បរទេស៖ លោក Mikel Arteta អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Arsenal សង្ឃឹម​ថា ​នឹង​អាច​ដាក់​ខ្សែ​ការ​ពារ Kieran Tierney ឲ្យ​ចូល​លេង​សម្រាប់​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League នៅ​លើ​ទឹកដីក្រុម​ Manchester City នៅ​ថ្ងៃ​សៅរ៍ ស្រប​ពេល​ដែល​ការ​ពិភាក្សា​ផ្សេង​ៗ​ជុំ​វិញ​​ការ​​ដាក់​​ឲ្យ​រូប​គេនៅ​ដាច់​ដោយ​ឡែក នៅ​តែ​បន្ត​។

Tierney រួម​ជាមួយនឹង​មិត្ត​រួម​ជាតិ​របស់​គេ Ryan Christie ត្រូវ​បាន​ណែនាំ​ឲ្យ​រក្សា​ខ្លួន​នៅ​ដាច់​ដោយឡែកពី​គេសម្រាប់​រយៈ​ពេល​១៤​ថ្ងៃ ក្រោយពី​មិត្ត​រួម​ក្រុម​​ជម្រើស​ជាតិ​ស្កុត​ឡេន Stuart Armstrong បាន​តេស្ត​ឃើញ​លទ្ធផល​ជា​វិជ្ជ​​មាន​ទៅលើ​វីរុសកូរ៉ូ​ណា ក្នុង​ពេល​បំពេញ​ការ​តព្វកិច្ច​អន្តរ​ជាតិ​​។ ទាំង Tierney និង Christie សុទ្ធ​សឹង​ទទួល​បាន​លទ្ធ​ផល​អវិជ្ជ​មាន​ដូចគ្នា​និង​បាន​បញ្ជាក់​ថា ​ពួកគេ​បាន​អនុ​វត្ត​តាម​គោល​ការណ៍​ណែ​នាំ​នៃ​ការរក្សា​គម្លាត​ក្នុង​សង្គម​រួច​រាល់​ហើយ​។ ប៉ុន្តែ អាជ្ញាធរ​សុខា​ភិបាល​ស្កុត​ឡេន បាន​កំណត់​ឃើញ​កីឡាករ​ទាំង​២ ក៏​ដូច​ជា​សមា​ជិក​២​នាក់​ផ្សេង​ទៀត​របស់​ក្រុម​ជម្រើស​ជាតិ​ស្កុត​ឡេន បាន​ប៉ះ​ពាល់​ជិត​ស្និទ្ធិ​ជាមួយនឹង Armstrong​។

Tierney បាន​អវត្ត​មាន​ក្នុង​ការ​ប្រកួត​៣លើក​របស់​ក្រុម​ជម្រើស​ជាតិ​ស្កុត​ឡេន និង​បាន​ប្រាប់​គេហ​​ទំ​ព័រ​របស់​ក្លិប Arsenal ថា រូប​គេ​ពិត​ជា​ខក​ចិត្ត និង​អស់​សង្ឃឹម ក្នុងការ​ធ្លាក់​ចូល​ក្នុង​ស្ថាន​ភាព​បែបនេះ​។ ទោះ​បី​ជា​យ៉ាង​ណា លោក Arteta គ្រូបង្វឹក​របស់ Arsenal បាន​ឲ្យដឹងថា៖ «យើង​នៅ​តែ​មាន​ការ​ពិភាក្សា​​ផ្សេង​ៗ​ជាមួយនឹង​អាជ្ញាធរ​។ នេះ​គឺ​ជា​រឿង​ដ៏​ស្មុគ​ស្មាញ នៅពេល​ដែល​​អ្នក​​កំពុង​តែ​បញ្ជូន​កីឡាករ​ទៅ​បរទេស ហើយ​ពិតណាស់ អ្នក​បាត់​បង់​​ការ​គ្រប់គ្រង​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia