Agilan Thani ឬ ឈ្មោះក្រៅ “Alligator” មិនទាន់បានប្រកួតនៅឡើយទេនៅឆ្នាំ២០២០ នេះខណៈដែលកម្មវិធីរបស់ ONE Championship កំពុងស្ថិតក្នុងដំណើរត្រលប់មករៀបចំការប្រកួតឡើងវិញ។

អ្នកលេងគុនចម្រុះទម្ងន់ welterweight បានសំលៀងក្បាច់គុនដើម្បីត្រៀមឡើងសង្វៀនជាយូរមកហើយបន្ទាប់ពីជ័យជម្នះក្នុងការប្រកួតចុងក្រោយនៅក្រុង គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ទល់នឹង Dante Schiro នាខែធ្នូឆ្នាំ ២០១៩។ Thani បានសន្សំលុយធ្វើដំណើរទៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដើម្បីដុសខាត់ជំនាញរបស់ខ្លួនក្រោមការបង្វឹកពីសំណាក់គ្រូលំដាប់អន្តរជាតិលោក Henri Hooft នៅក្លិប Sanford MMA។

យ៉ាងណាក្ដី ដោយសារតែមេរោគ COVID-19 រាលដាល ក្ដីសុបិនហ្វឹកហាត់ជាមួយម្ចាស់ខ្សែក្រវាត់ ONE World Champions កីឡាករ Aung La “The Burmese Python” N Sang និង Martin “The Situ-Asian” Nguyen គឺមានរយៈពេលខ្លីប៉ុណ្ណោះ។
Thani រំលឹកបែបនេះ ៖«ប៉ុន្មានខែចុងក្រោយនេះពិតជាលំបាក ជាពិសេសស្ថានភាពដែលខ្ញុំកំពុងពើបប្រទះ។ កាលខែ មីនា COVID-19 ក៏ចាប់ផ្ដើមឆ្លងខ្លាំងទៅកាន់អាមេរិក ខណៈដែលខ្ញុំនៅទីនោះ។ ហើយពីរបីសប្ដាហ៍បន្ទាប់ ក្លិប Sanford MMA បានប្រកាសអំពីការបិទទ្វារព្រោះមេរោគកាន់តែផ្ទុះឡើង»។

មុនពេលប្រទេសត្រូវបានរឹតត្បិត Thani បានចាកចេញពីអាមេរិកត្រឡប់មកផ្ទះវិញនៅម៉ាឡេស៊ី។ ប៉ុន្តែប្រទេសត្រូវបានដាក់ក្នុងភាពអាសន្ន ហើយរូបគេក៏មិនអាចហ្វឹកហាត់នៅក្លិប Monarchy MMA ឬ ធ្វើលំហាត់ប្រាណនៅក្លិបបានដែរ។
យ៉ាងណាក្ដី “Alligator” បានមើលស្ថានភាពក្នុងផ្លូវវិជ្ជមានមួយទោះជួបរឿងលំបាកបែបនេះ។ Thani រៀបរាប់អំពីពេលវេលានៅអាមេរិកភាគខាងជើងដូច្នេះ ៖«ទោះជាបោះជំរំហ្វឹកហាត់បានត្រឹម ២ សប្ដាហ៍ តែខ្ញុំច្បាស់ក្នុងចិត្តថា ខ្ញុំទទួលបានផលចំណេញច្រើន។ ខ្ញុំសម្របខ្លួនទៅនឹងការហ្វឹកហាត់បានល្អ»។

Thani បានដាក់គោលដៅធ្វើឲ្យល្អបំផុតក្នុងទម្ងន់ welterweight និង ប៉ងជួបអតីតម្ចាស់ខ្សែក្រវាត់ ONE Welterweight World Champion ជាថ្មីម្ដងទៀត។ បុរសមកពីគូឡាឡាំពួ ថ្លែងថា ៖«Zebaztian Kadestam ជាឈ្មោះដែលអ្នករាល់គ្នារំលឹកជារឿយៗ ហើយខ្ញុំក៏គួរប៉ះគ្នាម្ដងទៀតដែរ។ ខ្ញុំសង្ឃឹមថាវានឹងកើតឡើងនៅថ្ងៃណាមួយ»។

