បរទេស៖ ខ្សែ​ប្រយុទ្ធ Tammy Abraham ខ្សែ​ការ​ពារ Ben Chilwell និង​ខ្សែ​បម្រើ Jadon Sancho នឹង​អវត្ត​មាន​ក្នុងការ​ប្រកួត​មិត្ត​ភាព​របស់ក្រុម​បាល់​ទាត់​ជម្រើស​ជាតិអង់​គ្លេស នៅពេល​ប្រកួត​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​វេលស៍ នា​កីឡដ្ឋាន Wembley នៅ​រាត្រីនេះ ក្រោយពី​ពួក​គេ​បានប្រព្រឹត្ត​ល្មើស​នឹង​បទបញ្ជា​កូវីដ-១៩ កាល​ពី​ចុង​សប្តាហ៍​មុន​​នេះ​។

នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​លោក Gareth Southgate កាលពីថ្ងៃ​អាទិត្យ​។ Chilwell និង Sancho បាន​ចូល​រួមក្នុងកម្មវិធី​ខួប​កំណើត​របស់ Abraham នៅក្នុង​ទីក្រុង​ឡុងដ៍ កាលីថ្ងៃ​សៅរ៍​។ កម្ម​វិធី​ខួប​កំណើត​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​បង្កើត​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ប៉ុន្តែ បាន​ល្មើស​នឹង​ច្បាប់ទី​៦ ដែល​ជាគោល​ការ​ណែនាំ​មួយ​ក្នុង​ចំណោម​គោល​ការណែនាំរបស់​រដ្ឋា​ភិបាល ដែលហាមប្រជា​ជននៅ​អង់គ្លេស មិន​ឲ្យ​ប្រមូល​ផ្តុំ​គ្នា​ច្រើន​ជាង​៦នាក់ ដើម្បី​ទប់​ស្កាត់​ការ​រាត​ត្បាត​​វីរុស​កូរ៉ូ​ណា​។

លោក Southgate បានប្រាប់​សន្និសីទ​សារ​ព័ត៌​មាន​មួយ​ថា៖ «ពួកគេ​នឹង​អវត្តមានក្នុងការ​ប្រកួត​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​វេលស៍ ហើយ​ប្រសិន​បើ​ពួក​គេ​មិន​អាច​ស្ថិតនៅ​ជាមួយនឹង​យើង​នៅ​ត្រឹម​ថ្ងៃសុក្រទេនោះ ពួកគេ​នឹង​អវត្តមាន​ក្នុងការ​ប្រកួត​ជា​មួយនឹងក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក​»​។ លោក​បាន​បន្ថែម​ទៀត​ថា៖ «យើង​​ត្រូវ​តែ​​មាន​ភាពច្បាស់​លាស់ក្នុងការ​ការ​ពារ​ក្រុម​ទាំង​មូល ដែល​ជា​រឿង​ដ៏សំខាន់​។ ​ពេល​វេលា​កំណត់​ទៅលើ​បម្រាម​គោចរណ៍ ពិត​ជា​ស្មុគ​ស្មាញ ហើយ​យើង​ត្រូវ​តែ​សម្រប​ខ្លួន​ឲ្យ​បានល្អ​តាម​ដែល​យើ​អាច​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia