ខ្សែ​បម្រើ​កណ្តាល​ដ៏​មាន​សមត្ថ​ភាព ម៉ាត់ យ៉ាម៉ីន នឹង​ត្រូវ​បង្ហាញ​វត្តមាន​ជា​ថ្មី នៅ​លើ​ទី​លាន ក្នុង​នាមជា​សមាជិក​ចំណូល​ថ្មី​របស់​ក្លិប​នគរបាលជាតិ វិញ​ម្តង បន្ទាប់រូប​គេ​បាន​ឃ្លាតឆ្ងាយ​ពី​បាល់​ទាត់ ក្រោយ​ក្លិប​បឹង​កេត បាន​បញ្ចប់​កុងត្រា មុន​ពេល​កំណត់ កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២០ កន្លង​មក​នេះ។

​ក្លិប​នគរ​បាលជាតិ​ក បាន​ប្រកាស​ពី​ការ​​ចុះ​កុងត្រា​រយៈ​ពេល​១រដូវ​កាល​កន្លះ​ជាមួយ​ ម៉ាត់ យ៉ាម៉ីន កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ ហើយ​តាម​រយៈ​កុងត្រា​នេះ យ៉ាម៉ីន នឹង​​ត្រូវ​បង្ហាញ​វត្ត​មាន សម្រាប់​ការ​ប្រកួត​ជើងទី​២​នៃ​លីកកំពូល​កម្ពុជា ឆ្នាំ​២០២០​នេះ រហូត​ដល់​ឆ្នាំ​២០២១ ហើយរូប​គេ​ក៏​អាច​ចូល​រួម​ជួប​ក្រុមនគរបាល​ជាតិ នៅ​ក្នុងការ​ប្រកួត​ថ្នាក់ជាតិ ពាន​រង្វាន់​សម្តេចហ៊ុនសែន ឆ្នាំ​២០២០ ផងដែរ។

គួរ​រំឭក​ថា អតីត​កីឡាករ​ក្លិប​បៀល​ប្រាយ​យូណាយ​ធីត ម៉ាត់ យ៉ាម៉ីន ត្រូវ​បាន​ក្លិប​បឹង​កេត ប្រកាសពី​ការ​បញ្ចប់​កុង​ត្រា មុន​ពេល​កំណត់ កាល​ពី​ដើម​ខែកុម្ភៈ ឆ្នាំ​២០២០ គឺ​បន្ទាប់​ពី យ៉ាមីន​ បាន​ស្ថិត​នៅ​ក្នុងចំណោម​មនុស្សចំនួន​៥២នាក់ (ស្រី​១៨នាក់) ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ទាំង​កណ្តាល​យប់ ជុំ​វិញ​​ការ​ប្រើ​ប្រាស់​ថ្នាំ​គ្រវី នៅមណ្ឌល​កំសាន្ត​ផ្លាយ នោះ។

យ៉ាង​ណា​ក៏​ដោយ អតីតខ្សែ​បម្រើកណ្តាលពាក់លេខ​៨​ ដែល​បាន​ចូល​រួម​ជាមួយ​ក្លិបបឹងកេត តាំង​ពី​ឆ្នាំ​២០១៦ នឹងបាន​រួមចំណែកជួយ​ឲ្យបឹង​កេត​ លើក​ពាន​លីកកំពូល​កម្ពុជា ២រដូវ​កាល​ជាប់​គ្នា(ឆ្នាំ​២០១៦ និងឆ្នាំ​២០១៧) រូបនេះ នឹង​ប្តូរ​ឯកសណ្ឋាន​ថ្មី ដើម្បី​រួមចំណែកជួយ​ក្រុម​នគរបាលជាតិ វិញ​ម្តង ខណៈ​លោក សារ៉េត ស៊ីដន នាយក​ផ្នែក​រដ្ឋបាល​ក្លិប​មួយនេះ បានអះអាង​ថា នឹង​ជួយ​ឲ្យ យ៉ាម៉ីន បាន​បង្ហាញ​សមត្ថ​ភាព ដើម្បី​បានជាប់​ជម្រើសជាតិ ជា​ថ្មី។

លោក សរ៉េត ស៊ីដន បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖​«យើង​នឹង​ផ្ដល់​ឱកាស​ដល់​គាត់​បង្ហាញ​សមត្ថភាព​នៅ​ទី​នេះ ហើយ​ប្រឹង​ប្រែង​ធ្វើការ​ជាមួយ​ក្រុម​នគរបាល​ជាតិ និង​សង្ឃឹម​ថា គាត់​អាច​បង្ហាញ​សមត្ថភាព​ល្អ ដើម្បី​មាន​ឱកាស​ជាប់​ជម្រើស​ជាតិ ហើយ​ខ្ញុំជឿជាក់ថា គាត់​នឹង​អាច​ជួយ​តំបន់​កណ្ដាល​របស់​យើង​ឲ្យ​បាន​ល្អ»៕