បរទេស៖ ខ្សែប្រយុទ្ធកំពុងឡើងទម្រង់លេង Dominic Calvert-Lewin បានរកគ្រាប់បាល់បញ្ចូលទីនៅថ្ងៃចូលលេងដំបូងរបស់ខ្លួន ខណៈដែលក្រុមប្រជុំដោយកីឡាករគ្មានបទពិសោធរបស់លោក Gareth Southgate បានផ្តួលក្រុមជម្រើសជាតិវេលស៍ ក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតមិត្តភាពកាលពីថ្ងៃព្រហស្បតិ៍។

ខ្សែប្រយុទ្ធ Calvert-Lewin បានរកគ្រាប់បាល់បើកឆាកនាកីឡដ្ឋាន Wembley ជាមួយនឹងគ្រាប់បាល់ទី១០របស់គេនៅរដូវកាលនេះ ក្រោយពីបានស៊ុតបញ្ចូលទី៩គ្រាប់ក្នុងការប្រកួត៦លើកសម្រាប់ក្លិប Everton។ គ្រាប់បាល់ស៊ុតបញ្ចូលទីនៅត់ទី១របស់កីឡាករវ័យ២៣ឆ្នាំរូបនេះ បានកើតឡើង មុននឹងខ្សែការពារ Conor Coady របស់ក្លិប Wolves បានរកគ្រាប់បាល់ដំបូងរបស់គេសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស បន្ទាប់ពីបញ្ចប់តង់ទី១។ ក្នុងការបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងជាលើកទី១របស់គេសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ខ្សែប្រយុទ្ធ Danny Ings របស់ក្លិប Southampton បានរកគ្រាប់បាល់ទី៣សម្រាប់ក្រុមខ្លួន ដែលជាគ្រាប់បាល់ទី១របស់គេសម្រាប់អង់គ្លស តាមរយៈការតែតបាល់បញ្ចូលទីយ៉ាងល្អ។

ស្របពេលដែលកីឡាករ Tammy Abraham, Ben Chilwell និង Jadon Sancho សុទ្ធសឹងបានអវត្តមានដោយសារតែល្មើសនឹងវិធានការពារវីរុសកូវីដ-១៩នោះ លោក Southgate បានផ្តោតលើការសិក្សារបស់លោក នៅមុនពេលការប្រកួតក្នុងយុទ្ធនាការ Nations League របស់ក្រុមជម្រើសជាតិអង់គ្លេស ជាមួយនឹងក្រុមជម្រើសជាតិបែលហ្ស៊ិក នៅថ្ងៃអាទិត្យ និងដាណឺម៉ាក នៅថ្ងៃពុធ៕
ប្រភពព័ត៌មាន៖ Channel News Asia
 
                