លោក Chris Wilder អ្នកចាត់ការទូទៅរបស់ក្លិប Sheffield United និងលោក Dean Smith គ្រូបង្វឹករបស់ក្រុម Aston Villa បានបញ្ជាក់ថា ពួកគាត់ដឹងយ៉ាងច្បាស់ថា ការចាប់អារម្មណ៍របស់ពិភពលោកនឹងស្ថិតក្នុងការប្រកួតក្រុមរបស់ខ្លួន នៅពេលដែលពួកគេវិលទៅប្រកួតក្របខ័ណ្ឌ Premier League វិញ នៅរាត្រីថ្ងៃពុធ។

ក្រុមឡើងទម្រង់លេង Sheffield Utd នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Villa Park ដើម្បីធ្វើការប្រកួតបើកឆាកក្នុងក្របខ័ណ្ឌកំពូលរបស់គ្លេស ក្រោយពីការផ្អាកអស់រយៈពេល៣ខែ ដោយសារតែការរាតត្បាតជាសកលរបស់វីរុសកូរ៉ូណា។

ការប្រកួតគូទី២នៅថ្ងៃពុធដដែលនោះ ក្រុម Manchester City នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Arsenal ស្របពេលដែលការប្រកួតដ៏មមាញឹកចំនួន៩២ប្រកួត នឹងត្រូវប្រព្រឹត្តទៅក្នុងរយៈពេលត្រឹមតែ៥សប្តាហ៍កន្លះ។
ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត កាលពីថ្ងៃចន្ទ លោក Wilder បានឲ្យដឹងថា៖ «ការវិលទៅប្រកួតគូទី១ នឹងក្លាយជាគ្រឿងខុសប្លែកបន្តិច ហើយអ្វីដែលយើងយល់ឃើញនោះគឺថា ការទាក់ទាញក្នុងការប្រកួតនេះ ការគ្របដណ្តប់របស់ការប្រកួតនេះ»។

គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ការប្រកួតរវាងក្រុម Aston Villa និង Sheffield United ហាក់បីដូចជាការប្រកួតក្របខ័ណ្ឌ Champions League អ៊ីចឹងកាលពីឆ្នាំមុន ហើយអាចនឹងក្លាយជាការប្រកួតដ៏ល្អបំផុតទី៧ ឬ៨ នៅក្នុងការប្រកួតប្រចាំថ្ងៃរបស់ BBC ហើយ ការប្រកួតនេះ នឹងប្រព្រឹត្តទៅនៅម៉ោង ៦:០០ ល្ងាច ដែលផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ និងទូទាំងពិភពលោក»៕

អត្ថបទ៖ Pheng
ប្រភពព័ត៌មាន៖ Channel News Asia
