បរទេស៖ ខ្សែ​ការ​ពារ​ស្លាប​ឆ្វេង​អន្តរ​ជាតិ​អង់គ្លេស Ben Chilwell កាលពីថ្ងៃពុធ បានក្លាយ​ជា​​កីឡាករ​ចំណូល​ថ្មី​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​ទី​៣​របស់ Chelsea នៅ​រដូវ​កាល​នេះ ក្រោយពី​បាន​ចាក​ចេញពីក្លិប Leicester សម្រាប់​តម្លៃ​ខ្លួន​៥០​លាន​ផោន (ស្មើ​នឹង​៦៦​លាន​ដុល្លារ​អាមេរិក)​។

ការ​ផ្ទេរ​របស់ Chilwell ទៅកាន់​កីឡដ្ឋាន Stamford Bridge ក្នុង​កិច្ច​សន្យា​រយៈ​ពេល​៥​ឆ្នាំ កើតឡើង ក្រោយពី​ការ​ចុះ​ហត្ថលេខា​ជាមួយ​នឹង​កីឡាករ Hakim Ziyech និង Timo Werner ពី​ក្លិប Ajax និង RB Leipzig ខណៈ​ដែលក្លិប​ Chelsea ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​មាន​ភាព​មមាញឹក​ក្នុង​ទីផ្សារ​ដោះ​ដូរិកីឡាករ​។ បើ​ទោះ​បី​ទាំង​ក្លិប Chelsea និង Leicester មិន​បាន​បង្ហាញ​តម្លៃ​ខ្លួន​ជា​ផ្លូវ​ការ​​សម្រាប់​កីឡាករ Chilwellក៏ដោយ ប៉ុន្តែ ក្លិបសាម៉ី បាន​ចេញផ្សាយនៅលើ​គេហ​ទំ​ព័រ​របស់​ខ្លួន​ថា៖ «នេះគឺ​ជា​ការផ្ទេរ​មួយ​ក្នុង​ចំណោម​ការ​ផ្ទេរ​​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុតមក​ទល់​ពេល​នេះ​»​។ Chilwell វ័យ​២៣​ឆ្នាំ បាន​ប្រាប់​គេហ​ទំ​ព័រ​របស់ Chelsea ថា៖ «ខ្ញុំ​ពិ​តជា​រីក​រាយណាស់​ដើម្បី​ចូលរួម​ជាមួយ​នឹងក្លិប Chelsea ក្នុង​ពេល​វេលា​ដ៏​រំភើប​នេះ សម្រាប់​ក្លិបនេះ​»​។

កីឡាករ​រូបនេះ​បាន​ប្រាប់​បន្ត​ថា៖ «ខ្ញុំ​កំពុង​តែ​សម្លឹង​​ឆ្ពោះ​ទៅកាន់ការ​ចូលរួម​ជា​មួយ​នឹងក្រុម​ដែល​ប្រជុំ​ដោយ​កីឡាករ​វ័យ​ក្មេង និង​ពោរពេញ​ដោយ​ថាម​ពល ក្រោម​ការដឹកនាំ​របស់​លោក Frank Lampard ខណៈ​ដែល​យើង​នឹង​ប្រជែង​ដណ្តើម​ពាន​ជាច្រើន​នៅ​សប្តាហ៍​ក្រោយ​»។ Chilwell ដែលជា​ផលិត​ចេញពី​ថ្នាល​របស់​ក្លិប Leicester និងបាន​បង្ហាញខ្លួន​អន្តរ​ជាតិ​១១លើក​ឲ្យក្រុម​អង់​គ្លេស​នោះ បាន​បង្ហាញខ្លួនជាលើក​ទី​១​សម្រាប់ Leicester កាលពីខែ​តុលា ឆ្នាំ​២០១៥ និងបានបង្ហាញខ្លួន​១២៣លើក​សម្រាប់​ក្លិបនេះ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia