កីឡាករកំពុង​ទទួល​បាន​ភាព​ល្បី​ល្បាញ ធន់ អៀនឡៃ បានបង្ហាញ​ការ​សោក​ស្តាយ​ខ្លាំង និងមាន​ការ​តូច​ចិត្ត​ចំពោះ​ខ្លួន​ឯង  ខណៈ​រូប​គេ​មិន​ទទួល​បាន​ផល​អ្វី​សោះ​ពី​ការ​ផ្តួល​ឲ្យ ភួន ឡាំងកូស៊ីន ឲ្យ​សន្លប់ សម្រាប់​ការ​ប្រកួត​ជម្រុះ​តាម​ពូល​ដណ្តើម​ខ្សែ​ក្រវាត់ ទម្ងន់​៥៤​គីឡូក្រាម នៅ​លើ​សង្វៀន PNN។

សម្រាប់ការ​ប្រកួត​បើក​ឆាក ប្រចាំពូល​A កាល​ពី​ថ្ងៃអាទិត្យ កន្លង​មកនេះ ធន់ អៀនឡៃ បាន​ចំណាយ​ពេល​ត្រឹម​៣​ទឹក ក្នុងការ​បុក​ជង្គង់​ឲ្យ ភួន ឡាំង​កូស៊ីន ឲ្យ​សន្លប់​ធំ ប៉ុន្តែ អៀនឡៃ មិន​ទទួល​ភាព​រីក​រាយ​ចំពោះ​ការ​ឈ្នះ​នេះ​ទេ ព្រោះរូបគេ ធ្វើ​គីឡូ(ទម្ងន់) មិន​បាន​តាមការ​កំណត់ ដែល​ធ្វើ​ឲ្យគណៈកម្មការ​ប្រកួត សម្រេចផ្តល់​៣ពិន្ទុ​ឲ្យ​ទៅ ឡាំងកូស៊ីន តាំង​ពី​មុន​ការ​ប្រកួតចាប់ផ្តើម​ម្ល៉េះ មាន​ន័យ​ថា ជំនួប​បើក​ឆាក​របស់ ធន់ អៀនឡៃ គ្រាន់តែ​ជា​ការ​ប្រកួតមិត្ត​ភាព​ប៉ុណ្ណោះ។

នៅ​ក្រោយ​ការ​ប្រកួតបាន​បញ្ចប់ ធន់ អៀនឡៃ និយាយ​ថា៖ «​ខ្ញុំ​ពិតជា​មានការ​សោកស្តាយខ្លាំង​មែនទែន ដោយមិន​នឹក​ស្មាន​ថា ខ្ញុំ​ធ្វើ​គីឡូ​មិន​បាន ខណៈ​នៅសល់​តែ​៤ខាំ​ទៀត​សោះ តែ​ខ្ញុំ​ធ្វើ​មិន​បាន គឺ​ខ្ញុំ​មាន​អារម្មណ៍​តូច​ចិត្ត​ចំពោះ​ខ្លួន​ឯងណាស់ ព្រោះ​ការ​ទទួល​បានឱកាសចូល​ប្រកួត​ខ្សែ​ក្រវាត់នេះ ខ្ញុំ​បាន​ទន្ទឹង​រង់ចាំ​ជា​យូរមក​ហើយ»។

យ៉ាង​ណា​ក៏​ដោយ ធន់ អៀនឡៃ នៅតែ​មាន​ឱកាស​ប្រជែងកៅ​អី​ចំនួន​២ ក្នុងពូល​Aនេះ ដើម្បី​បាន​ឡើង​ទៅ​ប្រកួត​នៅវគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ បើ​សិនជា​រូបគេ អាច​យក​ឈ្នះ​ទាំង ស៊ឺន ថៃសាន់ និង រិន ដាវីត សម្រាប់​ការ​ប្រកួត​២​លើក​ចុង​ក្រោយ​នោះ ខណៈការ​ប្រកួត​រវាង​អ្នកទាំង​២​នេះ គឺ រិន ដាវីត បាន​យក​ឈ្នះ ស៊ឺន ថៃសាន់ ដោយ​ពិន្ទុ​ជា​ឯក​ចន្ទ ៥-០ ដើម្បី​មាន​៣ពិន្ទុស្មើជាមួយ ភួន ឡាំកូនស៊ីន។

