គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានឈានដល់ការកំណត់ថ្ងៃចាប់ឆ្នោតប្រកួតវគ្គ៨ក្រុម នៃការប្រកួតថ្នាក់ខេត្ត ពានរង្វាន់សម្តេចហ៊ុនសែន លើកទី១៤ ឆ្នាំ២០២០ បន្ទាប់ពីបានប្រជុំជាមួយតំណាងក្រុមទាំង៨ ដែលបានឈ្នះកៅអី សម្រាប់វគ្គខ្វែង៨ក្រុមចុងក្រោយនេះ។

តាមការប្រជុំនោះ ភាគី CNCC និងតំណាងក្រុមទាំង៨ បានឯកភាពគ្នា ចាត់ចំណាត់ថ្នាក់របស់ក្រុមទាំង៨ ពីលេខ១ ដល់លេខ៨ ហើយបានកំណត់យកថ្ងៃទី១៥ ខែមិថុនា វេលាម៉ោង១១ព្រឹក និងពហុកីឡដ្ឋានជាតិ ជាពេល និងទីកន្លែងចាប់ឆ្នោតវគ្គ៨ក្រុមចុងក្រោយនេះ។

យ៉ាងណាក៏ដោយ ក្រុមលេខរៀងទី១ ដល់ទី៤ មានក្រុមលេខ១ពូលB ខេត្តសៀមរាប ក្រុមលេខ១ពូលC ខេត្តព្រៃវែង ក្រុមលេខ១ពូលD ខេត្តកំពង់ស្ពឺ និងក្រុមលេខ១មកពីពូលEខេត្តកែប ត្រូវបានកំណត់ឲ្យឈររង់ចាំដោយស្វ័យប្រវត្តិ គឺមិនចាំបាច់ធ្វើការចាប់ឆ្នោតនោះទេ។

ចំណែកក្រុមត្រូវបានចាត់ចូលចំណាត់ថ្នាក់លេខ៥ ដល់លេខ៨ រួមមានក្រុមលេខ១ពូលA ខេត្តកំពង់ឆ្នាំង ក្រុមលេខ២ល្អប្រចាំពូលC ខេត្តត្បូងឃ្មុំ ក្រុមលេខ២ល្អពូលE ខេត្ត កោះកុង និងក្រុមលេខ២ល្អមកពីD ខេត្តកណ្តាល គឺត្រូវចាប់ឆ្នោត ដើម្បីរកក្រុមដែលត្រូវប៉ះក្រុមពីលេខ១ ដល់លេខ៤ នៅវគ្គ៨ក្រុម ប៉ុន្តែបើក្រុមធ្លាប់ជួបគ្នា នៅក្នុងពូលរួចហើយ ហើយចាប់ឆ្នោតប៉ះគ្នា មិនតម្រូវឲ្យជួបគ្នាម្តងទៀតទេ គឺត្រូវផ្លាស់ប្តូរ ដោយឲ្យធ្វើការចាប់គូឡើងវិញម្តងទៀត។

ជាមួយគ្នានេះ ការប្តូរកីឡាករ នៅក្នុងវគ្គ៨ក្រុមនេះ គឺត្រូវបានអនុញ្ញាតឲ្យប្តូរកីឡាករបាន៥នាក់ ក្នុងមួយប្រកួត តែការប្តូរធ្វើឡើងតែ ៣លើកប៉ុណ្ណោះ (មិនរាប់បញ្ចូលការប្តូរ ពេលសម្រាកចន្លោះវគ្គ) ខណៈការប្រកួតវគ្គនេះ គ្រោងធ្វើចាប់ពីថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី២៩ ខែកក្កដា មុនចាប់ផ្ដើមថ្នាក់ជាតិ ពីថ្ងៃទី១២ និង១៣ ខែសីហា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា។

យ៉ាងណាក៏ដោយ ដោយយោងទៅតាមវិធានការអនាម័យចេញដោយក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា CNCC បាន ដាក់ វិធាន ការ ណែនាំ សុវត្ថិភាព ដើម្បី បង្ការ ជំងឺ កូវីដ១៩ នៅក្នុងដំណើរការការប្រកួត ដោយមាន៩ចំណុច មុនដំណើរការសាជាថ្មីនេះ។ បន្ថែមលើនេះក្រុមទាំង៨ រួមទាំងមន្ត្រីរៀបចំការប្រកួតទាំងអស់ត្រៀមចូលរួមពិនិត្យសុខភាព និងតម្រូវឲ្យបាញ់ថ្នាំនៅតាមបរិវេណទីលានកីឡដ្ឋានទាំងអស់។

លោក ឈី កុលបុត្រា លេខាធិការប្រតិបត្តិ CNCC បានបញ្ជាក់ថា ប្រសិនបើរកឃើញបុគ្គលិក និងកីឡាករណាមួយ មានអការៈមិនប្រក្រតី គឺអនុវត្តតាមគោលការណ៏របស់ក្រសួងសុខាភិបាល ដូចជាការចត្តាឡីស័ក និងការពិនិត្យ ហើយ CNCC នឹងដាក់កំហិតក្លិបទាំងអស់ ឲ្យមានការតាមដានការពិនិត្យកម្ដៅជាប្រចាំ យ៉ាងហោចណាស់ឲ្យបាន ២ លើក មុនថ្ងៃប្រកួតដើម្បីដឹងច្បាស់ពីអាការៈ ថាតើ មានភាពប្រក្រតី ឬអត់។ ចំណែករៀងរាល់ការប្រកួត កីឡាករ និងបុគ្គលិកទាំងអស់ក៏ត្រូវឆ្លងកាត់ការត្រួតពិនិត្យកម្ដៅឡើងវិញម្តងទៀតជាលើកទី៣ មុនចូលទៅកាន់ទីលានប្រកួត៕