បរទេស៖ លោក Joachim Loew គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ បានលើកទឹកចិត្តឲ្យក្រុមរបស់លោកបញ្ចេញ «កំហឹង និងការខកចិត្ត» របស់ពួកគេ ពីការរងបរាជ័យយ៉ាងអាម៉ាសក្រោមស្នាដៃក្រុមជម្រើសជាតិអេស្ប៉ាញ នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុមជម្រើសជាតិអ៊ីស្លង់ នៅរាត្រីនេះ។
ការប្រកួតជម្រុះបើកឆាកនៃយុទ្ធនាការ World Cup របស់ពួកគេ ក្នុងទីក្រុង Duisburg នឹងក្លាយជាការបង្ហាញខ្លួនជាលើកដំបូងរបស់ពួកគេ បើគិតចាប់តាំងពីក្រុមរបស់លោក Loew បានរងបរាជ័យយ៉ាងអាម៉ាសក្នុងលទ្ធផល ៦-០ នៅទីក្រុង Seville កាលពីខែវិច្ឆិកា ឆ្នាំមុន។ ក្រោយពីការរងបរាជ័យយ៉ាងខកចិត្តក្រោមស្នាដៃក្រុមជម្រើសជាតិអេស្ប៉ាញ លោក Loew រំពឹងទុកថា នឹងមានការបញ្ចេញប្រតិកម្មពីក្រុមរបស់លោក ក្រោយពីក្រុមជម្រើសជាតិអាល្លឺម៉ង់ បានរងបរាជ័យយ៉ាងធំបំផុតក្នុងរយៈពេល៨៩ឆ្នាំ។ លោក Loew បានទទួលស្គាល់ក្នុងសន្និសីទសារព័ត៌មានថា៖ «យើងទាំងអស់គ្នាបានប្រព្រឹត្តកំហុសពេលប្រកួតជាមួយនឹងអេស្ប៉ាញ។
នោះគឺជាការភ្លាត់ស្នៀតមួយ ហើយយើងបានលេងក្រោមកម្រិតស្តង់ដារទាំងស្រុង»។ លោក Loew ចង់រក្សាការជ្រើសរើសយកក្រុមខ្លាំងបំផុតនៅចន្លោះពេលនេះ និងព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ នៅខែមិថុនា ក្រោយពីនោះ លោកនឹងលាលែងពីតំណែង បន្ទាប់ពីកាន់តំណែងអស់រយៈពេល១៥ឆ្នាំ។ លោក Loew បានបន្ថែមទៀតថា៖ «ខ្ញុំគិតលែងចេញហើយថា នរណានឹងត្រូវលេង ឬត្រូវសម្រាក។ យើងអស់ពេលហើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia
 
                

