ប្រទេសអង់គ្លេស៖ ក្លិប Manchester City កាលពីថ្ងៃពុធ បាន​ប្រកាស​ពីការ​ចុះហត្ថលេខា​ជា​​មួយនឹង​ខ្សែ​ការពារ Nathan Ake របស់​ក្លិប Bournemouth ក្នុង​កិច្ច​សន្យា​រយៈពេល​៥​ឆ្នាំ ខណៈ​ដែល​រូប​គេ​ជាកីឡាករ​ចំណូល​ថ្មី​ទី​២​ដែល​បាន​ចូល​រួម​នៅកីឡដ្ឋាន Etihad ក្នុង​ពេល​បើក​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវ​នេះ​។

ក្រុម​របស់​លោក Pep Guardiola បាន​យល់​ព្រម​លើតម្លៃខ្លួន​៤០​លាន​ផោន (ស្មើ​នឹង​៥២​លានដុល្លារ​អាមេរិក) សម្រាប់​ខ្សែ​ការ​ពារកណ្តាល​អន្តរ​ជាតិ​ហូឡង់រូបនេះ ខណៈ​ដែល​តម្លៃខ្លួននោះ អាចនឹងកើនដល់​៤១លានផោន​។ ការ​ចុះហត្ថលេខា​នេះ កើតឡើង ត្រឹម​តែ​១​ថ្ងៃ ក្រោយពី​ក្លិប​បានប្រកាស​ថា ពួក​គេ​បាន​នាំ​យក​ខ្សែ​បម្រើ​ស្លាប​អន្តរ​ជាតិ​អេ​ស្ប៉ាញ Ferran Torres ពី​ក្លិប Valencia​។ Ake វ័យ​២៥​ឆ្នាំ បាន​ឲ្យដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​​មួយ​ថា៖ «Man City គឺ​ជា​ក្រុម​ដ៏​ខ្លាំង​បំផុត​ក្នុង​ក្រប​ខ័ណ្ឌ Premier League ក្នុង​រយៈពេល​១​ទសវត្សរ៍​ក្រោយ​នេះ​។ ការ​ចូល​រួម​នៅ​ទីនេះ គឺ​ជាក្តី​សុបិន​មួយ​សម្រាប់​ខ្ញុំ​។

នេះ​គឺ​ជាក្រុម​កំពូល​មួយ ដែល​ពោរពេញ​ដោយ​កីឡាករ​កម្រិត​ពិភព​លោក​។ បើ​មើល​គ្រប់ចំណុច​ទាំង​អស់​ក្នុងក្រុម​នេះ យើង​ឃើញ​មាន​កីឡាករ​ឆ្នើម​ៗ​ជាច្រើន រួម​ជា​មួយ​នឹង​បទពិសោធ​អន្តរ​ជាតិ​»​។លោក Txiki Begiristain ប្រធាន​ផ្នែក​កីឡា​បាល់ទាត់​របស់ Man City បាន​​បញ្ជាក់​ថា៖ «Nathan គឺ​ជា​ខ្សែ​ការ​ពារ​ដែល​ពោរពេញ​ដោយ​គុណ​ភាពម្នាក់​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia