អគ្គលេខាធិការក្លិប​បាល់​ទាត់គិរីវង់សុខសែនជ័យ ​លោក Florian បានអះអាង​ថា ថ្នាក់​ដឹកនាំ​របស់​ក្លិប ​មានការ​ខក​ចិត្ត​ខ្លាំង ទៅ​លើ​លទ្ធផល​នៃ​ការ​ប្រកួត​ជើង​ទី​២ ក្នុង​​លីគកំពូល​កម្ពុជា ឆ្នាំ​២០២១ ដែល​​ក្រុម​មាន​មូល​ដ្ឋាន​នៅ​ខេត្ត​តាកែវ មួយនេះ ធ្វើ​មិនបាន​ល្អ​សោះ។

​«ទាក់​ទង​នឹង​លទ្ធផល​រដូវ​កាល​មុន (ឆ្នាំ​២០២១នេះ) យើង​បាន​សម្រេច​តាម​គោល​ដៅ ​ដោយ​ស្ថិត​នៅ​ក្រុម​លំដាប់​កំពូល​ទាំង​៨ ប៉ុន្តែ​ថ្នាក់​ដឹកនាំ​មាន​ការ​ខកចិត្ត​ជា​ខ្លាំង​ សម្រាប់​លទ្ធផល​ជើង​ទី​២ ដោយ​យើង​រំពឹង​ថា នឹង​អាច​រំខាន​ក្លិប​ធំៗ ក្នុង​ការ​ប្រកួត​ប្រជែង ហើយ​នាំ​យក​ជ័យជម្នះ​​ជូន​ក្លិប ប៉ុន្តែ​យើង​ធ្វើ​មិន​បាន​ល្អ​ទាល់​តែ​សោះ»។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Florian នៅ​លើ​ផេច​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្លិប​គិរីវង់សែនជ័យ កាលពី​ថ្ងៃ​ពុធ។

សម្រាប់ការ​ប្រកួតលីគកំពូល ឆ្នាំ​២០២១​នេះ ក្រុមគិរីវង់ បានជាប់​នៅ​ក្នុងចំណោម​ក្រុមកំពូលតារាង​ទាំង​៨ (Top8) ដែលមាន​សិទ្ធិ ប្រកួតប្រជែងយកពាន នៅ​ជុំ​ទី​២ បន្ទាប់ពី​ពួកគេ បានលេខ​៨ ក្រោយបញ្ចប់ការ​ប្រកួត​ជុំ​ទី​១ ប៉ុន្តែ​​តាម​រយៈការ​ប្រកួត​ទាំង​៧​លើក ក្នុង​ជុំទី​២ គិរីវង់ បានចាញ់​ទាំងអស់ គឺ​បានចាញ់​ក្រុម​កងយោធពល​ខេមរភូមិន្ទ ៣-១ ចាញ់ ភ្នំពេញ​ក្រោន ៣-១ ចាញ់​ បឹងកេត ៣-២ ចាញ់ អង្គរថាយហ្គឺរ ៦-១ ចាញ់​ ព្រះខ័ន​រាជ​ស្វាយរៀង ៦-០ និងចាញ់ ណាហ្គាវើលដ៍ ៥-២ ដោយ​មានត្រឹម​១៣​ពិន្ទុ ក្នុងការ​ប្រកួតទាំង​២ និងទទួលបានលេខ​៨​ ប្រចាំ​ឆ្នាំ​២០២១​។

​បន្ថែម​លើ​នេះ ក្រុមគិរីវង់ ក៏បាន​ជួបការ​ខក​ចិត្តផងដែរ នៅ​ក្នុងការ​ប្រកួត​ថ្នាក់ជាតិ ​ពាន​រង្វាន់សម្តេច ​ហ៊ុន សែន ឆ្នាំ​២០២១​ ខណៈពួកគេ បាន​ធ្លាក់​ត្រឹម​​វគ្គជម្រុះ​១៦​ក្រុមដំបូង ក្រោយចាញ់​ក្រុមអាស៊ីអឺរ៉ុប​ ៣-២ នោះ ហើយជាមួយ​លទ្ធផល​ដ៏​អាក្រក់នេះ គិរីវង់ បានសម្រេច​មិន​បន្ត​កុងត្រាជាមួយ​កីឡាករ​ជា​ច្រើន​នាក់។

