ក្រោយ​រង់ចាំ​អស់រយៈពេល​១៤​ឆ្នាំ នៅទីបំផុត ក្រុម​ភ្នំពេញ​ហ្គាឡាក់ស៊ី អាច​បង្កើត​បាន​កំណត់ត្រា​ជាប្រវត្តិសាស្រ្ត សម្រាប់ពួក​គេ​បាន​ហើយ បន្ទាប់ពី​ក្រុមមួយនេះ បាន​យក​ឈ្នះក្រុម​ខេត្តឧត្តរមានជ័យ សម្រាប់ការ​ឡើងមកកាន់វគ្គ​ផ្តាច់​ព្រ័ត្រ ជា​លើកដំបូង ដើម្បី​ក្លាយជា​ម្ចាស់​​ជើង​ឯក ការ​ប្រកួត​ពាន​រង្វាន់សម្ដេចតេជោ ហ៊ុន សែន (ថ្នាក់ខេត្ត) លើកទី១៦ ឆ្នាំ២០២២។

​តាម​រយៈការ​ប្រកួត​ផ្តាច់​ព្រ័ត្រ នៅកីឡដ្ឋាន​ខេមបូឌាអ៊ែរវ៉េ កាលពី​ថ្ងៃសៅរ៍ កន្លងមក​នេះ ខ្សែ​ប្រយុទ្ធ ម៉ាត សេតមូស្លីម ​បាន​ក្លាយជា​វីរបុរស ដែល​បានជួយឱ្យក្រុម​ភ្នំពេញហ្គាឡាក់ស៊ី ​បង្កើត​បាននូវ​កំណត់ត្រា​ជា​ប្រវត្តិសាស្រ្ត ចំពោះការ​ឈ្នះ​ពាន​រង្វាន់​សម្ដេច​តេជោ ហ៊ុន សែន ថ្នាក់ខេត្ត ជា​លើកដំបូងនេះ តាម​រយៈការ​តែត​បាល់បញ្ចូល​ទី​របស់គេ ត្រឹម​១​គ្រាប់​គត់ នៅនាទីទី​២ ដើម្បី​​យក​ឈ្នះ​ក្រុម​ខេត្តឧត្តរមានជ័យ ត្រឹម ១-០ យ៉ាងរំភើបបំផុត។

បើតាម​លោក លី ពិសិដ្ឋ អ្នក​ចាត់ការទូទៅ​ក្រុម​ភ្នំពេញហ្គាឡាក់ស៊ី បាន​ឱ្យ​ដឹង​ថា ក្រុម​របស់​លោក បាន​រង់ចាំអស់​រយៈពេល​១៤ឆ្នាំ ទម្រាំអាចឡើងដល់វគ្គផ្ដាច់ព្រ័ត្រ សម្ដេចតេជោ ហ៊ុន សែន (ថ្នាក់ខេត្ត)នេះ ហើយ​វា​ក៏ជា​លើកដំបូង​ផងដែរ ដែល​ក្រុម​មួយនេះ បាន​ឈ្នះ​ពាន មួយនេះ។

ជាមួយគ្នា​នេះ ក្រុម​ភ្នំពេញហ្គាឡាក់ស៊ី បាន​បង្ហោះ​នៅ​ក្នុង​ផេក​ហ្វេសប៊ុក​របស់ខ្លួន ចំពោះ​ការ​ឈ្នះ​ពាន​រង្វាន់​ថ្នាក់ខេត្តនេះថា៖​ «កម្លាំង​សាមគ្គី គឺជាគុណតម្លៃ នៃភាព​ជោគ​ជ័យ ហើយ​ពេល​នេះ​ក្រុម​យើង​អាច​សាង​ប្រវត្តិសាស្រ្ត​សម្រាប់​ក្រុម​មួយ​នេះ ក្នុងសករាជថ្មី នៃ Sporting Galaxy បានហើយ។ ជ័យយោ ម្ចាស់​ជើងឯក​ពាន​រង្វាន់​សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន លើកទី១៦ រដូវកាលឆ្នាំ​២០២២ ហើយ​ក៏​សូម​ចូល​រួមអបអរ​សាទរ​ផងដែរ ដែល​ក្រុម​យើង បាន​កក់កៅអី​ឡើង​ទៅ​ប្រកួត​ពាន​រង្វាន់​សម្តេចតេជោ កម្រិត league2 បន្តទៀត ដោយ ភ្នំពេញហ្គាឡាក់ស៊ី ត្រូវជួប​ក្រុម​អាស៊ីអឺរ៉ុប នៅ​ថ្ងៃទី២១ ខែមិថុនា ខាងមុខ​នេះ»។

សម្រាប់ការ​ឈ្នះ​ពាន​រង្វាន់​​សម្តេច​ ហ៊ុន សែន ថ្នាក់​ខេត្ត ជា​លើកដំបូងនេះ ក្រុម​ភ្នំពេញហ្គាឡាក់ស៊ី ទទួលបាន​ប្រាក់រង្វាន់​ចំនួន​​១៧លាន​រៀល ហើយជាមួយគ្នា​នេះ គ្រូ​បង្គោល​ក្រុម​ភ្នំពេញហ្គាឡាក់ស៊ី ​ក៏​ទទួលបានពាន ក្នុងនាមជា​គ្រូ​បង្វឹក​ល្អជាង​គេ ចំណែក ស៊ុប អះម៉ាត់ បាន​ពានជា​អ្នក​ចាំទី​ល្អ ដោយ​អ្នកទាំង២​នេះ បានប្រាប់រង្វាន់លើក​ទឹក​ចិត្ត ក្នុង​ម្នាក់​ ១,៦លានរៀល​ដូចគ្នា។

ចំណែក​ក្រុម​លេខ​២ ខេត្តឧត្តរមានជ័យ ​បាន​ទទួលប្រាក់រង្វាន់ ៨,៥លាន​រៀល ហើយ​ក្រុម​ឬទ្ធីសែន ដែលបាន​យក​ឈ្នះក្រុម​កំពតអេហ្វស៊ី ២-០ ដើម្បី​ទទួលបាន​ចំណាត់​ថ្នាក់លេខ​៣​នោះ បាន​ប្រាក់រង្វាន់ចំនួន៦លាន​រៀល ចំណែក​ម្ចាស់ស្បែកជើង​មាស បាន​ទៅ​លើ​កីឡាករ អ៊ុង វិសាល របស់​ក្រុម​ខេត្តស្វាយ​រៀង ដោយ​រកបាន​គ្រាប់បាល់​ច្រើនជាងគេ គឺ​១៧​គ្រាប់ ប្រចាំ​​​ព្រឹត្តិការណ៍នេះ ហើយគេ​ក៏​ទទួលបាន​ប្រាក់​រង្វាន់​ចំនួន​ ១,៦​លាន​រៀល​ដែរ៕