បន្ទាប់ពីការចេញចំណាត់ថ្នាក់កីឡាករ-កីឡាការិនីប្រចាំសង្វៀន ONE Championship លើកដំបូងអ្នកលេងគុនចម្រុះវ័យក្មេង Danny “The King” Kingad គឺជាកីឡាករម្នាក់ស្ថិតនៅក្នុងដំណើរមួយខិតជិតឆ្ពោះទៅជើងឯក ONE Flyweight World Championship។

ស៊ុបពើស្ដារមកពីក្លិប Team Lakay ស្ថិតនៅចំណាត់ថ្នាក់លេខ២ក្នុងទម្ងន់ flyweight ដែលជាសញ្ញាណមួយកាន់តែមានការប្រកួតប្រជែងខ្ពស់ទល់នឹងគូប្រជែងពីររូបដែលគេធ្លាប់ចាញ់កន្លងទៅ។ គេគ្រប់គ្នាច្បាស់ជាចង់ឃើញការត្រឡប់មកវិញអមដោយភាពខ្លាំងនៅលើសង្វៀន របស់ “The King”។

ក្នុងទម្ងន់នេះម្ចាស់ខ្សែក្រវាត់ ONE Flyweight World Champion កីឡាករ Adriano “Mikinho” Moraes កំពុងស្ថិតនៅកំពូលតារាង ហើយម្ចាស់ខ្សែក្រវាត់ ONE Flyweight World Grand Prix Champion វីរបុរសអាមេរិក Demetrious “Mighty Mouse” Johnson គឺជាគូប្រជែងដ៏ខ្លាំងក្លា។

វាមិនមែនជាភាពចៃដន្យនោះទេ ប៉ុន្តែ Kingad ធ្វើបានល្អណាស់ក្នុងការប្រកួតកន្លងទៅក្នុងនោះឈ្នះ ១៤ ដង និងចាញ់ត្រឹម ២ ដងប៉ុណ្ណោះ។ រូបគេបង្ហាញចេតនាយ៉ាងច្បាស់ថាចង់សងសឹកជាមួយគូប្រជែងស្វិតស្វាញ Moraes និង Johnson នាពេលឆាប់ៗខាងមុខ។

Kingad បានឲ្យដឹងថា ៖«ពួកគេជាគោលដៅរបស់ខ្ញុំ។ ពួកគេជាអ្នកដែលត្រូវវាស់វែងកម្រិតសមត្ថភាពក្នុងទម្ងន់នេះ។ ពួកគេសុទ្ធតែធ្វើឲ្យខ្ញុំចុះចាញ់កន្លងទៅ។ ដូច្នេះ រឿងពិតគឺចង់ប៉ះពួកគេម្ដងទៀត»។

“The King” បានប្រឈមនឹង Moraes លើកដំបូងក្នុងការប្រជែងយកខ្សែក្រវាត់ ONE Flyweight World Title នៅសង្វៀន ONE: LEGENDS OF THE WORLD នាក្រុងម៉ានីលប្រទេសហ្វីលីពីន កាលថ្ងៃទី ១០ វិច្ឆិកា ២០១៧។ អ្នកជំនាញជឺជិតស៊ូ បានប្រើជំនាញរបស់ខ្លួនផ្ដួលកីឡាករមកពីក្រុង Baguio City ដើម្បីគ្រងខ្សែក្រវាត់ខាងលើ ប៉ុន្តែ The King ជឿជាក់ថារូបគេបានវិវឌ្ឍខ្លួនល្អជាងមុន និង មានភាពខុសប្លែកគ្នា។

កីឡាករហ្វីលីពីនបញ្ចេញទស្សនៈទៀតថា ៖«ខ្ញុំគិតថាបើជួប Adriano ម្ដងទៀត ខ្ញុំនឹងរៀបចំខ្លួនឲ្យកាន់តែល្អជាងមុនជាពិសេសក្បាច់ការពារការប៉ងផ្ដួលរបស់ខ្ញុំ និង ក្បាច់ការពារការប៉ងបញ្ចប់គូសត្រូវរបស់ខ្ញុំ។ ទាំងនេះជារឿងសំខាន់ណាស់ដើម្បីបន្តភាពរីកចម្រើន។ ពេលណាដល់ពេលប្រយុទ្ធ ខ្ញុំក៏នឹងសំលៀងកម្លាំងដើម្បីធ្វើវាដែរ។ ហើយខ្ញុំនឹងរកពេលដើម្បីផ្ដួលគេឲ្យសន្លប់»។

គួរដឹងថា Kingad ឈ្នះ ៧ លើកជាប់គ្នាក្នុងអាជីពរបស់ខ្លួនមុនពេលចាញ់ “Mikinho” ជាលើកដំបូង ត្រឹមអាយុ ២១ ឆ្នាំ ហើយគ្រានោះគេមិនទាន់មានបទពិសោធន៍លើខ្លាំងលើក្បាច់ចាប់ និងការពារខ្លួនពីសំណាក់កីឡាករប្រេស៊ីលនោះឡើយ។