នៅ​ពេល​សួរ​ដល់​ការ​ប្រកួត​២លើក​ចុង​ក្រោយ​នោះ ធន់ អៀនឡៃ បាន​និយាយ​ថា៖​«សម្រាប់ការ​ជួប ស៊ឺន ថៃសាន់ និង រិន ដាវីត នៅ​ក្នុងការ​​ប្រកួតបន្ទាប់​ នឹង​មានការ​ភាព​តឹង​ខ្លាំង​ដូច​គ្នា ព្រោះ​ពួក​គេ​សុទ្ធតែ​មានសមត្ថ​ភាព​ល្អ និង​ស៊ូខ្លាំង ប៉ុន្តែ​ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថ​ភាព។ ជាមួយ​គ្នា​នេះ ​ខ្ញុំ​នឹង​ព្យាយាម​កាត់បន្ថយ​ការ​ហូប​ចុក និងធ្វើគីឡូឲ្យគ្រប់តាមការ​កំណត់ ហើយ​ខ្ញុំ​ក៏នឹង​មិន​ទទួល​យកការ​ប្រកួត​ នៅ​កម្ម​វិធី​ផ្សេង​ទៀត​នោះ​ដែរ គឺ​ខ្ញុំ​នឹង​ខំ​ហ្វឹក​ហាត់ សម្រាប់ត្រៀម​តែ​ការ​ប្រកួតនេះ»។

ជាមួយ​គ្នា​នេះ ភួន ឡាំងកូស៊ីន ​ក៏បាន​បង្ហាញ​ការ​សោកស្តាយផងដែរ ដែល​បាន​សន្លប់​ក្រុម​ទម្ងន់​ជង្គង់របស់ ធន់ អៀនឡៃ ត្រឹម​ទឹក​ទី​៣ ប៉ុន្តែ​រូប​គេ​បានអះអាង​ថា នឹង​ព្យាយាម​ពង្រឹង​ចំណុចខ្សោយ​នេះ ដើម្បី​ត្រៀម​ប្រកួតជាមួយ រិន ដាវីត និង ស៊ឺន ថៃសាន់ សម្រាប់​ជំនួប​បន្ទាប់។

ភួន ឡាំងកូស៊ីន បាន​និយាយ​ថា៖ ​«​ខ្ញុំ​មាន​ការ​សោកស្តាយ​ខ្លាំងមែន​ទែន ព្រោះ​ខ្ញុំក៏​ព្យាយាម​ចង់ងើប​ដែរ ប៉ុន្តែ​នៅពេល​គាត់​បុក​ជង្គង់​ចូល​នោះ ធ្វើ​ឲ្យខ្ញុំ​​ឆ្អល់ ដកដង្ហើម​អត់​ចេញ អ៊ីចឹង​ហើយ​ ខ្ញុំ​ត្រូវពង្រឹង​កន្លែង​ហ្នឹង និងពង្រឹង​ជើង​ក្រោម​របស់ខ្ញុំ​ផងដែរ ដ្បិត​អី​​ការ​បន្ត​ទៅ​ជួប​ទាំង រិន ដាវីត និង ស៊ឺន ថៃសាន់ នឹង​មាន​ភាព​តាន​តឹង​ដូច​គ្នា ព្រោះ​តាម​រយៈការ​ប្រកួត​មុននេះ ខ្ញុំ​មើល​ឃើញ​ថា ពួក​គាត់ល្អដូច​គ្នា»៕