បរទេស៖ ខ្សែបម្រើ Stefano Sensi បានស៊ុតបាល់បំប៉ោងសំណាញ់ទី ក្រោយពីសម្រាកតង់ទី១ ខណៈដែលខ្សែប្រយុទ្ធ Ciro Immobile បានបន្ថែមគ្រាប់បាល់ទី២ ពីការស៊ុតបាល់ប៉េណាល់ទីនៅជិតបញ្ចប់ការប្រកួត ដើម្បីជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី រក្សាកំណត់ត្រាយ៉ាងល្អក្នុងការប្រកួតជម្រុះ World Cup របស់ពួកគេ តាមរយៈការយកឈ្នះលើក្រុមជម្រើសជាតិលីទុយអានី ២-០ កាលពីថ្ងៃពុធ។
ក្រុមម្ចាស់ជើងឯកពិភពលោក៤សម័យកាលមួយនេះ បានអវត្តមានក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨។ ប៉ុន្តែ លោកគ្រូបង្វឹក Roberto Mancini បានបន្ថែមកំណត់ត្រាមិនស្គាល់ចាញ់សោះរបស់ពួកគេរហូតដល់២៥ប្រកួត ដើម្បីតាមស្មើកំណត់ត្រារបស់លោក Marcello Lippi ដែលជាគ្រូបង្វឹកបានដឹកនាំឲ្យអ៊ីតាលី ឈ្នះពាន World Cup ឆ្នាំ២០០៦។ បច្ចុប្បន្ន គ្រូបង្វឹកទាំង២ កំពុងតែតាមពីក្រោយកំណត់ត្រារបស់លោក Vittorio Pozzo ដែលបានដឹកនាំឲ្យអ៊ីតាលី មិនស្គាល់ចាញ់សោះក្នុងការប្រកួតដល់ទៅ៣០លើកជាប់ៗគ្នា។
បច្ចុប្បន្ន ក្រុមជម្រើសជាតិអ៊ីតាលី កំពុងតែនាំមុខលើកំពូលតារាងនៃពូល C ដោយមាន៩ពិន្ទុពីការប្រកួត៣លើក ក្រោយពីបានផ្តួលក្រុមជម្រើសជាតិប៊ុលហ្គារី និងអៀរឡង់ខាងជើង ក្នុងលទ្ធផលដូចគ្នានេះ៕
ប្រភពព័ត៌មាន៖ Channel News Asia