ក្នុងជំនួបដំបូងរវាង Thani និង Kadestam បានកើតឡើងនៅខែកក្កដា ឆ្នាំ ២០១៨ ហើយគ្រានោះតារាគុនចម្រុះមកពីស៊ុយអែត ក្លាយជាកីឡាករដំបូងផ្ដួលបុរសមកពីម៉ាឡេស៊ីឲ្យសន្លប់។ ជ័យជម្នះដោយសន្លប់នោះ កើតឡើងពេល Kadestam បោះជង្គង់, ថែមវ៉ៃកែងមកក្រោម និង បន្ថែមកែងទៀតដើម្បីផ្ដួលកីឡាករម៉ាឡេស៊ីឲ្យសន្លប់ត្រឹម ១នាទីនិង ៥៦ វិនាទីនៅទឹកចុងក្រោយ។

អ្នកចម្បាំងមកពីម៉ាឡេស៊ីបានបញ្ជាក់ដូច្នេះ ៖«អំឡុងពេលប្រកួតទល់ Kadestam ខ្ញុំមិនបានហ្វឹកហាត់ល្អផ្នែករាងកាយ។ ខ្ញុំមានរបួសដែលជះឥទ្ធិពលដល់ការប្រកួតច្រើន។ ដូច្នេះហើយទើបខ្ញុំចង់វ៉ៃម្ដងទៀត និង ដឹងថាការប្រកួត១០០% របស់ខ្ញុំវាទៅជាយ៉ាងម៉េច»។

Thani ដែលបានយល់ច្រើនអំពីគូប្រកួតចាស់បានបន្តថា ៖«ការវ៉ៃជាមួយគូប្រជែងដែលអ្នកស្គាល់នឹងនាំឲ្យការប្រកួតកាន់តែរំភើបសម្រាប់អ្នកទស្សនា។ អ្នកដឹងច្បាស់ថាវាពិតជាលំបាក ប៉ុន្តែ បើមិនគិតអំពីលទ្ធផល អ្នកត្រូវតែផ្ដល់ការប្រឹងឲ្យអស់សមត្ថភាព។ នេះជាអ្វីដែលខ្ញុំបានយល់ពេលជួប Kadestam កន្លងមក»។

អ្នកលេងគុនចម្រុះមកពីម៉ាឡេស៊ីលើកឡើងទៀតថា ៖«Kadestam មានភាពអំណត់។ គេខ្លាំងណាស់ និង មានកណ្ដាប់ដៃធ្ងន់។ រឿងធំបំផុតដែលខ្ញុំរៀនអំពី Kadestam គឺភាពអត់ធ្មត់។ គេនៅរង់ចាំរហូតដល់កាលៈទេសៈត្រឹមត្រូវដែលអាចវ៉ៃ ឬ ទាត់ចំគោលដៅ។ គេមានបម្លាស់ទីល្អ និង គេចពីការចាប់ផ្ដួលដ៏មានប្រសិទ្ធភាព។ ប៉ុន្តែអ្វីដែលគេវ៉ៃ ឬ ទាត់ គឺ ធ្ងន់ៗណាស់»។

ទោះការជួប Kadestam ជាថ្មីគឺជាអាទិភាពក៏ដោយ ប៉ុន្តែ Thani បានដៅអំពីគូប្រជែងខ្លាំងៗដែលត្រូវប៉ះក្នុងទម្ងន់ welterweight នាថ្ងៃខាងមុខ។ ទោះជួបអ្នកណាក៏ដោយនៅពេលបន្ទាប់ ប៉ុន្តែគោលដៅរបស់ Thani គឺទទួលជ័យជម្នះនៅឆ្នាំនេះ។ នៅថ្ងៃណាមួយ រូបគេឈានទៅដណ្ដើមខ្សែក្រវាត់ ONE Welterweight World Champion ពី Kiamrian “Brazen” Abbasov ក្នុងប្រភេទទម្ងន់របស់ខ្លួន។ តារាគុនចម្រុះកំពុងរះបានសង្កត់ធ្ងន់ថា ៖«ខ្ញុំចង់ប្រកួតដណ្ដើមខ្សែក្រវាត់។ តែខ្ញុំដឹងថាមិនទាន់ដល់ពេលទេ។ ខ្ញុំក៏មិនសួរនាំរឿងរ៉ាវអ្វីៗដែលមិនគួរនឹងទទួលបានដែរ។ ប៉ុន្តែឥឡូវនេះ ខ្ញុំត្រៀមខ្លួននិងគ្រោងទទួលកីឡាករខ្លាំងៗនៅថ្ងៃមុខ»។

ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុកONEChampionship។

អត្ថបទ៖ ស៊ីធី