បេក្ខភាពដណ្ដើមខ្សែក្រវាត់បានរៀបរាប់ទៀតថា ៖«ខ្ញុំគិតថាបទពិសោធន៍គឺជាកត្តាធំបំផុតព្រោះកាលនោះទើបចូល ONE បានពីរឆ្នាំហើយវាបានធ្វើឲ្យខ្ញុំឈានទៅដណ្ដើមខ្សែក្រវាត់ World Title រួចជាស្រេចទៅហើយ។ បើកើតឡើងម្ដងទៀត ខ្ញុំនឹងបង្ហាញក្បាច់ថ្មីៗជាច្រើនក្នុងការប្រកួត។ ខ្ញុំបានរៀនសូត្រច្រើនតាំងពីបរាជ័យលើកដំបូង។ ខ្ញុំមានបទពិសោធន៍ពីការជួបគូប្រកួតជាច្រើន និងស្ទិលប្រកួតផ្សេងគ្នា»។

Kingad បង្ហាញការតាំងចិត្តបែបនេះ ៖«ខ្ញុំបានអភិវឌ្ឍខ្លួនច្រើន។ ពីរបីឆ្នាំចុងក្រោយនេះស្ដែងឲ្យឃើញតាមរយៈការធ្វើការងារខ្លាំងក្លាអំឡុងពេលហ្វឹកហាត់ ការផ្ដោតលើជំនាញ និងការកែកំហុសកន្លងមកជាដើម»។

វាកាន់តែមានបទពិសោធន៍ពេលរូបគេជួបជើងខ្លាំងពីអាមេរិក Johnson ពេលដណ្ដើមខ្សែក្រវាត់ ONE Flyweight World Grand Prix Championship នៅកម្មវិធី ONE: CENTURY នាក្រុងតូក្យូ កាលខែតុលា ឆ្នាំមុន។ កីឡាករវ័យក្មេងសញ្ជាតិហ្វីលីពីនរូបនេះត្រូវបានគេវាយតម្លៃថាប្រកួតបានល្អមុនពេលប្រកាសលទ្ធផលចាញ់ពិន្ទុជាឯកច្ឆន្ទ។
Kingad បានសារភាពថាមានភាពភ័យខ្លាចពេលជួបវីរបុរសមកពីអាមេរិក។ «នៅពេលប៉ះ DJ, ខ្ញុំបានផ្លាស់ប្ដូររឿងជាច្រើនជាពិសេសការប្រកួតនៅជំហរដេក។ គេល្អក្នុងការប្រកួតដេកដូចអ្វីដែល Moraes បានធ្វើដែរ។ ខ្ញុំត្រូវហាត់ខ្លាំងក្នុងជំហរដេកព្រោះ DJ ក៏ល្អចំពោះក្បាច់នេះ។ ពេលនោះខ្ញុំក៏រំភើបហួសពេកដែរ។ ដូចនេះ ខ្ញុំត្រូវគ្រប់គ្រងអារម្មណ៍ពេលជួបគ្នាលើកក្រោយ»។

Kingad បានឡើងវគ្គផ្ដាច់ព្រ័ត្រទល់នឹង Johnson ប៉ុន្តែវាលំបាកណាស់ដើម្បីឈ្នះម្ចាស់ខ្សែក្រវាត់ World Champion ជើងចាស់១២សម័យកាលមកពីអាមេរិក។ Kingad លាតត្រដាងថា ៖«ពេលយើងជួបគ្នាម្ដងទៀត ខ្ញុំត្រូវតែដើរចូល និងវ៉ៃការពារផង ហើយរកចន្លោះដើម្បីបញ្ចប់រូបគេ។ កាលណាការប្រកួតកាន់តែចំណាយពេលយូរ នោះវាកាន់តែលំបាកតតាំងជាមួយ Johnson »។

ក្នុងការប្រកួតចុងក្រោយ “The King” បានយកឈ្នះ “The Hunter” Xie Wei នៅក្នុងកម្មវិធី ONE: FIRE & FURY កាលខែ មករា ដោយពិន្ទុជាឯកច្ឆន្ទ។ ប៉ុន្តែដោយសារតែ COVID-19 គេមិនទាន់កំណត់ពេលច្បាស់លាស់ណាមួយសម្រាប់ “The King” ឡើងប្រកួតវិញនោះឡើយ។

Moraes និង Johnson អាចនឹងប្រឈមមុខដាក់គ្នាដើម្បីប្រជែងខ្សែក្រវាត់ ONE Flyweight World Championship ពេលកម្មវិធីបន្តឡើងវិញនៅឆ្នាំ ២០២០ នេះ។ អ្នកទាំងពីរត្រូវគេទទួលស្គាល់ថាល្អមើល ហើយលទ្ធផលអាចនឹងកៀកកិតគ្នា។ បែបណាក្ដី ទោះមិនទាន់បានជួបកីឡាករទាំងពីរនេះឆាប់ៗ បុរសមកពីក្លិប Team Lakay ក៏នៅតែខំប្រឹងហ្វឹកហាត់ដើម្បីត្រៀមខ្លួនដែរ។

«ខ្ញុំសប្បាយចិត្តក្នុងបទសម្ភាសន៍នេះ។ ហើយខ្ញុំមានអារម្មណ៍ថារីកចម្រើនច្រើន និងផ្លាស់ប្ដូរច្រើន។

កាលជួប Moraes ខ្ញុំមិនទាន់មានបទពិសោធន៍ច្រើនទេ។ ដូច្នេះ ខ្ញុំសប្បាយចិត្តចំពោះការងារដែលខ្ញុំកំពុងធ្វើ»។

ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុក ONEChampionship៕

អត្ថបទ៖ ស៊ីធី