បរទេស៖ លោក Julian Nagelsmann ដែល​កាល​ពីថ្ងៃ​អង្គារ​ត្រូវ​បាន​ប្រកាស​ថា នឹងក្លាយ​ជា​គ្រូបង្វឹក​បន្ទាប់​នៅក្លិប Bayern Munich នោះ បាន​សន្យា​ថា លោក​នឹង​មិន​ទាញ​យក​កីឡាករ​ឆ្នើម​ៗ​បំផុត​របស់ពួកគេ​ចេញ​ពីក្លិប​នាបច្ចុប្បន្ន​របស់​លោក RB Leipzig ឡើយ​។

គ្រូបង្វឹក​វ័យ​៣៣​ឆ្នាំ​រូបនេះ​បានប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​ថា៖ «នៅពេលនេះ RB Leipzig បានផ្តល់​ឱកាស​ដល់​ខ្ញុំ​ក្នុងការ​ចូល​រួម​ជាមួយនឹងក្លិប Bayern ហេតុនេះ ខ្ញុំ​នឹងមិន​ចាប់​ផ្តើម​ទាញ​យក​កីឡាករ​ពី​ពួកគេ​​​ឡើយ​»​។ លោក​បាន​បញ្ជាក់​ថា លោក​មិនមាន​ផែនការ​ក្នុង​ការ​យក​រថយន្ត ​ Volkswagen ដើម្បីដឹក​កីឡាករ​ឆ្នើម​ៗពី​ក្លិប​បច្ចុប្បន្ន​របស់​​លោក​ឡើយ​។ គ្រូបង្វឹក​រូបនេះ​បាន​​បញ្ជាក់​ថា​៖ «ខ្ញុំ​នឹង​មិន​ជួល​រថយន្ត​ T6 ដើម្បី​ទៅកាន់ទីក្រុង Munich និង​កីឡាករ​ម្នាក់ ឬ​២នាក់ ពីក្លិប Leipzig ដើម្បី​ទៅ​ជាមួយខ្ញុំ​ឡើយ​»។ ប៉ុន្តែ លោក Nagelsmann ក៏​នឹង​ត្រូវ​ជួប​គ្នា​ជាថ្មី​ជាមួយនឹង​កីឡាករ​ដ៏ឆ្នើម​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ឆ្នើម​ៗ​របស់ Leipzig ក្រោយ​ពី​ការ​ផ្ទេរ​របស់​ខ្សែការ​ពារ Dayot Upamecano ទៅកាន់​ក្លិប Bayern ត្រូវ​បាន​ប្រកាស​ជាផ្លូវការ​រួច​ជាស្រេច កាលពី​ខែកុម្ភៈ​។

លោក Nagelsmann នឹង​ចូល​ជំនួស​កន្លែង​របស់​លោក Hansi Flick នៅ​ក្លិប Bayern ក្រោយពី​លោក Flick បាន​ស្នើ​សុំ​ចាក​ចេញនៅ​ចុង​រដូវ​កាល​នេះ ក្រោយពី​​បែក​បាក់មិត្ត​ភាព​ជាមួយនឹង​នាយក​ផ្នែក​កីឡា​បាល់​ទាត់​លោក Hasan Salihamidzic ជុំ​វិញ​​ការ​ដោះដូរ​កីឡាករ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia