡើងវិញ។

Tonna គឺជាកីឡាករហ្វឹកហាត់នៅក្លិប MuayU នាក្រុង Canberra នៃ ប្រទេសអូស្ត្រាលី ហើយរូបគេបានធ្វើព្យុះភ្លៀងយ៉ាងខ្លាំងក្លាដោយផ្ដួលម្ចាស់ខ្សែក្រវាត់ Muay Thai World Championច្រើនសម័យកាល Andy “The Punisher” Howson ដោយប្រើក្បាច់អុកជង្គង់ចំក្បាលនៅក្នុងកម្មវិធី ONE: WARRIOR’S CODE។
ក្នុងការប្រកួតកន្លងមក Sam-A ក៏សម្ដែងការសាទរចំពោះ Tonna ថែមទាំងសរសើរទៀតផង។ កីឡាករថៃមកពីក្លិប Evolve បានថ្លែងថា ៖«ខ្ញុំបានទស្សនាវីដេអូពេលគេប្រកួតជាមួយនឹង Andy។ ខ្ញុំមិនមិនផ្ដោតលើបច្ចេកទេសរបស់គេច្រើនពេកទេ ប៉ុន្តែខ្ញុំដឹងថារូបគេជាកីឡាករល្អមួយរូប»។

ការផ្ដួលដៃគូឲ្យសន្លប់របស់គេបានធ្វើឲ្យកីឡាករសញ្ជាតិអូស្ត្រាលីរូបនេះស្ថិតនៅចំណាត់ថ្នាក់លេខ ៤ នៃទម្ងន់ strawweight ក្នុងការប្រកួត kickboxing និង ស្ថិតនៅលំដាប់កំពូលមួយក្នុងទម្ងន់ strawweight លើការប្រកួតមួយថៃ។

ក្នុងជ័យជម្នះដ៏សំខាន់នេះ “Timebomb” បានគិតថារូបគេជាគូប្រជែងដ៏ត្រឹមត្រូវសម្រាប់ Sam-A ដើម្បីដណ្ដើមខ្សែក្រវាត់ World Championship។ វីរបុរសរបស់ថៃវ័យ៣៦ឆ្នាំ ក៏ស្វាគមន៍ដល់ Tonna ចំពោះការប្រកួតទាំងមួយថៃ និង Kickboxing ផងដែរ។

Sam-A ពន្យល់ថា ៖«ខ្ញុំច្បាស់ក្នុងចិត្តថាខ្ញុំមានបទពិសោធន៍ច្រើនជាងរូបគេក្នុងការប្រកួតជាង ៤០០ លើក ។ ដូច្នេះបទពិសោធន៍របស់ខ្ញុំគឺជាផលចំណេញមួយ។ ក្រៅពីនោះបច្ចេកទេស និង ល្បឿនក៏មានប្រៀបដែរ។ ខ្ញុំបានប្រកួតទល់គូប្រជែងខ្លាំងៗជាច្រើនក្នុងអាជីពរបស់ខ្ញុំ។ វាគ្មានអ្វីត្រូវឲ្យខ្ញុំបារម្ភទេ។ បើគេវ៉ៃចេញលឿន ខ្ញុំនឹងហ្វឹកហាត់ឲ្យកាន់តែលឿនជាងគេ»។

ម្ចាស់ខ្សែក្រវាត់ពីរដដែលនេះសង្កត់ធ្ងន់ទៀតថា ៖«ខ្ញុំអាចជួប Tonna ក្នុងក្បាច់គុនមួយថៃ ឬ kickboxing។ តែខ្ញុំអាចផ្ដល់យោបល់ថាគួរប៉ះគ្នាក្នុងមួយថៃជាមុនសិន។ បើសិនជាគេចាញ់ខ្ញុំ នោះគេអាចជួបខ្ញុំក្នុងការប្រកួត kickboxing វិញម្ដង»។

ទោះ Sam-A មិនផ្ដោតខ្លាំងលើចលនា និង បច្ចេកទេសវ៉ៃរបស់ Tonna ពេលឈ្នះ Howson ប៉ុន្តែកីឡាករខ្មែរសុរិទ្ធរូបនេះនៅរង់ចាំកីឡាករមកពីក្រុង Canberra បានទាំងពីរប្រភេទកីឡា។

«ខ្ញុំដឹងអំពីវិធីទប់ទល់រួមទាំងការប្រកួតជាមួយគេ។ ខ្ញុំនឹងបិទកណ្ដាប់ដៃរបស់គេ មុនពេលខ្ញុំម៉ាត់ឆ្វេងស្ដាំយកឈ្នះ។ ខ្ញុំក៏បង្កើតគម្លាតឲ្យឆ្ងាយដែរ ហើយបញ្ចេញក្បាច់ប្រយុទ្ធរបស់ខ្ញុំ។ គេនឹងមិននឹកស្មានដល់ និងមិនដឹងខ្លួន»។ នេះជាសម្ដីរបស់និមិត្តរូបក្នុងវិស័យប្រដាល់របស់ថៃ។

បែបណាក្ដី គេមិនទាន់មានការណាត់ផ្លូវការណាមួយនោះទេ ប៉ុន្តែ វាពិតជាច្បាស់ណាស់ថាស្ដេចប្រដាល់ទម្ងន់ strawweight ប្រចាំសង្វៀន ONE នៅរង់ចាំអ្នកមកដណ្ដើមខ្សែក្រវាត់ជានិច្ចជាពិសេស “Timebomb”។

ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុកONEChampionship៕

អត្ថបទ៖ ស៊ីធី