យុវជនថ្នាលចំនួន​៨​នាក់ ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា ​​បញ្ចប់ការ​សិក្សា និង​ហ្វឹក​ហាត់ ពី​មជ្ឈមណ្ឌល និង​សាលា​កីឡា​បាល់​ទាត់ជាតិ​បាទី ខេត្ត​តាកែវ គឺ​ពួក​គេ នឹង​ត្រូវ​រំសាយ​ទៅ​កាន់​ក្លិប ឬ​សមាគមដើម​របស់​ពួក​គេ​វិញ។

យ៉ាង​ណា​ក៏​ដោយ តាមសេចក្តី​ជូនដំណឹង​ កាល​ពី​ថ្ងៃអង្គារ​ម្សិល​មិញ សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ក៏​បាន​ចាត់​ទុកថា ជា​ការ​ជូនដំណឹង​ដល់​ក្លិបទាំង​១២ ​កំពុង​នៅ​លីកកំពូល​កម្ពុជា ឲ្យមាន​ទាក់​ទង​យុវជន​ទាំង​៨នាក់នេះ យក​ទៅ​ប្រកប​អាជីព នៅ​តាម​ក្លិប ដែល​ចង់បាន​ពួក​គេ​ផងដែរ។

​នៅ​ក្នុង​សេចក្តីជូន​ដំណឹង​នោះ បានបញ្ជាក់​ថា៖​«ព័ត៌​មាន​នេះ ចាត់​ទុក​ជា​សេចក្តី​ជូនដំណឹង​ដល់​ក្លិប​ទាំង​១២ ដែល​មាន​បំណង​ចុះ​កិច្ចសន្យា​ជាមួយ​យុវជន​ទាំង​អស់​នោះ ដើម្បី​បន្ត​អាជីព នៅ​ក្នុង​ក្លិប​របស់​ខ្លួន គឺ​អាច​ធ្វើ​ការ​ទាក់​ទង​ជាមួយ​កីឡាករ​ទាំង​៨រូប​នោះ តាម​រយៈ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ដើម្បី​ទទួល​បាន​នូវព័ត៌​មាន និង​លក្ខខណ្ឌ​ផ្សេងៗ ក្នុងការ​រៀបចំ​ធ្វើ​កិច្ច​សន្យា»។

គួរ​បញ្ជាក់​ថា យុវជន​ថ្នាល​ទាំង​៨នាក់ ដែល​ត្រូវ​បាន​រំសាយ​ពី​មជ្ឈមណ្ឌល និង​សាលា​កីឡា​បាល់​ទាត់ជាតិ​បាទី នោះ រួម​មាន​ខ្សែ​ការពារ រី លាភផេង ខ្សែ​បម្រើ ជូ ស៊ីនទិ ខ្សែ​ប្រយុទ្ធ ស្រួច ជីវ័ណ្ណ  ដែល​អ្នក​ទាំង​៣នេះ មាន​ដើម​កំណើត​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ខ្សែ​បម្រើ ភេម តៅសិញ អ្នក​ចាំទី កយ សាលីម ដែល​ពួកគេ មាន​ដើម​កំណើត​នៅ​ខេត្តកំពត ខ្សែ​ការពារ តាំង ប៊ុនឆៃ នៅ​ភ្នំពេញ ខ្សែ​បម្រើ អ៊ឹម វីនុន មក​ពី​ខេត្ត​ស្វាយរៀង និងខ្សែ​ប្រយុទ្ធ សេង សម្បត្តិ មាន​ដើម​កំណើត​នៅ​ខេត្ត​ប៉ៃ​លិន។

ជុំ​វិញ​ការ​ចេញ​សេចក្តី​ជូន​ដំណឹង ស្តី​ពី​ការ​បញ្ចប់​ការ​សិក្សារបស់​យុវជន​សាលាបាល់​ទាត់​ជាតិ​បាទី​៨នាក់ ជាសាធារណៈ​នេះ ត្រូវ​បាន​មន្រ្តី​ជំនាញ​របស់សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ប្រាប់​នៅ​ថ្ងៃ​ពុធនេះ​ថា៖​«ការ​ធ្វើបែបនេះ ដើម្បី​ឲ្យមាន​តម្លាភាព​ដល់​ក្លិបទាំង​១២ បាន​ដឹង​ដូច​គ្នា កុំ​ឲ្យ​មាន​ពាក្យ​ថា សហព័ន្ធ លាក់បាំងព័ត៌មាន ឬ​ប្រាប់​តែ​​ក្លិប​មួយចំនួន អ៊ីចឹងក្រោយការ​ជូនដំណឹងនេះ ​ក្លិប​ដែល​ចង់​បានពួក​គាត់ ទាំង​៨នាក់​នេះ អាច​ទាក់​ទង​មក​សហព័ន្ធ បាន​ដូច​គ្នា»៕