បរទេស៖ គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Frank Lampard សម្តែងការព្រួយបារម្មណ៏ពីកីឡាករ Ben Chilwell បន្ទាប់ពីខ្សែការពារស្លាបឆ្វេងរូបនេះបានរងរបួសក្រោយចូល លេងបាន៣៨នាទី កំលុងការប្រកួតជាមួយ ក្រុមជម្រើសជាតិបែលហ្ស៊ិកនៅក្នុងការប្រកួតពានរង្វាន់ Nation League កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ។ជាលទ្ធផលអង់គ្លេសបរាជ័យក្នុងលទ្ធផល២ទល់និង០រកគ្រាប់បាល់បានដោយកីឡាករខ្សែបម្រើ Youri Tielemansរបស់ក្រុម Leicester City និង Dries Mertens ខ្សែប្រយុទ្ធក្លឹប Napoli។
Chilwell អតីតខ្សែការពារក្រុមកញ្ជ្រោងខៀវ Leicester City ក្រោយផ្ទេរមកកីឡាដ្ឋាន Stamford Bridge ក្នុងតម្លៃ៥០លានផោនបានចូលលេងក្នុងទម្រង់ ៣-៤-៣ សម្រាប់ក្រុមគ្រូបង្វឹកលោក Gareth Southgate និងមានបញ្ហារបួសខ្នងដោយបង្ខំចិត្តដើរចេញពីទីលានប្រកួតនៅមុនបញ្ចប់តង់ទី១។
លោក Frank Lampard និងត្រូវដឹកនាំក្រុម Chelsea សួរសុខទុក្ខជាមួយក្រុមម្ចាស់ផ្ទះសារិកាព្រៃ Newcastle នៅថ្ងៃសៅរ៏ចុងសប្តាហ៏នេះ ដូច្នេះអ្នកចាត់ការទូទៅសញ្ជាតិអង់គ្លេសរូបនេះនៅរង់ចាំយ៉ាងអន្ទៈសារដើម្បីស្តាប់ការអត្ថាធិប្បាយសន្និសិទកាសែតរបស់លោក Southgateដើម្បីចង់ដឹងពីស្ថានភាពរបួសរបស់កូនក្រុមរូបនេះជាទីបំផុត៕
ប្រភពព័ត៍មាន៖ Metro