ការ​ប្រកួត​លីកកំពូល​កម្ពុជា ឆ្នាំ​២០២០ នៅ​ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ មិន​​មានការ​​ប្រជែង​គ្នា​រវាង​ក្រុម​កំពូលទាំង​៦ (​ចំណាត់​ថ្នាក់ទាំង​៦ក្រុមលើ) នោះ​ទេ ​គឺ​មានតែ​ការ​ប្រកួត​គ្នា​​រវាងក្រុមចំណាត់ថ្នាក់​ទាំង​៧​ក្រោម​ (​ក្រុម​លេខ​៧ ដល់​លេខ​១៣) ប៉ុណ្ណោះ។

ការគ្មាន​វត្ត​មាន​ប្រកួត​រវាង​ក្រុម​កំពូល​ទាំង​៦ រួម​មាន បឹងកេត ព្រះ​ខ័នរាជស្វាយរៀង ភ្នំពេញ​ក្រោន ណាហ្គាវើល វិសាខា និងក្រុម​កង​យោធពល​ខេមរភូមិន្ទ(ទ័ព) សម្រាប់​ការ​ប្រកួតលីក​កំពូល នៅ​សប្តាហ៍នេះ ត្រូវបាន​គេ​ដឹង​ច្បាស់​ថា ដោយសារ​គណៈ​កម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា (CNCC) បាន​ទុក​ពេល​ឲ្យក្រុមទាំង​៦​នេះ សម្រាក ដើម្បី​ត្រៀ​ម​ការ​ប្រកួត​ជើងទី​២ វគ្គ​៨​ក្រុមចុងក្រោយ ពាន​រង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០២០ នៅ​ថ្ងៃពុធ និង​ថ្ងៃ ព្រហស្បតិ៍ សប្តាហ៍ក្រោយនេះ។

ផ្ទុយ​ទៅ​វិញ ​ក្រុមគិរីវង់​សុខសែន​ជ័យ ដែល​ត្រូវ​ប្រកួត​ពាន​សម្តេច ហ៊ុន សែន ដែរ​នោះ

ហាក់​មិនទទួលបាន​​ភាព​យុត្តិធម៌ ទៅនឹង​ចំណាត់ការ​នេះ​ទេ ព្រោះនៅ​ថ្ងៃសៅរ៍នេះ ពួកគេត្រូវ​ប្រកួត​លីកកំពូល​កម្ពុជា ដោយ​ត្រូវ​ស្វាគមន៍​ក្រុម​ភ្ញៀវ អគ្គិសនី​កម្ពុជា នៅ​លើ​ទឹក​ដី​ខ្លួន​ឯង ខណៈ​ការ​ប្រកួត​ជើងទី​១ ក្រុមទាំង​២នេះ បាន​ស្មើ​គ្នា ២-២។

តាម​រយៈកាល​វិភាគ​ប្រកួត​នេះ បាន​បង្ហាញ​ថា ក្រុមគិរីវង់​សុខសែន​ជ័យ បាន​សម្រាក​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ ព្រោះ​ពួកគេ នឹង​ត្រូវ​ប្រកួតជើងទី​២ ពាន​រង្វាន់​សម្តេច ហ៊ុន សែន នៅ​ថ្ងៃពុធ ទី​៧ ខែតុលា ខណៈ​ភ្នំពេញ​ក្រោន ដែល​បាន​ឈ្នះ ២-១ កាល​ពី​ជើងទី​១​នោះ បែរ​ជា​មាន​ពេល​សម្រាក និង​ហ្វឹក​ហាត់​ពង្រឹង​សមត្ថ​ភាព រហូត​ដល់​១០​​ថ្ងៃពេញ ដែល​​វា​មិន​មាន​ភាពយុត្តិធម៌ ដល់​ក្រុមគិរីវង់ នោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ ក្រុមគិរីវង់ អាច​នឹង​មិនសូវ​ផ្តោតខ្លាំង​ទៅ​ការ​ប្រកួតលីកកំពូល​កម្ពុជា នៅ​ថ្ងៃសៅរ៍នេះ ជាមួយក្រុមអគ្គិសនី​កម្ពុជា ប៉ុន្មាន​ទេ គឺ​ក្រុមនេះ អាច​នឹង​ទុក​កីឡាករ​សំខាន់ៗ ឲ្យសម្រាក សម្រាប់​​ត្រៀម​ជួប​ក្រុម​ភ្នំពេញ​ក្រោន នៅថ្ងៃ​ពុធ​ សប្តាហ៍​ក្រោយ ព្រោះ​ក្រុម​មាន​មូលដ្ឋាន​នៅទី​រួម​ខេត្ត​តាកែវ មួយនេះ ធ្លាប់​បាន​ប្រាប់ថា ពួកគេ មានការ​ផ្តោត​ខ្លាំង ទៅ​លើ​ការ​​ប្រកួត​ពាន​សម្តេច ហ៊ុន សែន ខ្លាំង​ជាង​លីកកំពូល ដ្បិតអី​ គិរីវង់ មើល​ឃើញ​ថា ការ​ប្រកួត​ប្រជែង ដោយ​ប្រើប្រាស់កីឡាករ​ខ្មែរ​សុទ្ធ គឺ​ពួកគេ អាច​មានលទ្ធភាព​ ស្មើ​នឹង​ក្រុម​ធំៗ​ ក្នុងការ​​ប្រជែង​យក​ពាន។

គួរបញ្ជាក់​ថា សម្រាប់​ការ​ប្រកួត​ជើងទី​២ វគ្គ​៨​ក្រុម​ចុងក្រោយ ពាន​រង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០២០ ក្រុម​គិរីវង់ ត្រូវ​ទទួល​ក្រុម​ភ្នំពេញ​ក្រោន នៅពុធ ទី​៧ ខែតុលា វេលា​ម៉ោង ៣:៣០ គឺ​មុនពេល​ការ​ជួបគ្នា​រវាងក្រុម​ម្ចាស់ផ្ទះ ព្រះ​ខ័នរាជស្វាយរៀង ជាមួយ​ណាហ្គាវើល នៅ​ម៉ោង​៦​ល្ងាច។ ចំណែក​នៅ​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់ ក្រុម​ខេត្តព្រៃវែង ត្រូវស្វាគមន៍ក្រុម​ទ័ព ដែល​ពួកគេ​បានចាញ់ ១-០ ក្នុង​ជើងទី​១ នៅ​រសៀល​ម៉ោង​ ៣:៣០ ហើយ​ម្ចាស់​ផ្ទះ វិសាខា ត្រូវ​ប្រកួតកាត់សេចក្តីជាមួយ​ក្រុមបឹងកេត ដើម្បី​បញ្ចប់​ភាព​មន្ទិល​នៃ​ការ​ស្មើ​គ្នា ១-១ កាល​ពី​ជើងទី​១៕