Dimitar Berbatov ជឿថា Jack Grealish ស័ក្តសមសម្រាប់ Man. United ជាជាង Saul Niguez ក៏ព្រោះតែសមត្ថភាពរកគ្រាប់បាល់និងចែកបាល់អោយមិត្តរួមក្រុម ព្រមទាំងជាកីឡាករដែលលេងនៅលីកកំពូលអង់គ្លេសស្រាប់។ ប៉ុន្តែអតីតខ្សែប្រយុទ្ធ រូបនេះបានបញ្ចប់ដោយពាក្យសង្ខេបចុងក្រោយថា អតិតក្លឹបរបស់ខ្លួនមិនត្រូវការពង្រឹងតំបន់បម្រើកណ្តាលក្នុងកំលុងពេលទីផ្សារដោះដូរកីឡាករមុនរដូវកាលថ្មីចាប់ផ្តើមនោះទេ។

ខ្សែប្រយុទ្ធជើងចាស់អន្តរជាតិប៊ុលហ្គារី Berbatov បន្តប្រាប់មូលហេតុដូច្នេះថា Grealish របស់ក្រុមAston Villa រូបនេះមានទម្រង់លេងស្រដៀង Paul Pogba, Bruno Fernandes និង Juan Mata ទោះយ៉ាងណាភាពរឹងមាំនៅចំនុចកណ្តាលដែលមានកីឡាករជាច្រើនដូចជា៖ Nemanja Matic, Fred និង Scott McTominay គឺបានធ្វើអោយក្រុមមានភាពរឹងមាំរួចទៅហើយ។ដូច្នេះក្លឹបមិនគួរទិញកីឡាករបន្ថែមមកទៀតនោះទេ។

Berbatov បានប្រាប់ Betfair ថា៖ «តាមគំនិតរបស់ខ្ញុំពួកគេមានគុណភាពគ្រប់គ្រាន់ ជាពិសេស Pogba ត្រឡប់មកវិញដើម្បីជាប់ដៃគូជាមួយ Fernandes ខណៈកីឡាករវ័យក្មេង Mctominay និងត្រៀមបញ្ចេញអស់ពីសមត្ថភាពដើម្បីជាប់ ជម្រើសដំបូងអោយបានជាប់លាប់ថែមទៀត។ដូច្នេះលោកSolskjaer គួរប្រើប្រាស់ធនធានដែលមានអោយល្អបំផុត»

អត្ថបទ៖ Polin