បរទេស៖ ទម្រង់​លេង​របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ ត្រូវ​បាន​​ចាត់​ទុក​ថា «ជា​ទម្រង់​លេង​ដ៏​អា​ម៉ាស» ក្រោយ​​ពី​ពួក​គេ​បាន​រង​បរា​ជ័យ​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup ជាលើក​ដំបូង​របស់​ពួក​គេ ក្នុង​រយៈ​ពេល​២០​ឆ្នាំ តាមរយៈ​ការ​ចាញ់​ក្រុម​ជម្រើស​ជាតិ​ម៉ា​សេដ្វាន​លើ​ទឹកដីខ្លួន​ឯង​ក្នុងលទ្ធ​ផល ២-១ ខណៈ​ដែល​លទ្ធ​ផល​នេះ កាន់​តែ​ដាក់​សម្ពាធ​លើ​លោក​គ្រូបង្វឹក Joachim Loew​។

ក្រោយ​ពី​សំឡេង​កញ្ចែ​បញ្ចប់​ការ​ប្រកួត​នៅ​ទីក្រុង Duisburg កាលពីថ្ងៃ​ពុធ លោក Loew បាន​ឲ្យដឹងថា៖ «ទំហំនៃ​​ការ​ខក​ចិត្ត​ពិត​ជា​ធំ​ណាស់​។ នេះ​គឺ​ជា​ការ​ខកចិត្តមួយ​។ យើង​បាន​ធ្វើ​ឲ្យ​មាន​កំហុស​ជាច្រើន ហើយ​យើង​មិន​បាន​រក​ឃើញ​ផ្លូវ​ក្នុងការ​​ទម្លុះ​តំបន់​​ការ​ពារ​របស់​ក្រុម​ជម្រើស​ជាតិ​ម៉ា​សេដ្វាន ឡើយ​»​។ លោក​បាន​បន្ថែមទៀត​ថា៖ «យើង​ក៏​បាន​អនុ​ញ្ញាត​ឲ្យ​ពួកគេ​​ធ្វើ​ការ​វាយ​សម្រុក​រហ័ស និង​មិន​បាន​ផ្តោត​លើ​ការ​ប្រកួត​ទាំងស្រុង​ឡើយ​»​។

ខ្សែ​បម្រើ Eljif Elmas របស់​ក្លិប Napoli បាន​រក​គ្រាប់​បាល់​ឈ្នះ​នៅ​រយៈពេល​៥​នាទី​ចុងក្រោយ ក្រោយពី​គ្រាប់បាល់​ប៉េ​ណាល់​ទី​របស់​កីឡាករ Ilkay Gundogan បាន​ជួយ​ឲ្យ​អាល្លឺ​ម៉ង់​ រក​បាន​គ្រាប់​បាល់​តាម​ស្មើ​ ក្រោយពី​​កីឡាករ Goran Pandev វ័យ​៣៧​ឆ្នាំ បាន​រក​គ្រាប់បាល់​បើកឆាក​នៅ​តង់​ទី​១​។ កា​សែត Bild បាន​ចេញផ្សាយ​នៅលើ​គេហ​ទំព័រ​របស់​ខ្លួន​ទាំង​ខឹង​សម្បារ​ថា៖ «នេះ​ពិត​ជា​រឿង​គួរ​ឲ្យ​អា​ម៉ាស​មែន​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia