បរទេស៖ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្លិបកាំភ្លើងធំ Arsenal បានទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យនាប្រទេសអង់គ្លេសបន្ទាប់ពីគាត់បានឆ្លងជំងឺគ្រុនចាញ់កំលុងពេលបំពេញកាតព្វកិច្ចអោយក្រុមជម្រើសជាតិហ្គាបុង។
ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំរូប នេះ បានរកគ្រាប់បាល់ជ័យជម្នះក្នុងលទ្ធផល ៣ទល់និង០ ពេលផ្តួលសាធារណរដ្ឋកុងហ្គោក្នុងការប្រកួតជម្រុះពានរង្វាន់ African Nation Cup កាលពីថ្ងៃទី ២៥ ខែមីនាកន្លងទៅ។ Aubameyang ក៏ទើបតែបានចូលលេងនៅក្នុងការប្រកួត Europa League វគ្គ ១/៤ ផ្តាច់ព្រ័ត្រជើងទី ១ ក្នុងនាមកីឡាករបម្រុងទល់និង Slavia Prague កាលពីថ្ងៃទី ៨ ខែមេសាប៉ុន្តែបានខកខានការប្រកួតពេលផ្តួលSheffield Utd កាល ពីថ្ងៃអាទិត្យ និង បន្តអវត្តមានពេលArsenalផ្តួលSlavia Prague ពេលប្រកួតជើងទី២កាលពីយប់ថ្ងៃព្រហស្បត្ត៏។
Aubameyang បានសរសេរលើបណ្តាញសង្គមInstagram ថា៖ «ខ្ញុំបានចំណាយពេលពីរបីថ្ងៃនៅមន្ទីរពេទ្យក្នុងសប្តាហ៍នេះហើយខ្ញុំមានអារម្មណ៍ធូរស្រាលបន្តិចម្តង២ជារៀង រាល់ថ្ងៃដោយសារវេជ្ជបណ្ឌិត បានរកឃើញនិងព្យាបាលមេរោគយ៉ាងឆាប់រហ័ស។ខ្ញុំពិតជាមិនមានអារម្មណ៍ស្រួលខ្លួននៅ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះទេប៉ុន្តែខ្ញុំនឹងរឹងមាំនៅពេលឆាប់ៗនេះ»។ ជំងឺគ្រុនចាញ់គឺជាជំងឺដែលកើតមានឡើងនៅតំបន់ត្រូពិកដែលចម្លងដោយមូសដែកគោលញីខាំ។ហើយរោគសញ្ញាជាធម្មតាលេចលេចឡើងរយៈពេល៧ ទៅ ១៨ ថ្ងៃបន្ទាប់ពីមេរោគនោះឆ្លងចូលទៅក្នុងខ្លួនមនុស្ស ប៉ុន្តែវាមិនឆ្លងពីមនុស្សទៅមនុស្សនោះទេ៕
ប្រភពព័ត៍មាន៖ BBC