បរទេស៖ បន្ទាប់ពីមិនមានការរំពឹងទុកនិងភាពមិនច្បាស់លាស់ជាច្រើនខែទីបំផុតខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានចុះហត្ថលេខាដើម្បី បន្តកុងត្រាថ្មីរយៈពេល ៣ ឆ្នាំជាមួយក្លឹបដែលមានមូលដ្ឋាន នៅភាគខាងជើងទីក្រុងឡុងបន្តទៀតក្នុងនាមប្រធានក្រុម និង ជាកីឡាករដែលស៊ុតបញ្ចូលទីនាំមុខគេ (Top Scorer) សម្រាប់ក្រុមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ជាមួយនិងសមត្ថភាព ព្រម ទាំងទេពកោសល្យដ៏ល្អរបស់ខ្លួន Aubameyang បានឈ្នះពានស្បែកជើងមាសភ្លាមៗ ពេលដែលរូបគេ ជាន់ទឹកដីកីឡាដ្ឋាន Emirates ជាលើកដំបូងមកម្លេះ។
ខ្សែប្រយុទ្ធអន្តរជាតិហ្គាបុងរូបនេះបានប្រាប់ពីគោលបំណងធំក្រោយចុះហត្ថលេខាថាៈខ្ញុំចង់ក្លាយជាវីរបុរសរបស់ក្លឹបដូចជា Thierry Henry ,Ian Wright, Tony Adams និង Dennis Bergkamp ដូច្នេះដែរ។ វាពិតជាមានន័យណាស់ដែលមានឪកាសធ្វើជាប្រធានក្រុមក្លឹបដ៏អស្ចារ្យមួយនេះ ។ ប្រិយមិត្តគាំទ្រ និង ថ្នាក់ដឹកនាំបានសម្តែងអារម្មណ៏ខ្វល់ខ្វាយពេលដែល ក្លឹបបញ្ចប់ចំណាត់ថ្នាក់រដូវកាលចាស់ឈរនៅលេខរៀងទី៨និងជារឿងដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្ត រយៈពេល២៥ឆ្នាំចុងក្រោយរបស់ក្លឹប។
ព្រោះតែពួកគេយល់ថាក្លឹបអាចនិងបាត់បង់ Aubameyang កីឡាករពូកែរកគ្រាប់បាល់រូបនេះចេញពីទឹកដី Emirate Stadium ខណៈក្លឹបធំៗមកពីទូទាំងទ្វីបអឺរ៉ុបធ្លាប់បានត្រៀមខ្លួនងការនាំយកកីឡាករអន្តរជាតិហ្គាបុង រូបនេះ ពោលគឺចាប់តាំងពីរូបគេចូលលេងអោយក្លឹបបាន ពីរឆ្នាំកន្លះបក្រោយផ្ទេរពី ក្លឹប Borussia Dortmund ក្នុងតម្លៃ ៥៦ លានផោននៅឆ្នាំ២០១៨។
បច្ចុប្បន្ន Aubameyang រកបាន ៧២ គ្រាប់សម្រាប់ Arsenal គ្រប់ការប្រកួតទាំង១១១លើក ចាប់តាំងពីផ្ទេរពី Dortmund ។កំណត់ត្រារបស់គាត់បានបង្ហាញថា Aubameyang នៅតែលេងបានល្អទោះបីជាឈាន ចូលដល់វ័យ ៣១ ឆ្នាំ និងបានជួយក្លឹបឈ្នះពានFA Cup កាលពីរដូវកាលចាស់ និង ពាន បើករដូវកាល Community Shield ផងដែរ៕
ប្រភពព័ត៍មាន៖ Goal