សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា (FFC) កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​ប្រកាស​ពី​ការ​បញ្ចប់​ការ​សិក្សា និងហ្វឹក​ហាត់​​របស់​យុវជន​ចំនួន​៥​នាក់ នៅ​មជ្ឈមណ្ឌល និងសាលា​កីឡាបាល់​ទាត់​ជាតិ បាទី គឺ​មានន័យ​ថា ពួកគេ ដល់ពេល​វេលា ដែលត្រូវ​ប្រើចំណេះ​ និងជំនាញ​ នៅ​ក្នុង​អាជីព​ជា​អ្នកបាល់​ទាត់​ ជា​ផ្លូ​វ​ការ​ហើយ។

តាម​រយៈការ​ប្រកាសព័ត៌​មាន កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ FFC បាន​បញ្ជាក់​ថា កីឡាករ កើត ពេជ, ហួត ដានីន, សៅ វឌ្ឍនា, យ៉ែម ពេជ្រមេសា និង ផាត សុខា ដែលបាន​ក្រេបជញ្ជក់​ចំណេះ​​ដឹង​ទាំង​ផ្នែក​ការ​សិក្សា​រៀន​សូត្រ និង​ជំនាញ​បាល់​ទាត់ អស់រយៈពេល​ជា​ច្រើន​ឆ្នាំ ​នៅ​មជ្ឈ​មណ្ឌល និងសាលា​កីឡាបាល់​ទាត់​ជាតិ នោះ បានបញ្ចប់​ការសិក្សា​ និងការ​ហ្វឹក​ហាត់  ជា​ផ្លូវការ​ហើយ។

ជាមួយគ្នានេះ FFC បាន​ជូនដំណឹង​ដល់ក្លិប-សមាគមបាល់​ទាត់ ​ជា​សមាជិក​របស់​សហ​ព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា ដែលមានបំណង​ចង់​បាន​អ្នកទាំង​៥​នាក់នេះ យក​ទៅ​លេង​ឱ្យក្លិប ឬ​សមាគម​របស់​ខ្លួន សូមទាក់ទង​មក​សហព័ន្ធ។

«សេចក្តីប្រកាស​ព័ត៌មាន​នេះ អាច​ចាត់​ទុក​ជា​ការ​ជូនដំណឹង​ដល់​ក្លិប/សមាគម​កីឡាបាល់​ទាត់ ដែលជាសមាជិក​របស់​ FFC ដែល​មានបំណង​ចង់​ចុះ​កិច្ច​សន្យាជាមួយ​នឹង​យុវជនទាំង​នោះ ​ដើម្បី​បន្ត​អាជីព​ នៅ​ក្នុង​ក្លិប/សមាគម​របស់​ខ្លួន អាច​ធ្វើ​ការ​​ទាក់ទង​ជាមួយ​នឹង​កីឡាករ​ទាំង​៥​រូប​នោះ តាម​រយៈ​សហព័ន្ធកីឡា​បាល់​ទាត់កម្ពុជា ដើម្បី​ទទួលបានព័ត៌មានពាក់ព័ន្ធ និង​លក្ខខណ្ឌ​ផ្សេងៗ ក្នុងការ​រៀបចំ​ធ្វើ​កិច្ចសន្យា»។ FFC បាន​បញ្ជាក់ នៅ​ក្នុង​សេចក្តី​ប្រកាស៕