ក្លិបបាល់​ទាត់អាស៊ីអឺរ៉ុបយូណាយធីត បាន​សម្រេចនាំ​យក​យកខ្សែប្រយុទ្ធនីហ្សេរីយ៉ា ដែល​ធ្លាប់លេង​ឱ្យក្លិបចំនួន​៤ នៅលីគកំពូលកម្ពុជា 𝗔𝗱𝗲𝘆𝗮𝗻𝗷𝘂 𝗥𝗮𝘀𝗵𝗲𝗲𝗱 𝗢𝗺𝗼𝗸𝗮𝗳𝗲 មកជំនួសទីតាំងខ្សែប្រយុទ្ធឆ្នើម Abee Adjoo ដែល​ទើបត្រូវបានក្លិបមួយនេះ ​ផ្ទេរ​ឱ្យ​ទៅ​លេង​នៅក្លិបបាល់​ទាត់បឹងកេត ក្នុងតម្លៃ​ខ្លួន​លាក់ជិតមួយ។

ការនាំ​យក​ខ្សែប្រយុទ្ធវ័យ​២៦ឆ្នាំ  Rasheed Omokafe មក​ត្រៀមចូល​រួម​ជួយក្រុម ក្នុងការប្រកួតជើងទី២ នៃ​លីគកំពូល​កម្ពុជា ឆ្នាំ​២០២១ របស់ក្លិប​បាល់ទាត់អាស៊ីអឺរ៉ុប ត្រូវបាន​ធ្វើ​ឡើង កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ គឺក្រោយ​ពេលថ្ងៃ ដែលអាស៊ីអឺរ៉ុប បាន​នាំយក​កីឡាករបរទេសចំណូល​ថ្មីម្នាក់ទៀត សម្រាប់ត្រៀមជួយក្រុមដែរ គឺ​កីឡាករ Manuel E Johnson។

ការចុះកុងត្រា​ជាមួយកីឡាករបរទេស​ទាំង២នាក់ខាងលើនេះ ជាពិសេសកីឡាករ​Rasheed Omokafe គឺ​សម្រាប់ជំនួសទីតាំង​ខ្សែប្រយុទ្ធជនជាត់​កាមេរូន Abee Adjoo ដែលទើបបានផ្ទេរ​ទៅកាន់ក្លិបបឹងកេត កាលពីសប្តាហ៍មុន ព្រោះ Rasheed Omokafe មានបទពិសោធប្រកួតច្រើននៅលើទីលាន ហើយគេម្នាក់នេះ ក៏បានស្គាល់ពីស្ថានភាព​ប្រកួត នៅ​លីគកំពូលកម្ពុជា ច្បាស់ផង​ដែរ។

បើទោះបីជា Rasheed Omokafe ជា​កីឡាករចំណូលថ្មីរបស់​ក្លិបអាស៊ីអឺរ៉ុប ប៉ុន្តែខ្សែ​ប្រយុទ្ធនីហ្សេរីយ៉ារូបនេះ ធ្លាប់បានប្រលោកក្នុង​អាជីពបាល់ទាត់ នៅប្រទេស​កម្ពុជា តាំងពីឆ្នាំ​២០១៥​ នៅពេល​រូបគេ បានចូល​រួមជាមួយក្លិបបាល់​ទាត់បៀលប្រាយយូណាធីត មុនពេល​ប្តូរទៅកាន់ក្លិបណាហ្គាវើលដ៍ ពីឆ្នាំ​២០១៦ ដល់ឆ្នាំ​២០១៧។

ក្រោយបញ្ចប់កុងត្រាជាមួយ​ណាហ្គាវើល Rasheed Omokafe បានបាត់មុខ​ពី​​លីគកំពូល​កម្ពុជាចំនួន​៣​រដូវកាល ខ្សែប្រយុទ្ធឆ្នើម​រូបនេះ បានសម្រេច​វិលកាន់​ទឹកដី​កម្ពុជា​ជា​ថ្មី ដោយ​មកលេង​ឱ្យក្លិបកងយោធពលខេមរភូមិន្ទ នៅឆ្នាំ​២០២០ ហើយ​ក្រោយ​ការ​ប្រកួតជើង​ទី១ បានបញ្ចប់ Rasheed Omokafe  បាន​ផ្លាស់ទៅ​លេងឱ្យក្រុមគិរីវង់​សុខសែន​ជ័យ នៅជើងទី២ ខណៈពេលនេះ រូប​គេបានក្លាយជាសមាជិកថ្មី នៅ​ក្លិបអាស៊ីអឺរ៉ុប វិញ​ម្តង៕