គ្រូបង្គោល​ក្រុម​អាស៊ីអឺរ៉ុបយូណាយធីត លោក សុក វាសនា នឹង​ត្រូវ​ដឹកនាំ​ក្រុម​របស់លោក ទៅជួប​ក្រុម​ម្ចាស់ផ្ទះកំពុងស្រេក​ឃ្លាន​ការ​ឈ្នះ៣ពិន្ទុ ព្រះខ័នរាជស្វាយរៀង នៅ​កីឡដ្ឋានខេត្តស្វាយរៀង នា​ល្ងាច​ម៉ោង​៦ ថ្ងៃសៅរ៍​ចុងសប្តាហ៍នេះ ខណៈ​ពេល​នេះ លោក​កំពុងមាន​ទុក​ក្រៀមក្រំ។

ខណៈការ​ប្រកួតកាន់តែ​ខិតចូលមក​ដល់​នោះ លោក សុក វាសនា ​បាន​សរសេរ​ប្រកាស​នៅ​លើ​ហ្វេសប៊ុក​របស់ខ្លួន​ថា លោកកំពុងតែមានទុក្ខក្រៀម​ក្រំ ដោយ​សារ​តែ​យាយ​របស់លោកឈ្មោះ លឹម ហៀង បាន​ទទួលអនិច្ចកម្ម ដោយរោគាពាធ ក្នុងអាយុ​៩៣​ឆ្នាំ កាល​ពី​ម្សិលមិញ ហើយ​បាន​បូជា នៅវត្តឫស្សីស្រស់ ស្ថិត​នៅ​សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នា​ថ្ងៃ​រសៀល​ថ្ងៃ​ព្រហស្បតិ៍នេះ។

បន្ថែម​លើ​ទុក្ខ​ក្រៀម​ក្រំ លោក សុក វាសនា ត្រូវ​បាន​គេ​មើល​ឃើញ​ថា ក៏កំពុង​តែ​ទទួល​រងសម្ពាធ ក្នុងការ​ដឹកនាំ​ក្រុម​អាស៊ីអឺរ៉ុប មក​កាន់ទី​លាន​ប្រកួតជា​ថ្មី​ផងដែរ ព្រោះ​ការវិល​វិញ​នេះ ពួកគេ ត្រូវប្រឈម​ជាមួយក្រុម​ម្ចាស់​ជើង​ឯក ព្រះខ័នរាជស្វាយរៀង ដែល​មានការ​ជឿជាក់​ខ្លាំង​បំផុត ក្នុង​ការ​ដណ្តើម​យក​៣ពិន្ទុ។

លោក ជូ សារឿន គ្រូជំនួយ​ក្រុម​ព្រះខ័នរាជស្វាយរៀង បាន​ប្រាប់​នៅថ្ងៃ​នេះ​ថា៖​«យើងនឹង​ខំ​ប្រឹងប្រែង​យក​ឈ្នះឲ្យបាន ព្រោះ​ទិសដៅសំខាន់របស់យើង ត្រូវ​ដណ្តើម​ឲ្យបាន​៣ពិន្ទុ ពីក្រុមអាស៊ីអឺរ៉ុប ព្រោះនេះ​ជា​ការ​ប្រកួត​នៅ​លើទឹក​ដី​របស់យើង ហើយ​ក៏ដើម្បី​​រក្សាទីតាំងលេខ១​របស់​យើង​ផងដែរ»។

គួរបញ្ជាក់ថា សម្រាប់​ការ​ប្រកួតឡើង​វិញ​នៃ​លីកកំពូល​កម្ពុជា កាលពី​សប្តាហ៍មុន​នេះ ក្រុម​ព្រះខ័នរាជស្វាយរៀង បានលត់​​ក្រុមយុវជន​បាល់​ទាត់ជាតិបាទី រហូត​ដល់ ១០-០ ដើម្បី​ប្រជែង​យក​លេខ​១ ពី​ក្រុម​ភ្នំពេញ​ក្រោន វិញ ដោយមាន​១៦ពិន្ទុ ខណៈ​ភ្នំពេញ​ក្រោន បានត្រឹម​ស្មើ ២-២​ជាមួយ​ក្រុម​វិសាខា នោះ។ ចំណែក​ក្រុម​អាស៊ីអឺរ៉ុប ដែល​ទើប​ប្រកួតបាន​៥​ដង​នោះ កំពុង​ឈរ​នៅ​លេខ​រៀងទី​៨ ដោយមាន​៧ពិន្ទុ ជាមួយការ​ឈ្នះ​២ ស្មើ​១ និងចាញ់​២​ប្រកួត៕