បរទេស៖ អ្នក​ចាំ​ទី​អន្តរ​ជាតិ​បែលហ្ស៊ិក Thibaut Courtois បាន​តឿន​រំឭក​ដល់អ្នក​គាំទ្រ​របស់​ខ្លួន​កុំ​ឲ្យ​រំពឹង​ទុក​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ពីក្រុម​​ដែលមាន​ចំណាត់​ថ្នាក់លេខ​១​ក្នុង​ពិភព​លោក​របស់​ខ្លួន នៅពេលដែល​ពួកគេ​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល​ក្រុម​ជម្រើស​ជាតិ​ដា​ណឺ​ម៉ាក ក្នុងការ​ប្រកួត​ Nations League នៅ​រាត្រីនេះ​។

ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក ត្រូវ​ការ​ត្រឹម​តែ​១ពិន្ទុ​គត់ ដើម្បី​ឈ្នះ​កៅអីទៅកាន់​ជុំ​ផ្តាច់​ព្រ័ត្រ ​នៅ​ខែ​តុលា ក្រោយពី​បានផ្តួល​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ២-០ ក្នុង​ទីក្រុង Leuven កាលពី​ថ្ងៃ​អាទិត្យ ក្រោយ​ពី​ការ​បង្ហាញពី​ទម្រង់​លេ​ងយ៉ាងល្អ​​របស់​ពួកគេ​។ ប៉ុន្តែ អ្នក​ចាំ​ទី​របស់​ក្លិប Real Madrid រូបនេះ បាន​ដាស់​តឿន​ឲ្យ​ប្រុង​ប្រយ័តុ្ន​ចំពោះ​ការ​មាន​ការ​រំពឹង​ទុក​​ដ៏ខ្ពស់​សម្រាប់​ការ​ប្រកួត​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ដា​ណឺ​ម៉ាក ដែល​ត្រូវ​តែ​ដណ្តើម​​ឲ្យ​បាន​ជ័យ​ជម្នះ ប្រសិន​បើ​ពួក​គេ​ចង់​រក្សា​វត្ត​មានក្នុ​ង​ពូល​​កំពូល​។

នៅមុន​​ពេល​ការ​ប្រកួត​នៅ​ទីក្រុង Leuven ដែលមាន​ចម្ងាយ​៣០​គីឡូម៉ែត្រ​ពី​ទីក្រុង Brussels អ្នកចាំ​ទី Courtois បាន​ប្រាប់​សន្និសីទ​សារ​ព័ត៌​មានមួយ​ថា៖ «យើង​​មិន​ត្រូវ​គិតថា យើង​គ្រាន់​តែដើរ​ទៅកាន់​ទីលាន ហើយ​ឈ្នះ​នោះឡើយ​»​។ កីឡាកររូបនេះ​បាន​បន្ថែម​ថា៖ «យើង​នឹង​ត្រូវ​តែ​បង្ហាញ​ពីកម្រិត​របស់​យើង​នៅ​លើ​ទីលាន​ម្តង​ទៀត​។ នេះ​ហាក់ដូច​ជា​វគ្គ​ផ្តាច់ព្រ័ត្រ​អ៊ី​ចឹង យើង​ត្រូវ​តែ​​ធ្វើ​ឲ្យ​ការ​ប្រកួត​ស្ថិតក្នុង​ដៃ​របស់​យើង​។ ដា​ណឺ​ម៉ាក ជាក្រុម​ខ្លាំង ពួក​គេ​បាន​ផ្តួលក្រុម​អង់គ្លេស កាលពី​ខែមុន និង​មានកីឡាករ​ឆ្នើម​ៗ​ជាច្រើន​»​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia