អ្នក​ប្រយុទ្ធវាយមិន​ដក​ថយ ប៊ុន សុធា បាន​កក់កៅ​អី នៅ​ក្នុងការប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ ទម្ងន់​៥៧​គីឡូក្រាម​ នៅលើ​សង្វៀន​ទើប​បើក​ឱ្យមាន​ការ​ប្រកួតឡើង​វិញ PNN មុន​គេ បន្ទាប់ពី​រូបគេ​បាន​ទម្លាក់កីឡាករ យ៉ន ពិសី នៅ​ក្នុង​វគ្គ​ជម្រុះ​បើក​ឆាក។ ចំណែកជើង​ថ្មី​កំពុង​សាងបាន​ភាព​ល្បី ពុទ្ធ ម៉ាណូយ បាន​ក្លាយជា​កីឡាករ​ដំបូងគេ ដែល​បាន​ផ្តួល​ដៃគូ​ឱ្យ​សន្លប់ នៅ​ក្នុងព្រឹត្តិការណ៍​ថ្មី OneStrike ហើយ ប៊ន ពន្លឹក ក៏​បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក ពីការ​ប្រកួត​ម៉ារ៉ាតុន នៅ​លើ​សង្វៀន​នេះ​ដូចគ្នា។

តាម​រយៈ​ការ​ប្រកួតយ៉ាងស្វិតស្វាញ កាលពី​ថ្ងៃ​អាទិត្យ ម្សិលមិញនេះ ប៊ុន សុធា និង យ៉ន ពិសី បាន​ប្រកួតគ្នា​យ៉ាង​ស្វិត​ស្វាញ​បំផុត ប៉ុន្តែ ប៊ុន សុធា បាន​វាយ​ចូលគោលដៅ​ល្អ​ជាង ពិសេស​ការចូល​ចាប់បុក​ជង្គង់របស់គេ ដែល​ធ្វើ​ឱ្យ យ៉ន ពិសី មានការ​លំបាក និង​ធ្លាក់​កម្លាំង​គួរ​ឱ្យ​កត់សម្គាល់ ហើយ​ជា​លទ្ធផល ចៅ​ក្រម​ទាំង​៥​នាក់ បានសម្រេច​ផ្តល់ពិន្ទុ​ឱ្យ ប៊ុន សុធា ឈ្នះជា​ឯកច្ឆន្ទ ៥-០ តែម្តង។

​តាម​រយៈ​ការ​ទទួល​បានជ័យជម្នះ នៅ​ក្នុងការ​ប្រកួត​ជម្រុះ១៦នាក់​​ដំបូង​ ប៊ុន សុធា ​បាន​ក្លាយជា​បេក្ខភាព​ទី​១ ដែល​ត្រូវ​ឡើង​ទៅ​​ប្រកួត នៅ​ក្នុង​វគ្គជម្រុះ​៨នាក់​ចុង​ក្រោយ បាន​មុន​គេ ដោយ​រង់ចាំ​ការ​ប្រកួត​រវាង​ជើង​ខ្លាំង​ចំនួន​១៤នាក់​ទៀត ចំណែក យ៉ន ពិសី បាន​ធ្លាក់​ចេញពី​ការ​ប្រកួតនេះ​ហើយ ព្រោះ​រូបមន្តនៃ​ការ​ប្រកួតនេះ គឺ​ប្រកួត​ជម្រុះ​ចាញ់ធ្លាក់ៗ រហូត​រក​ឃើញ​បេក្ខភាព​២​នាក់ចុង​ក្រោយ ដែល​ត្រូវ​ឡើងទៅប្រកួត​ផ្តាច់ព្រ័ត្រ ដណ្តើម​យក​ខ្សែ​ក្រវាត់ និង​ប្រាក់រង្វាន់​ចំនួន​៤០លាន​រៀល។

ដោយ​ឡែក​កីឡាករ​ជើង​ថ្មី ពុទ្ធ ម៉ាណូយ បាន​ក្លាយ​ជា​បេក្ខភាព ដំបូងគេ ដែល​ទទួល​បាន​ប្រាក់រង្វាន់បន្ថែមចំនួន​១លាន​រៀល ​ពី​ការ​ប្រកួត OneStrike នៅ​លើ​សង្វៀន PNN នេះ បន្ទាប់ពី​រូប​គេ​បាន​ទាត់​កីឡាករ ឃន គឹមហេង បណ្តាល​ឱ្យ​ខូច​ជើង មិនអាច​បន្ត​ការ​ប្រកួត​ទៀត​បាន នៅ​ក្នុងទឹក​ទី​២នោះ។

សម្រាប់ការ​ប្រកួត​ព្រឹត្តិការណ៍​ថ្មី OneStrike ​នេះ មានរូប​មន្ត​ប្រកួត​ប្លែក​ និងថ្មី​សន្លាងតែម្តង ព្រោះតម្រូវ​ឱ្យកីឡាករ​ទាំង​២នាក់ ​ប្រកួតតែ​២ទឹកទេ ដោយ​​១ទឹកមាន​រយៈពេល​៧នាទី ហើយមាន​អាជ្ញាកណ្តាល​កាត់សេចក្តី​តែ​ម្នាក់​គត់ គ្មាន​ចៅ​ក្រម​ទេ ដ្បិតអី​ការ​ប្រកួតនេះ កំណត់ការ​ចាញ់​ឈ្នះ ដោយការ​វាយគូ​ប្រកួត​ឱ្យ​សន្លប់ និង​ត្រូវអាជ្ញាកណ្តាលបញ្ឈប់ ប៉ុន្តែ​បើ​គ្មាន​អ្នក​សន្លប់ ក្រោយ​ការ​ប្រកួត​ទាំង២​ទឹក បាន​បញ្ចប់​ទេ គឺ​ការ​ប្រកួតនេះ ចាត់ទុក​ថា មិន​យក​ជា​ការ ហើយ​ក៏​មិន​ប្រកាស​លទ្ធផល​នោះ​ដែរ។

សម្រាប់ការ​ប្រកួត កាលពី​ថ្ងៃអាទិត្យនោះ​ដែរ កីឡាករ ប៊ន ពន្លឹក បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក នៅក្នុងការ​ប្រកួតម៉ារ៉ាតុន ទម្ងន់​៥៤គីឡូក្រាម ក្រោយរូបគេ​បាន​យក​ឈ្នះ​ដោយ​ពិន្ទុមិន​ឯកច្ឆន្ទ ២-១លើ កីឡាករ នូវ សុខទី នៅវគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​ការ​ប្រកួត​វគ្គជម្រុះ​៣ទឹក​ដំបូង ប៊ន  ពន្លឹក បាន​ឈ្នះ​ពិន្ទុ សូត្រ សុឃីម ហើយ នូវ សុខទី បាន​ឈ្នះពិន្ទុ សេក សារ៉ាន់៕