ចំណែក​ក្រុម​បង្គោលជនជាតិ​ថៃ លោក Ekapob Potisai  ក៏​បាន​ចាកចេញផងដែរ ហើយ​តាង​នាម​ឱ្យ​ក្លិ​ប​គិរីវង់សុខសែន​ជ័យ លោក Florian បាន​សម្តែង​អរគុណ​ទៅ​ដល់​លោក Ekapob Potisai សម្រាប់​ការ​ប្រឹង​ប្រែង​ជួយ​ក្លិប​៣​រដូវ​កាល​កន្លងមក និងបាន​ជួយ​​អភិវឌ្ឍ​សមត្ថភាព​កីឡាករ​ថ្នាល​យុវជន​របស់​ក្រុម​មួយ​នេះ ​កាន់​តែ​មាន​អនាគត​ភ្លឺស្វាង។

លោក Florian ​បាន​បញ្ជាក់ថា៖​ «ឥឡូវ​​នេះ យើង​នឹង​មាន​រជ្ជកាល​មួយ​ថ្មី ជា​ប្រវត្តិ​សាស្ត្រ​របស់​ក្លិប ប្រសិន​បើ​យើង​ចង់​បន្ត​រីកចម្រើន និង​ឈាន​ឆ្ពោះ​ទៅ​មុខ។ នៅ​ក្នុង​ដំណាក់​កាល​ផ្លាស់​ប្តូរ​នេះ យើង​បាន​សម្រេច​ចិត្ត សម្រាប់​ការ​ចាក​ចេញ និង​មិន​បន្ត​​កុងត្រា​ដល់​​កីឡាករ​​ជា​ច្រើន ដើម្បី​នាំយក​កីឡាករ​ថ្មីៗ ​ដែល​មាន​បទ​ពិសោធ ក៏​ដូចជា​ផ្តល់​ឱកាស​​ដល់​កីឡាករ​​ថ្នាល​យុវជន​របស់​យើង ដូច​អ្វី​ដែល​យើង​ បាននឹង​​កំពុង​ធ្វើ​កន្លងមក»។

យ៉ាងណា​ក៏​ដោយ គិតត្រឹម​ពេលនេះ ក្រុមគិរីវង់សុខសែនជ័យ នៅ​មិនទាន់ឃើញ​ចេញ​សេចក្តី​ប្រកាស ចែក​ផ្លូវជាមួយកីឡាករ​ណាម្នាក់នៅ​ឡើយ​ទេ ប៉ុន្តែលោក Florian បាន​​សន្យា ទៅ​​កាន់​អ្នក​គាំ​ទ្រ​​របស់​ក្រុមគិរីវង់សុខសែន​ជ័យថា នឹងនាំ​យក​មោទនភាព ជូន​ដល់​​​​ក្លិប​មួយ​នេះ សម្រាប់ការ​ប្រកួត នៅរដូវកាល​ថ្មី ឆ្នាំ​២០២២ ខាងមុខ​នេះ​លោក Florian បានបញ្ជាក់​ថា៖​«យើង​​សន្យា​ថា នឹង​យើង​ខិតខំ​ប្រឹង​ប្រែង​ឱ្យ​​កាន់​តែ​ខ្លាំង​ឡើងៗ សម្រាប់​រដូវ​កាល​បន្ទាប់ និង​ធ្វើ​ឱ្យ​​អ្នក​គាំទ្រ ​មាន​មោទន​ភាព ​សម្រាប់​ក្លិប​នេះ។ យើង​ទន្ទឹង​រង់​ចាំ​អ្នក​គាំទ្រ​របស់​យើង​រួច​រាល់​ហើយ​ សម្រាប់​រដូវ​កាល​ខាង​មុខ​នេះ»៕