ជើងខ្លាំងរបស់ថៃ Rodtang Jitmuangnon ឬ រហស្សនាម “The Iron Man” ដែលកំពុងកាន់ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion បាននិយាយអំពីគូប្រជែងចាស់របស់ខ្លួន និង ចង់ឲ្យរូបគេប៉ះអតីតម្ចាស់ខ្សែក្រវាត់ម្នាក់ដែលជាមិត្តរួមជាតិរបស់ខ្លួន។

កាលខែ សីហា ឆ្នាំ ២០១៩ កីឡាករមកពីបាងកកបានយកឈ្នះ Jonathan “The General” Haggerty ដោយពិន្ទុជាឯកច្ឆន្ទដើម្បីឈ្នះខ្សែក្រវាត់ ហើយបានយកឈ្នះកីឡាករជើងខ្លាំងមកពីចក្រភពអង់គ្លេសម្ដងទៀតក្នុងការប្រកួតសងសឹកកាលខែ មករា កន្លងទៅ។

ទោះ Haggerty ជាគូប្រជែងដ៏ជូរចត់នៅលើសង្វៀន ប៉ុន្តែកីឡាករមកពីក្លិប Jitmuangnon បានសរសើរដល់កីឡាករមកពីចក្រភពអង់គ្លេសជានិច្ច។ “The Iron Man” បានថ្លែងបែបនេះ ៖«គេគឺជាកីឡាករល្អបំផុតក្នុងក្បាច់គុនមួយថៃ។ ពេលខ្ញុំគិតអំពី Haggertyឬ ពេលខ្ញុំឮឈ្មោះរបស់គេ ខ្ញុំតែងតែនឹកដល់ការជួបគ្នានៅលើសង្វៀន។ វាជាការចងចាំដ៏ល្អបំផុតក្នុងជីវិតរបស់ខ្ញុំ»។

Rodtang បានយកឈ្នះទាំងពីរលើ “The General” ប៉ុន្តែក៏បង្ហាញការគោរពដ៏ជ្រាលជ្រៅសម្រាប់ Haggerty និង ជាអ្នកគាំទ្រម្នាក់សម្រាប់កីឡាករមកពីចក្រភពអង់គ្លេសរូបនេះ។

អ្វីដែល “The Iron Man” ចង់និយាយនាពេលនេះ គឺ ចង់ឲ្យ Haggerty ជួបអតីតម្ចាស់ខ្សែក្រវាត់ ONE Flyweight Kickboxing World Champion កីឡាករ Petchdam “The Baby Shark” Petchyindee Academy។ Rodtang ជឿជាក់ថាការប្រកួតប្រាកដជាល្អមើលមិនខាន។ កីឡាករវ័យ ២២ ឆ្នាំគូសបញ្ជាក់បែបនេះ ៖«ខ្ញុំចង់ឃើញរូបគេ និង Petchdam ប្រកួតជាមួយគ្នា។ ខ្ញុំគិតថាវាច្បាស់ជាជក់ចិត្ត និង ជាការប្រកួតដ៏អស្ចារ្យសម្រាប់អ្នកគាំទ្រ»។

កីឡាករម្ចាស់ខ្សែក្រវាត់វ័យ ២២ ឆ្នាំបន្តថា ៖«មានកីឡាករក្បាច់គុនមួយថៃច្រើនណាស់ក្នុងប្រភេទទម្ងន់នេះដែលអាចប៉ះ Haggerty ប៉ុន្តែជាទស្សនៈរបស់ខ្ញុំ គឺ Petchdam ជាគូប្រកួតដ៏ល្អបំផុត»។

Rodtang ពិពណ៌នាទៀតថា ៖«វាពិតជារំភើបណាស់បើសិនពួកគេជួបគ្នាមែន។ Petchdam និង Haggerty ជាអ្នកខ្លាំងៗធ្លាប់ឈ្នះជើងឯក ONE World Champions ស្រាប់ទៅហើយ។ ម្នាក់ធ្លាប់ឈ្នះ kickboxing ហើយម្នាក់ឈ្នះ Muay Thai ។ មួយទៀតពួកគេមានអាយុស្របាលគ្នា រាងកាយប្រហែលគ្នា និង ស្ទិលប្រកួតក៏មិនខុសគ្នាប៉ុន្មាន។ ហើយបេះដូងរបស់គេរឹតតែអន្ទះសាចង់ប្រកួតដូចគ្នាទៀតផង»។

ការផ្គូផ្គងគូថ្មីនេះ បន្ទាប់ពី Rodtang និង “The Baby Shark” ធ្លាប់ជួបគ្នាពីរលើករួចមកហើយនៅសង្វៀន Rajadamnern Stadium ហើយជាលទ្ធផល គឺ ឈ្នះពិន្ទុម្ដងម្នាក់។

បើសិន Haggerty ជួប Petchdam រួចរាល់ គេច្បាស់ជាចង់ជួប “The Iron Man” ជាលើកទី៣មិនខាន។ យ៉ាងណាក្ដី Rodtang ត្រូវបានគេបង្ហើបល្ហិចល្ហៀងថាកីឡាករជើងខ្លាំងវៀតណាម “No.1” Nguyen Tran Duy Nhat ប៉ងចង់ជួបរូបគេនាពេលឆាប់ៗខាងមុខ។ ប៉ុន្តែ Rodtang កំពុងដាក់គោលដៅដណ្ដើមខ្សែក្រវាត់ ONE Flyweight Kickboxing World Champion ពី Ilias “Tweety” Ennahachi សម្រាប់ខ្សែក្រវាត់បន្ទាប់ ហើយម្ចាស់ខ្សែក្រវាត់ទម្ងន់ Flyweight រូបនេះសង្ឃឹមថាអ្នករៀបចំកម្មវិធីនឹងផ្ដល់ឱកាសឲ្យកើតមានឡើងក្នុងជំនួបដ៏ធំនេះ។

ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុក ONEChampionship៕

អត្ថបទ៖ ស៊ីធី