ប្រទេសអុីតាលី៖ ខ្សែប្រយុទ្ធ Ciro Immobile របស់ក្លិប Lazio បានរកគ្រាប់បាល់ទី៣៦របស់គេនៅរដូវកាលនេះ កាលពីថ្ងៃសៅរ៍ ក្នុងពេលក្រុមខ្លួនបានរងបរាជ័យក្នុងលទ្ធផល ៣-១ ក្រោមស្នាដៃក្រុម Napoli ដើម្បីតាមស្មើកំណត់ត្រានៃការរកគ្រាប់បាល់បញ្ចូលទីច្រើនបំផុតក្នុងក្របខ័ណ្ឌ Serie A។
ខ្សែប្រយុទ្ធអន្តរជាតិអ៊ីតាលីរូបនេះ បានស៊ុតបាល់បញ្ចូលទីក្រោយពីលេងបាន២២នាទី ដើម្បីតាមស្មើកំណត់ត្រានៃការរកបាន៣៦គ្រាប់របស់ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Gonzalo Higuain ដែលបានបង្កើតកំណត់ ក្នុងពេលលេងឲ្យក្រុម Napoli ក្នុងរដូវកាលឆ្នាំ២០១៥-២០១៦។ Immobile ក៏ឈ្នះពានស្បែកជើងមម្ចាសប្រចាំទ្វីបអឺរ៉ុបផងដែរ ក្នុងនាមជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេនៅរដូវកាលនេះ ក្រោយពីយកឈ្នះលើខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប Bayern Munich ដែលរកបាប៣៤គ្រាប់។ គ្រាប់បាល់ចំនួន១៤គ្រាប់របស់គេ បានកើតឡើងពីការស៊ុតបាល់ប៉េណាល់ទី ខណៈដែលក្រុម Lazio បានបញ្ចប់រដូវកាលនេះ ដោយស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ និងឈ្នះកៅអីទៅលេងក្នុក្របខ័ណ្ឌ Champions League។
នេះគឺជាលើកទី៣ហើយដែល Immobile បានឈ្នះពានក្នុងនាមជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេបំផុតនៅអ៊ីតាលី ក្រោយពីរដូវកាលឆ្នាំ២០១៣-២០១៤ នៅពេលនោះរូបគេបានស៊ុតបាល់បញ្ចូលទី២២គ្រាប់ ពេលលេងឲ្យក្រុម Torino និងក្នុងរដូវកាលឆ្នាំ២០១៧-២០១៨ នៅពេលនោះរកបាន២៩គ្រាប់សម្រាប់ក្រុម Lazio៕
ប្រភពព័ត៌មាន៖ Channel News Asia